ជាតិ
ស្ថានទូត​ជួយ​ពលករ​ខ្មែរ​៦​នាក់ និង​ទារិកា​ម្នាក់ នៅ​ម៉ាឡេស៊ី ឲ្យ​ត្រឡប់មក​កម្ពុជា​វិញ​
27, Jan 2021 , 4:06 pm        
រូបភាព
ពលករខ្មែរទាំង៦នាក់ ដែលត្រៀមត្រឡប់មកកម្ពុជា។ (រូបពី៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី)
ពលករខ្មែរទាំង៦នាក់ ដែលត្រៀមត្រឡប់មកកម្ពុជា។ (រូបពី៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី)
​ភ្នំពេញ​៖ ពលករ​ខ្មែរ​៦​នាក់ និង​ទារិកា​ម្នាក់ ដែល​នៅ​ម៉ាឡេស៊ី នឹង​មកដល់​កម្ពុជា​នៅ​ល្ងាច​ថ្ងៃទី​២៧ មករា​នេះ ក្រោម​ការសម្របសម្រួល​ពី​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក កុយ គួ​ង អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​។​



​លោក កុយ គួ​ង បាន​បញ្ជាក់ថា ពលករ​ទាំង​៦​នាក់​នេះ ត្រូវបាន​អាជ្ញាធរ​ម៉ាឡេស៊ី​ឃាត់ខ្លួន ដោយសារ​ឆ្លងដែន​ខុសច្បាប់​។ ជាមួយគ្នា​ដែរ ស្ថានទូត​កម្ពុជា​ប្រចាំ​ម៉ាឡេស៊ី​ក៏បាន​ជួយ​សម្រប​ស្រួល ហើយ​បញ្ជូន​ត្រឡប់មក​កម្ពុជា​វិញ​។ 
 
​អ្នកនាំពាក្យ​ក្រសួងការបរទេស​រូប​នេះ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ​នៅ​ថ្ងៃទី​២៧​មករា​ថា ៖«​ពួកគាត់​ត្រូវ​អាជ្ញាធរ​ម៉ាឡេស៊ី​ពិនិត្យ ហើយ​ស្ថានទូត​យើង​នៅ​ទីនោះ ក៏​ជួយ​រៀបចំ​ឯកសាក ហើយក៏​ជូនទៅ​ធ្វើ​តេ​ត្ត​កូ​វីដ​-១៩ ហើយ​រៀប​បញ្ជូនមក​កម្ពុជា​វិញ​»​។ 
 
​លោក​ថា ពលករ​ទាំង​៦​នាក់ និង​ទារិកា​១​នាក់ នឹង​មកដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​នៅ​ល្ងាច​ថ្ងៃនេះ​។ 
 
​កាលពី​សប្ដាហ៍​មុន ក៏មាន​ពលករ​ខ្មែរ​នៅ​ម៉ាឡេស៊ី​ខុសច្បាប់​១៨​នាក់​ដែរ បាន​ត្រឡប់ទៅផ្ទះ​វិញ ក្រោម​ការសម្របសម្រួល​ពី​ស្ថានទូត​កម្ពុជា​ប្រចាំ​ម៉ាឡេស៊ី​៕ 
 

Tag:
 ពលករ​
  ម៉ាឡេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com