កីឡាជាតិ
ជាតិ
លោក ស សុខា ជំរុញ​ឲ្យ​ថ្នាក់ដឹកនាំ​កីឡា​ធ្វើការ​ងារ​ឲ្យ​ចំ​ទិសដៅ និង​ជៀសវាង​រំលោភបំពាន​ការងារ​
29, Jan 2021 , 5:59 pm        
រូបភាព
លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា, រូបពីអគ្គនាយកដ្ឋានកីឡា
លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា, រូបពីអគ្គនាយកដ្ឋានកីឡា
ដោយ:
​លោក ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា ដាស់តឿន​មន្ត្រីក្រោមឱវាទ ឲ្យ​ខិតខំ​ធ្វើ​ការងារ និង​អនុវត្ត​តួនាទី​ឲ្យ​បាន​ត្រឹមត្រូវ​។ ជាពិសេស ត្រូវ​ហ៊ាន​ដាក់ពិន័យ​មន្ត្រី​អសកម្ម​ការងារ​។ ការជំរុញ​នេះ ធ្វើឡើង​ក្នុង​ពិធី​ប្រកាស​ចូលកាន់​ភារកិច្ច​ម​ន្ត្រី​គ្រប់គ្រង​អង្គភាព​នានា​ក្រោម​ឱវាទ​អគ្គនាយកដ្ឋាន​កីឡា​។ 

 
​រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន​និង​កីឡា លោក ស សុខា បានដាក់​ចេញ​គោលការណ៍​មួយចំនួន ដើម្បី​ដាស់​ស្មារតី​មន្ត្រីក្រោមឱវាទ ក៏ដូចជា​បង្កើន​ប្រសិទ្ធភាព​ការងារ​នៅក្នុង​អគ្គនាយកដ្ឋាន​កីឡា នាយកដ្ឋាន​កីឡា និង​មជ្ឈមណ្ឌល​កីឡា ដែល​ទើប​បង្កើត​ថ្មី​។ ជាពិសេស​ជំរុញ​ឲ្យ​មន្ត្រី​ទាំងនោះ​អនុវត្តន៍​ការងារ​ឲ្យ​បាន​ត្រឹមត្រូវ និង​ប្រកបដោយ​ប្រសិទ្ធិភាព​។ 
 
​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​អគ្គនាយកដ្ឋាន​កីឡា​បាន​ស្រង់​ប្រសាសន៍​របស់លោក ស សុខា មក​សរសេរថា​៖«​ឯកឧត្តម​រដ្ឋលេខាធិកា​រ បានដាក់​ចេញ​អនុសាសន៍​៥​ចំណុច ជា​ត្រីវិស័យ​ដល់​អង្គភាព​ថ្មី​ទាំងពីរ ក៏ដូចជា​អគ្គភាព​នានា​ក្រោម​ឱវាទ​អគ្គនាយកដ្ឋាន​កីឡា ត្រូវខិតខំ​គ្រប់គ្រង​ធនធានមនុស្ស​ក្នុង​អង្គភាព​ឲ្យ​មាន​ប្រសិទ្ធិភាព ចំ​ទិសដៅ ជៀសវាង​រំលោភបំពាន​ដែន​សមត្ថ​កិច្ចការងារ​»​។​
 
​បន្ថែម​លើ​នេះ លោក ទទូច​ឲ្យ​ប្រធាន​អង្គភាព​ទាំងនោះ ត្រូវ​ចេះ​លើកទឹកចិត្ត​មន្ត្រី​ក្រោមបង្គាប់ ដែល​ខិតខំ និង​សកម្ម​នឹង​ការងារ និង​ហ៊ាន​ដាក់ពិន័យ​មន្ត្រី ដែល​អសកម្ម​ការងារ​។  
 


 លោក ដួង មាសចំរើន ត្រូវបានតែងតាំងឲ្យធ្វើជាអគ្គនាយករងនៃអគ្គនាយដ្ឋានកីឡា

​ក្រសួង​អប់រំ យុវជន និង​កីឡា​កាលពី​ថ្ងៃទី​២៨ ខែមករា បានរៀបចំ​កម្មវិធី​ប្រកាស​ចូលកាន់​តួនាទី​របស់​មន្ត្រី​អគ្គនាយកដ្ឋាន​កីឡា នាយកដ្ឋាន​កីឡា និង​មជ្ឈមណ្ឌល​កីឡា​ចម្រុះ​ឲ្យ​អគ្គនាយកដ្ឋាន​កីឡា ដែល​បាន​ផ្លាស់ប្តូរ​តួនាទី និង​ទើប​តែងតាំង​ថ្មី​។ ក្នុងនោះ​លោក ដួង មាស​ចំរើន ត្រូវបាន​ដំឡើង​តួនាទី​ពី​ប្រធាន​នាយកដ្ឋាន​អប់រំ​កាយ និង​កីឡា​សិស្ស និស្សិត ទៅជា​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​កីឡា​។ 
 


 
​លោក បឹង គឹម​តោ ត្រូវបានតែងតាំង​ឲ្យ​ធ្វើ​ប្រធាន​នាយកដ្ឋាន​អប់រំ​កាយ និង​កីឡា​សិស្ស និស្សិត ជំនួស​លោក ដួង មាស​ចំរើន រីឯ​លោក ឯម តារា កាន់​តួនាទី​ជា​អនុប្រធាន​។ 
 
​រូប​ទី​៣
 
​ចំណែក​លោក ហួត សេង​ទ្រី ត្រូវបានតែងតាំង​ឲ្យ​ធ្វើជា​ប្រធាន​នាយកដ្ឋាន​រៀបចំ​និង​គ្រប់គ្រង​ព្រឹត្តិការណ៍​កីឡា ដែលមាន​កញ្ញា កែវ មនោ​រម្យ​, កញ្ញា គីន សំណាង និង​លោក ប៊ូ វិ​រៈ ជា​អនុប្រធាន​។ រីឯ​លោក ហ៊ុន បូរី​, លោក សាំង សុភ័គ និង​លោក កៅ មករា ជា​ប្រធានការិយាល័យ​។ 
 

លោក ហួត សេងទ្រី ត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡា

​ដោយឡែក​លោក វ៉ា វណ្ណៈ ត្រូវបានតែងតាំង​ឲ្យ​ធ្វើជា​ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ព័ត៌មានវិទ្យា និង​ស្ថិតិ​កីឡា ដែលមាន​អនុប្រធាន​រូប​រួមមាន​លោក ធិ​ន វិចិត្រ​, លោក សៅ ស​កុ​ណា និង​លោក អ៊ឹង វិ​រៈ​។ ចំណែក​លោក គង់ វត្ថា​, លោក ជុំ សំអុល និង​លោក ឈន់ អេង​លី ជា​ប្រធានការិយាល័យ​។ 
 
​គួរ​បញ្ជាក់ថា នាយកដ្ឋាន​រៀបចំ និង​គ្រប់គ្រង​ព្រឹត្តិការណ៍​កីឡា និង​មជ្ឈមណ្ឌល​ជាតិ​ព័ត៌មានវិទ្យា និង​ស្ថិតិ​កីឡា ជា​អង្គ​ចំណុះ​ឲ្យ​អគ្គនាយកដ្ឋាន​កីឡា ដែល​ក្រសួង​អប់រំ យុវជន និង​កីឡា​ទើប​បង្កើតឡើង​ថ្មី ដើម្បី​ជួយ​សម្រួល​ការងារ​។ លោក ស សុខា បាន​បញ្ជាក់ថា ការបង្កើត​អង្គភាព​ថ្មី​ទាំងពីរ​នេះ គឺ​ដើម្បី​រួមចំណែក​បង្កើន​ការអភិវឌ្ឍ​វិស័យ​កីឡា​នៅ​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន​៕   
 


លោក វ៉ា វណ្ណៈ ត្រូវបានតែងតាំងជាប្រធានមជ្ឈមណ្ឌលជាតិព័ត៌មានវិទ្យា និងស្ថិតិកីឡា

Tag:
 ស សុខា​
  ក្រសួង​អប់រំ​យុវជន និង​កីឡា​
  អគ្គនាយកដ្ឋាន​កីឡា
© រក្សាសិទ្ធិដោយ thmeythmey.com