អន្តរជាតិ
យោធា​មី​យ៉ាន់​ម៉ា​ប្រុង​ធ្វើ​រដ្ឋប្រហារ​ជាថ្មី​?
29, Jan 2021 , 6:39 pm        
រូបភាព
ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា អ៊ុងសាន ស៊ូជី និងប្រមុខកងទ័ព ឧត្តមសេនីយ៍ មីន អ៊ុងឡាំង ។ រូបថត AFP
ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា អ៊ុងសាន ស៊ូជី និងប្រមុខកងទ័ព ឧត្តមសេនីយ៍ មីន អ៊ុងឡាំង ។ រូបថត AFP
ដោយ:
​រថពាសដែក​ចំនួន ២​គ្រឿង បង្ហាញខ្លួន​កណ្តាល​ក្រុង​យ៉ាំង​ហ្គូ​ន ខណៈ​យុទ្ធោបករណ៍ ផ្សេងទៀត​ក៏មាន​វត្តមាន​នៅតាមរ​ដ្ឋ​មួយចំនួនទៀត​ដែរ  ក្រោយពី​អ្នកនាំពាក្យ​យោធា​មិន​ច្រានចោល​លទ្ធភាព​នៃ​ការធ្វើ​រដ្ឋប្រហារ ដោយ​មិន​ពេញ​ចិត្តនឹង​ការដោះស្រាយ​ជម្លោះ​លទ្ធផល​បោះឆ្នោត​។ ភាព​តានតឹង​ផ្នែក​នយោបាយ​រវាង​ក្រុម​យោធា និង​រដ្ឋាភិបាល​ស៊ីវិល​មី​យ៉ាន់​ម៉ា ក៏បង្ក​នាំ​ឲ្យ​អ្នកសង្កេតការណ៍ និង​ការទូត​បង្ហាញ​ពី​បារម្ភ​ជុំវិញ​លទ្ធភាព​នៃ​រដ្ឋប្រហា​យោធា​ជាថ្មី​ដែរ​។​


​វិវាទ​លើ​លទ្ធផល​បោះឆ្នោត​កំពុង​បង្ក​ឲ្យ​មាន​ភាព​ជ្រួលច្របល់​នយោបាយ​ជាថ្មី​នៅ​មី​យ៉ាន់​ម៉ា​។ ចំណែក​ការ​សម្ញែង​សព្វាវុធ​មាន​ទាំង​រថពាសដែក​របស់​ក្រុម​យោធា​នា​នៅ​ទីប្រជុំជន​ថ្ងៃ​សុក្រ ទី​២៩ មករា​នេះ កំពុង​បង្ហាញ​ឲ្យ​ឃើញ​កាន់តែច្បាស់​ពី លទ្ធភាព​នៃ​ការរៀបចំ​រដ្ឋប្រហារ​រ​បស់​ក្រុម​យោធា​ជាថ្មី​ផងដែរ​។​
 
​តាមពិតទៅ បញ្ហា​ប្រឈមមុខគ្នា​នយោបាយ​ផ្តើមចេញពី​ជម្លោះ​លើ​លទ្ធផល​បោះឆ្នោត​សភា​មី​យ៉ាន់​មា​នា​ថ្ងៃទី​៨ វិច្ឆិកា ដែល​បាន​បង្ហាញថា បក្សសម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ (NLD)​របស់លោក​ស្រី​ស៊ូ​ជី​ទទួលបាន​អាសនៈ​ចំនួន​៣៩៦ ក្នុងចំណោម​អាសនៈ​ចំនួន​៤១២​។ 
 
​គណបក្ស​សាមគ្គី និង​អភិវឌ្ឍន៍​សហភាព (USDP) ដែលជា​បក្សប្រឆាំង​ដ៏​ធំជាងគេ និង​គាំទ្រ​ដោយ​យោធា​ឯណោះ​វិញ បានទទួល​បានត្រឹមតែ​៣៣​អាសនៈ​តែប៉ុណ្ណោះ​។ រីឯ​អាសនៈ​សភា​ចំនួន​២២​ទៀត មិន​ស្ថិត​ជា​កម្មវត្ថុ​នៃ​ការប្រកួតប្រជែង​នយោបាយ​ឡើយ​។​
 
​យោងតាម​លទ្ធផល​ខាងលើនេះ បក្សសម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ របស់លោក​ស្រី ស៊ូ​ជី អាចបង្កើត​រដ្ឋាភិបាល​បាន ដ្បិតថា ដើម្បី​បង្កើត​រដ្ឋាភិបាល​បាន វា​ចាំបាច់​ត្រូវការ​អាសនៈ​ត្រឹម​៣២២​ប៉ុណ្ណោះ​។ សភា​ទាំងពីរ​ថ្នាក់​របស់​មី​យ៉ាន់​ម៉ា​មាន​អាសនៈ​សរុប​ចំនួន ៦៤២ ដែល​ក្នុងនោះ​មាន ២៥​ភាគរយ​បម្រុង​ទុក​សម្រាប់​ក្រុម​យោធា​។ 
 
​យោងតាម​រដ្ឋធម្មនុញ្ញ​ឆ្នាំ ២០០៨ សភា​ទាំងពីរ​ថ្នាក់​នឹងត្រូវ​បើក​កិច្ចប្រជុំ​លើកដំបូង​ក្នុង​រយៈពេល ៩០ ថ្ងៃ​រាប់​ចាប់​ពីថ្ងៃ​បោះឆ្នោត​។ ដូច្នេះហើយ​នៅ​ថ្ងៃទី​១ កុម្ភៈ​ខាងមុខ សភា​មី​យ៉ាន់​ម៉ា​នឹង​បើក​កិច្ចប្រជុំ​ដើម្បី​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​។ 
 
​យ៉ាងណាក៏ដោយ គណបក្ស​សាមគ្គី និង​អភិវឌ្ឍ​សហភាព (USDP) កន្លងមក​នៅតែ​បន្ត​អះអាងថា​ការបោះឆ្នោត​នេះ​មាន​ភាពមិនប្រក្រតី រហូតដល់​ទៅជិត​៩​លាន​ករណី និង​មិន​ទទួលស្គាល់ លទ្ធផល​នៃ​ការបោះឆ្នោត​នេះឡើយ​។ ក្រុម​នេះ​ក៏​ទាមទារ​ឲ្យ​មានការ​បោះឆ្នោត​សារជាថ្មី ដើម្បី​ធានា​ឲ្យ​មានការ​បោះឆ្នោត​មួយ​ដែល​សេរី យុត្តិធម៌ មិន​លម្អៀង និង​មានការ​ឃោសនា​ដោយ​ស្មើភាព​គ្នា​។​
 
​ឯ​ក្រុម​យោធា​ដែលមាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​បក្ស​សាមគ្គី និង​អភិវឌ្ឍ​សហភាព វិញ ក៏​ទាមទារ​ឲ្យ​គណៈកម្មការ​នេះ​ដោះស្រាយ​ភាពមិនប្រក្រតី​ឲ្យ​បាន​ស្រួលបួល ព្រមទាំង​គំរាម​ពី​លទ្ធភាព​នៃ​ការធ្វើ​រដ្ឋប្រហារ​ផងដែរ បើសិន​បណ្តឹង​ទាំងនោះ​មិន​ត្រូវបាន​ដោះស្រាយ​។ 
 
«​រដ្ឋប្រហារ​»​នៅតែ​ជា​ជម្រើស​របស់​ក្រុម​យោធា​
​ថ្ងៃ​ព្រហស្បតិ៍​ថ្ងៃ ២៨ ខែមករា គណៈកម្មការ​បោះឆ្នោត​ចេញមុខ​ច្រានចោល ការចោទប្រកាន់​ពី​ករណី​មិន​ប្រក្រតី​នៃ​លទ្ធផល​បោះឆ្នោត​។ គណៈកម្មការ​នេះ​អះអាងថា សន្លឹកឆ្នោត​ត្រូវបាន​រាប់​ដោយមាន​តម្លាភាព និង​ក្រោម​ការឃ្លាំមើល​ពី​សំណាក់​មន្ត្រី​បក្សនយោបាយ ក៏ដូចជា​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ផងដែរ​។​
 
​ការបដិសេធ​មិន​ទទួលស្គាល់​ពី​ភាពមិនប្រក្រតី​ដែល​លើកឡើង​ដោយ​គណបក្ស​ស្និទ្ធ​ក្រុម​យោធា​នេះ​បាន​នាំ​ឲ្យ​មានការ​ប្រើពាក្យ​ពេចន៍​ទាក់ទង​នឹង​លទ្ធភាព​នៃ​ការធ្វើ​រដ្ឋប្រហារ​ដែរ​ពី​សំណាក់​ក្រុម​យោធា​។ 
 
​ជាក់ស្តែង​នៅ​ថ្ងៃទី ២៨ មករា នាយ​ឧ​ត្ត​ម​សេនីយ៍ Min Aung Hlaing មេបញ្ជាការ​កងទ័ព​លើកឡើង​ពី​ការរំលាយ​រដ្ឋធម្មនុញ្ញ​។ សម្តី​របស់​យោធា​ជាន់ខ្ពស់​នេះ​ធ្វើឡើង បន្ទាប់ពី​ឧ​ត្ត​ម​សេនីយ៍ Zaw Min Tun អ្នកនាំពាក្យ​យោធា​នៅ​ថ្ងៃ ២៦ ខែមករា ព្រលយ​ថា​ឧ​ត្ត​ម​សេនីយ៍ Min Aung Hlaing មិន​ច្រានចោល​ការធ្វើ​រដ្ឋប្រហារ​ឡើយ បើសិនជា​បណ្តឹង​បោះឆ្នោត​មិន​ត្រូវបាន​ដោះស្រាយ​ស្រួលបួល​។ 
 
​និយាយ​ដល់​ការធ្វើ​រដ្ឋប្រហារ យោធា​មី​យ៉ាន់​ម៉ា ធ្លាប់ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល ដោយ​រំលាយ​រដ្ឋធម្មនុញ្ញ​ចំនួន​៣​ដង ពោលគឺ​ក្នុង​ឆ្នាំ​១៩៤៧, ១៩៦៧ និង​១៩៨៨​។​
 
​សហគមន៍​អន្តរជាតិ​បង្ហាញ​ក្តីបារម្ភ​ពី​បញ្ហានយោបាយ​មី​យ៉ាន់​ម៉ា​
​យោងតាម​សារព័ត៌មាន The Irrawaddy មន្ត្រី​យោធា និង​មន្ត្រី​រដ្ឋាភិបាល​បាន​ប្រជុំគ្នា​ដែរ​ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង​ផ្នែក​នយោបាយ​នេះ​។ បក្ស​កាន់អំណាច​បាន​ប្រាប់​ឲ្យ​ក្រុមតំណាងរាស្ត្រ​ជាប់ឆ្នោត​របស់ខ្លួន​ដែល​កំពុង​ជួបជុំ​នៅ​រដ្ឋធានី​ដើម្បី​ត្រៀម​ប្រជុំ​សភា​នៅ​ថ្ងៃទី​១ កុម្ភៈ ឲ្យ​រក្សា​ភាព​ស្ងៀមស្ងាត់ និង​ចៀសវាង​តទល់​ជាមួយ​ក្រុម​យោធា​ក្នុងករណី​មាន​រដ្ឋប្រហារ​។ បន្ថែម​ពីនេះ អ្នកនាំពាក្យ​រដ្ឋាភិបាល លោកស្រី Myo Nyunt និយាយថា​ការពិភាក្សា​នេះ​ពុំមាន​ភាពជោគជ័យ​ជា​ដុំកំភួន​អ្វី​ឡើយ​។​
 
​ស្ថានការណ៍​នយោបាយ​តានតឹង ខណៈ​ឯ​លទ្ធភាព​នៃ​ការធ្វើ​រដ្ឋប្រហារ​មាន​ច្រើន បណ្តា​ស្ថានទូត​បរទេស​ចំនួន​១៦ នៅ​មី​យ៉ាន់​ម៉ា រួមមាន​អាមេរិក អង់គ្លេស និង​ប្រតិភូ​សហភាព​អឺរ៉ុប បានចេញ​សេចក្តីថ្លែងការណ៍​នៅ​ថ្ងៃទី​២៩ មករា ទាមទារ​ឲ្យ​ក្រុម​យោធា​គោរព​បទដ្ឋាន​ប្រជាធិបតេយ្យ​។ បណ្តា​អង្គទូត​ទាំងនោះ​អះអាងថា ខ្លួន​ប្រឆាំង​ជាដាច់ខាត​ចំពោះ​រាល់​ការប៉ុនប៉ង​ប្តូរ​លទ្ធផល​បោះឆ្នោត ឬ​បង្ករ​ឧបសគ្គ​ដល់​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​នៅ​មី​យ៉ាន់​ម៉ា​។ 
 
​នៅ​ថ្ងៃ​ដដែល​នោះ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក​អង់​តូ​នី​ញ៉ូ ហ្គូ​តេ​រ៉េ​ស តាមរយៈ​អ្នកនាំពាក្យ​លោក Stephane Dujarric និយាយថា​ប្រមុខ​អង្គការ​អន្តររដ្ឋាភិបាល​រូបនេះ​ក៏បាន​ទទូច​ឲ្យ​ភាគី​ទាំងអស់​បោះបង់ចោល​ការបង្ករ​រឿង ឬ​ញុះញង់ និង​បង្ហាញ​ភាពជា​អ្នកដឹកនាំ ដោយ​គោរព​បទដ្ឋាន​ប្រជាធិបតេយ្យ និង​គោរព​លទ្ធផល​នៃ​ការបោះឆ្នោត​ដែរ​៕ 

Tag:
 យោធា​
  បោះឆ្នោត​មី​យ៉ាន់​ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com