អន្តរជាតិ
អាហ្វ្រិក​ខាងត្បូង​ប្រាប់​ឲ្យ​ប្រទេស​អ្នកមាន​ឱ្យ​ឈប់​ប្រមូល​វ៉ាក់សាំង​កូ​វីដ​-១៩ ស្តុក​ទុក​
26, Jan 2021 , 5:59 pm        
រូបភាព
​ដោយ ឈួន ឈី​វ​អ៊ីង​

​ប្រធានាធិបតី​អាហ្វ្រិក​ខាងត្បូង​លោក Cyril Ramaphosa នៅ​ថ្ងៃទី​២៦ មករា បានស្នើ​ឲ្យ ប្រទេស​អ្នកមាន​បញ្ឈប់​ការប្រមូល​វ៉ាក់សាំង​កូ​វីដ​-១៩ ទៅ​ស្តុក​ទុក​លើសពី​តម្រូវការ ខណៈ​ប្រទេស​ជាច្រើន​សុទ្ធតែ​ត្រូវការ​វា​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ការរីក​រាលដាល​នៃ​កូ​វីដ​-១៩​នេះ​។


​បណ្តា​ប្រទេស​មាន​ធនធាន​ជាច្រើន​បន្ត​នាំគ្នា​ទិញ​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ខណៈដែល​ប្រទេស​ក្រីក្រ​ជាច្រើន​ដែល​ទាន់​មានលទ្ធភាព​ទិញ​នៅឡើយ ពិសេស​ប្រទេស​នៅ​ទ្វីបអាហ្វ្រិក​។ 
​ជាក់ស្តែង បណ្តា​ប្រជាជាតិ​ទូទាំង​ទ្វីបអាហ្វ្រិក គឺ​កំពុងតែ​ព្យាយាម​ទាំង​លំបាកលំបិន​ដើម្បី​ធានាឱ្យមាន​វ៉ាក់សាំង​គ្រប់គ្រាន់ ក្នុងការ​ចាប់ផ្តើម​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ជូន​ប្រជា​ពល​របស់គេ​ប្រមាណ ១.៣​ពាន់​លាន​នាក់​។ 
 
​មូលហេតុ​នេះហើយ ប្រធានាធិបតី​អាហ្វ្រិក​ខាងត្បូង​លោក Cyril Ramaphosa បាន​ចេញមុខ​អំពាវនាវ​ឲ្យ​បណ្តា​ប្រទេស​ទាំងនោះ​ពិចារណា​ប្តូរផ្លាស់​ឥរិយាបថ ដើម្បី​ធានាថា វ៉ាក់សាំង​ទាំងនេះ​នឹង​ត្រូវបាន​ចែកចាយ​ទៅ​ប្រទេស​ក្រីក្រ​ដែល​ត្រូវការ​ដែរនោះ​។ 
 
«​ពួកយើង​ត្រូវ​ការឱ្យ​បណ្តា​ប្រទេស​អ្នកមាន​ដែល​បាន​ប្រមូល​វ៉ាក់សាំង​ទៅ​ស្តុក​ទុក បញ្ចេញ​វ៉ាក់សាំង​មកវិញ​ខ្លះ​ដើម្បីឱ្យ​ប្រទេស​ផ្សេងទៀត​ទទួលបាន​ផង​»​។ នេះ​ជាការ​លើកឡើង​របស់​ប្រធានាធិបតី​អាហ្វ្រិក​ខាងត្បូង​ក្នុង​កិច្ចប្រជុំ​សេដ្ឋកិច្ច​ពិភព​ថ្ងៃ ២៦ ខែមករា​។​
 
​មេដឹកនាំ​រូបនេះ​បាន​បន្ថែមទៀតថា បណ្តា​ប្រទេស​អ្នកមាន​ទទួលបាន​បញ្ជា​ទិញ​វ៉ាក់សាំង​យ៉ាងច្រើន​ដូ​ស ខណៈ​ប្រទេស​ខ្លះ​នោះ​ទទួលបាន​ច្រើនជាង​៤​ដង​នៃ​ចំនួន​ប្រជាជន​ដែល​ត្រូវការ​ទៅទៀត​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។​
 
​លោក Ramaphosa ដែល​បច្ចុប្បន្ន​ក៏​ជា​ប្រធាន​សហភាព​អាហ្វ្រិក​ដែរនោះ ចង់ឱ្យ​ប្រទេស​ក្នុង​ទ្វីបអាហ្វ្រិក ទទួលបាន​វ៉ាក់សាំង​លឿន​ដូច​បណ្តា​ប្រទេស​ដទៃ​ដែរ​។ 
​គិត​មក​ត្រឹម​ថ្ងៃទី​២៦ មករា​នេះ អាហ្វ្រិក​ខាងត្បូង​មាន​ករណី​វិជ្ជមាន​សរុប ១,៤១៧,៥៣៧ ករណី និង​មាន​អ្នកស្លាប់ ៤១,១១៧​នាក់ ខណៈ​មាន​ករណី​ជាសះស្បើយ​ចំនួន ១,២៤១,៤២១​ករណី​មកហើយ​៕

Tag:
 អាហ្វ្រិក​ខាងត្បូង​
  Cyril Ramaphosa
© រក្សាសិទ្ធិដោយ thmeythmey.com