ពីនេះ ពីនោះ
សុខភាព
ប្រយ័ត្ន​! អាហារ​ខ្លះ​មិន​ផ្ដល់​ផល​ល្អ​ដូច​ការគិត​ទេ កុំ​ញ៊ាំ​ច្រើនពេក​
29, Jan 2021 , 6:59 am        
រូបភាព
​ពិតណាស់​ការទទួល​ទាន​អាហារ​សុខភាព​ល្អ គឺ​គន្លឹះ​ចាំបាច់​បំផុត​មួយ​ដើម្បី​រក្សាបាន​នូវ​សុខភាព​ប្រសើរ​។ ហើយ​ភាគច្រើន​នៃ​ពួកយើង​បានដឹង​អំពី​ប្រភេទ​នៃ​អាហារ​សុខភាព​ល្អ ប៉ុន្តែ​ប្រហែលជា​មិន​ចាប់អារម្មណ៍​ទេ​ថា​វា​អាច​បង្ក​ប៉ះពាល់​មួយចំនួន​។ ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​អាហារ​សុខភាព​ល្អ​មួយចំនួន​ដែល​តាមពិតទៅ​អាច​ជះឥទ្ធិពល​អវិជ្ជមាន ៖

 
១. ទឹកក្រូច​ឆ្មារ​
 
​ទឹកក្រូច​ឆ្មារ​អាច​បង្ក​អាកា​រៈ​ច្រាល​ទឹក​អាស៊ីត​ក្រពះ ឬ​ធ្វើឱ្យ​ស្ថានភាព​នៃ​អាកា​រៈ​កាន់តែ​អាក្រក់​ឡើង​សម្រាប់​អ្នក​ដែល​កំពុង​ជួយ​ប្រទះ​បញ្ហា​នេះ​ស្រាប់ (​ពិសេស​កំឡុង​ពេលមុន​ចូល​គេង​)​។ នេះ​ក៏​ព្រោះតែ​ភេសជ្ជៈ​នេះ​នៅតែមាន​ផ្ទុក​ជាតិ​អាស៊ីត​ទោះបី​មិន​ខ្ពស់ ដូច្នេះហើយ​ទើប​វា​អាច​បណ្ដាលឱ្យ​កើតមាន​បញ្ហា​ច្រាល​ទឹក​អាស៊ីត​ក្រពះ ឬ​ក្រហាយ​ទ្រូង​ប្រសិនបើ​ទទួលទាន​ច្រើន​។ ភេសជ្ជៈ​មាន​ផ្ទុក​ជាតិ​អាស៊ីត​ដូច​ទឹកក្រូច​ឆ្មារ​ក៏​អាច​បង្ក​ផលប៉ះពាល់​ដល់​កាចា​ធ្មេញ​ផងដែរ​។ វេជ្ជបណ្ឌិត​ណែនាំ​ឱ្យប្រើ​ប្រាស់​ទុយោរ​នៅពេល​ទទួលទាន​និង​កុំ​ភ្លេច​ខ្ពុរ​សម្អាត​ក្នុង​មាត់​ជាមួយ​ទឹក​ធម្មតា​តាម​ក្រោយ​ផង​។​
 
២. តែ​
 
​ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​ដឹងថា​កាហ្វេ​ខ្មៅ​អាច​បង្ក​ស្នាម​ប្រឡាក់​ជាប់​ធ្មេញ ប៉ុន្តែ​តែ​ក៏​អាច​ជះ​ផលប៉ះពាល់​នេះ​ដូចគ្នា​តាមរយៈ​សារធាតុ tannin ដែល​វា​មាន​ផ្ទុក​។ ដើម្បី​ជាការ​ប្រសើរ​ចូរ​ទទួលទាន​ទឹក​ធម្មតា​មួយ​កែវ​ក្រោយពេល​ទទួលទាន​តែ​ដើម្បី​កាត់បន្ថយ​ស្នាម​ប្រឡាក់​។​
 
៣. ភេសជ្ជៈ​គ្មាន​ជាតិ​ស្ករ ឬ​ផ្ទុក​ជាតិ​ផ្អែម​សិប្បនិម្មិត​
 
​ប្រសិនបើ​អ្នក​គិតថា​ភេសជ្ជៈ​គ្មាន​ជាតិ​ស្ករ​ដែល​ផ្ទុក​ជាតិ​ផ្អែម​សិប្បនិម្មិត​មិនអាច​ជះឥទ្ធិពល​អ្វី​លើ​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​នោះ​ចូរ​គិត​ម្ដងទៀត​! តាមពិតទៅ​ជាតិ​ផ្អែម​សិប្បនិម្មិត​អាច​បង្កើន​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​គួរឱ្យកត់សម្គាល់​។ នោះ​ក៏​ព្រោះតែ​ជាតិ​ផ្អែម​សិប្បនិម្មិត​ជះឥទ្ធិពល​លើ​សុខភាព​ពោះវៀន​ដែល​នឹង​បង្ក​ផលប៉ះពាល់​ដល់​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​។​
 
៤. ផ្លែឈើ​ក្រៀម​
 
​ការជំនួស​ស្ករ​គ្រាប់​ដោយ​ទទួលទាន​ផ្លែឈើ​ក្រៀម​វិញ​មិនមែនជា​គំនិត​ដ៏​ល្អ​ឡើយ​! នេះ​ក៏​ព្រោះតែ​វា​អាច​បង្ក​គ្រោះថ្នាក់​គួរឱ្យ​ព្រួយបារម្ភ​ដល់​សុខភាព​ធ្មេញ​។ ផ្លែឈើ​ក្រៀម​និង​ដំណាំ​ផ្លែឈើ​ភាគច្រើន​មាន​ផ្ទុក​ជាតិ​ពណ៌​បន្ថែម​ដែល​មិនល្អ​សោះឡើយ​ចំពោះ​ធ្មេញ​។ ម្យ៉ាងវិញទៀត​ផ្លែឈើ​ក្រៀម​អាច​បន្ថយ​ការបញ្ចេញ​ទឹកមាត់​។ ខណៈដែល​ទឹកមាត់​ជួយ​ប្រឆាំង​រាល់​បាក់តេរី នោះ​ការថយចុះ​នូវ​បរិមាណ​ទឹកមាត់​នឹង​បង្ក​ជា​បញ្ហា​មាត់​ធ្មេញ​ផ្សេងៗ​។​
 
៥. អាហារ​មាន​ផ្ទុក​កាឡូរី​ទាប​
 
​ប្រសិនបើ​អ្នកជា​ទូទៅ​ទទួលទាន​កាឡូរី​ទាប​ជាង​តម្រូវការ​នៃ​រាងកាយ នោះ​វា​អាច​ពន្យឺត​ដល់​ដំណើរការ​នៃ​ការដុត​រំលាយ​អាហារ​ក្នុង​រាងកាយ​។ នេះ​ក៏​ព្រោះតែ​របប​អាហារ​ដែលមាន​កា​ឡូរ​ទាប​តែងមាន​ផ្ទុក​ប្រូតេអ៊ីន​ទាប​ដែល​ជះឥទ្ធិពល​ដល់​ជាលិកា​សាច់ដុំ​។ ជំនួស​ឱ្យ​ការ​បន្តឹង​លើ​បរិមាណ​នៃ​កាឡូរី អ្នក​ចាំបាច់​គួរ​ទទួលទាន​ប្រូតេអ៊ីន​ឱ្យបាន​គ្រប់គ្រាន់ និង​កុំ​ភ្លេច​ធ្វើ​លំ​ហាត់ប្រាណ​ជាប្រចាំ​។​
 
៦. អាហារ​មាន​ផ្ទុក​កាបូ​អ៊ី​ដ្រា​ត​ទាប​
 
​អ្នកជំនាញ​ផ្នែក​សុខភាព​បាន​ណែនាំ​ឱ្យ​ចៀសវាង​របប​អាហារ​ដែលមាន​ផ្ទុក​កាបូ​អ៊ី​ដ្រា​ត​ទាប​។ ទោះបី​ការកាត់បន្ថយ​អាហារ​សម្បូរ​កាបូ​អ៊ី​ដ្រា​ត​អាចជួយ​ឱ្យ​ស្រក​ទម្ងន់​បាន​យ៉ាង​ឆាប់រហ័ស ប៉ុន្តែ​កង្វះ​កាបូ​អ៊ី​ដ្រា​ត​ក្នុង​រាងកាយ​រយៈពេល​យូរ​អាច​បង្ក​ជា​ជំងឺ​ស​សៃ​ឈាម​បេះដូង​។​
 
៧. ទឹក​ផ្លែឈើ​
 
​ធ្លាប់​ដឹង​ទេ​ថា​ទឹក​ផ្លែឈើ​ដែល​ដាក់លក់​លើ​ទីផ្សារ​ភាគច្រើន​មាន​ផ្ទុក​ជាតិ​ស្ករ​ខ្ពស់​ដូច​ក្រូច​កំប៉ុង​ដែរ​? លើសពីនេះទៅទៀត​ទឹក​ផ្លែឈើ​កំប៉ុង ឬ​ដប​គ្មាន​ផ្ទុក​វីតាមីន​និង​កាឡូរី​គ្រប់គ្រាន់​ដែល​ផ្ដល់​ថាមពល ក៏ដូចជា​អត្ថប្រយោជន៍​ចំពោះ​សុខភាព​ឡើយ​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ ចូរ​ជ្រើស​ទទួលទាន​ផ្លែឈើ​ស្រស់​ជាប្រចាំ​ជំនួស​វិញ​។ ប៉ុន្តែ​ប្រសិនបើ​អ្នក​ចូលចិត្ត​ទទួលទាន​ទឹក​ផ្លែឈើ​ស្រស់ ចូរ​ធ្វើ​ខ្លួនឯង​នៅផ្ទះ​! ទោះជា​យ៉ាងណា​មិនត្រូវ​ទទួលទាន​ច្រើនពេក​ឡើយ ក៏​ព្រោះ​វា​នៅតែមាន​ផ្ទុក​ជាតិ​ស្ករ​ខ្ពស់ជាង​ការ​ទទួលទាន​ផ្លែឈើ​ធម្មតា​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com