ជាតិ
រដ្ឋាភិបាល កំណត់​ចំនួន​ភ្ញៀវ​អង្គុយ​ត្រឹម​៥​នាក់ ក្នុង​មួយ​តុ នៅក្នុង​ពិធីមង្គលការ​
26, Jan 2021 , 10:29 pm        
រូបភាព
​ភ្នំពេញ​៖ ប្រមុខ​រដ្ឋាភិបាល តាមរយៈ​ក្រសួងសុខាភិបាល បានកំណត់​ចំនួន​ភ្ញៀវ​ពី​១០​នាក់ មក​ត្រឹម​៥​នាក់​ក្នុង​មួយ​តុ​វិញ នៅក្នុង​ពិធី​អាពាហ៍ពិពាហ៍ ដើម្បី​រក្សា​គម្លាត​សុវត្ថិភាព​សង្គម​។ នេះ​បើតាម​សេចក្តីជូនដំណឹង​ក្រសួងសុខាភិបាល​។​


​មុន​ដាក់ចេញ​វិធានការ​នេះ រដ្ឋាភិបាល បាន​សង្កេតឃើញថា ការអនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល នៅមានកម្រិត​នៅឡើយ ជាពិសេស​ក្នុង​ពិធីបុណ្យ អាពាហ៍ពិពាហ៍ និង​ពិធី​ផ្សេងៗ​។ រដ្ឋាភិបាល បារម្ភ​ថា ការជួប​ក្នុង​កម្មវិធី​ទាំងនេះ ជា​ហានិភ័យ​ធំធេង ដែល​អាច​បង្កឱ្យមាន​កា​រ​ចម្លងជំងឺ​កូ​វីដ​-១៩ ពី​បុគ្គល​ម្នាក់​ទៅ​ម្នាក់ទៀត ក្នុង​ក្រុមគ្រួសារ និង​សហគមន៍​។​
​ដើម្បី​ពង្រឹង​ការអនុវត្ត​វិធានការ​នេះ ឱ្យមាន​ប្រសិទ្ធភាព ប្រមុខ​រដ្ឋាភិបាល បានសម្រេច​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន ចុះ​ណែនាំ​ពលរដ្ឋ​ពី​ការណែនាំ​របស់​ក្រសួងសុខាភិបាល មុននឹង​អនុញ្ញាតឱ្យ​រៀបចំ​កម្មវិធី​បុណ្យ នុង​កម្មវិធី​ផ្សេងៗ​។​
 
​បើតាម​រដ្ឋាភិបាល ម្ចាស់​កម្មវិធី ត្រូវ​បំពាក់​ម៉ាស៊ីន​វាស់​កំដៅ​ស្វ័យប្រវត្តិ ឬ​ទែ​ម៉ូ​ម៉ែត្រ​វាស់​កំដៅ​ដោយ​ដៃ ដាក់​អាល់កុល ឬ​ជែ​ល​លាងដៃ នៅក្នុង​គ្រប​ច្រកចូល និង​ទីតាំង​ប្រតិបត្តិការ​របស់ខ្លួន ។ ជាពិសេស​ត្រូវ​លាងដៃ​ឱ្យ​ញឹកញាប់ បន្ទាប់ពី​ប៉ះពាល់​វត្ថុ​ផ្សេងៗ ក្រោយពេល​ចូល​បន្ទប់ទឹក និង​មុន​បរិភោគ​អាហារ​។​
 
​មិនតែប៉ុណ្ណោះ​ម្ចាស់​កម្មវិធី ត្រូវ​រៀបចំ​ទីតាំង​ឈរ ឬ​អង្គុយ​សម្រាប់​ភ្ញៀវ និង​អ្នកបម្រើ​សេវាកម្ម​ក្នុង​ពិធី ដោយមាន​គម្លាត​សុវត្ថិភាព​បុគ្គល ឱ្យបាន​យ៉ាងតិច​១,៥​ម៉ែត្រ​ឡើងទៅ​។ ចំណែក​តុ​សម្រាប់​ភ្ញៀវ​អង្គុយ ត្រូវ​កាត់បន្ថយ​ពី​មនុស្ស​១០​នាក់ មក​កំណត់​ត្រឹម​មនុស្ស​៥​នាក់ ក្នុង​មួយ​តុ​ប៉ុណ្ណោះ​។ ជាពិសេស​ធ្វើ​បដិសណ្ឋារកិច្ច ដោយ​លើកដៃ​សំពះ ហើយ​ចៀសវាង​ការ​ចាប់ដៃ ឬ​ឱប​គ្នា រួមទាំង​ដាក់​សញ្ញា​ណែនាំ​ពាក់​ម៉ាស់ និង​រក្សា​អនាម័យ​ដៃ​ស្អាត​ជាដើម​។ នេះ​បើតាម​រដ្ឋាភិបាល​។​
 
​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈ​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បានចេញ​សេចក្តីជូនដំណឹង​ដូច្នេះ​ថា​៖«​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ ត្រូវ​ចាត់​កម្លាំង​សមត្ថកិច្ច​ធ្វើការ​តាមដាន និង​ណែនាំ​ដល់​ម្ចាស់​កម្មវិធី​បុណ្យ​ផ្សេងៗ កម្មវិធី​អាពាហ៍ពិពាហ៍ និង​ភ្ញៀវ​ចូលរួម​បន្ថែមទៀត​ក្នុងពេល​ពិធី ដើម្បី​ធានា​ការអនុវត្ត​វិធានការ​សុខាភិបាល ក្នុងពេល​រៀបចំ​កម្មវិធី​សង្គម​នានា​ឱ្យបាន​ម៉ឹងម៉ាត់​ជាទីបំផុត​»​។​
 
​កន្លងមក​រដ្ឋាភិបាល បាន​បន្ធូរបន្ថយ​វិធានការ​ខ្លះ ដោយ​តម្រូវឱ្យ​សាលារៀន​បើក​ដំណើរការ កម្មវិធី​សង្គម​បែប​ប្រពៃណី និង​សាសនា ដោយ​តម្រូវឱ្យ​គោរព​តាម​វិធានការ​ក្រសួង​។ គិត​ត្រឹម​ថ្ងៃទី ២៦ មករា កម្ពុជា  រកឃើញ​ករណី​វិជ្ជមាន​កូ​វីដ​-១៩​ចំនួន​៤៦០​ករណី ក្នុងនោះ សះស្បើយ ៤១២​នាក់ ហើយ​មាន​អ្នកជំងឺ​ចំនួន ៤៨​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​៕
 
 

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com