ពីនេះ ពីនោះ
មិន​យល់...? អ្នកនយោបាយ ដៀ​តែ​ខ្នូ​ច ដូច​តែ​គ្នា​មែនឬ?
28, Nov 2013 , 9:33 pm        
រូបភាព
ដោយ:
ឥឡូវនេះ នៅពេល​ជួប​ក្រុមអ្នកកាសែតម្តងៗ ពួកគេ​ច្រើន​ជជែក​ពីនេះ​ពី​នោះ​មិនចេះចប់។ ក្នុងចំណោម​ប្រធានបទ​ដែល​គេ​និយម​ចូលចិត្ត​លើក​ម្និ​យាយ​ពេលនេះ​គឺ ពួកគេ​តែង​នាំគ្នា​រអ៊ូរទាំ​ថា មន្ត្រី​បក្សប្រឆាំង​ខ្លះ​ចាប់ផ្តើម​ពើងទ្រូង ដំឡើង​ឬ​ក​ដាក់​អ្នកកាសែត​ហើយ ជាពិសេស​ចាប់តាំងពី​គណបក្ស​សង្គ្រោះ​ជាតិ​បានទទួល ៥៥ កៅអី​មក។




កាលពីមុន ក្រុមអ្នកកាសែត​តែង​កោតសរសើរ​មន្ត្រី​បក្សប្រឆាំង​ថា​ស្រួល​ទំនាក់ទំនង​សួរ​ព័ត៌មាន​ណាស់​ពោលគឺ​ពួកគេ​ចាំតែ​ឆ្លើយ​ប្រាប់​អ្នកកាសែត​គ្រប់​រឿង​ដែល​ពួកគេ​ចង់ដឹង។ ស្រាប់តែ​ឥឡូវ មាន​មន្ត្រី​បក្សប្រឆាំង​ខ្លះ​ក៏​ចាប់ផ្តើម​រៀន​ធ្វើ​ឬ​ក​ធំ​ដែរ​ហើយ។ ពួកគេ​មិនសូវ​លើក​ទូរស័ព្ទ ឬក៏​ពេលខ្លះ​លើក​ហើយក៏​ផ្តើម​ពាក្យសម្តី​បែប​ម៉ា​បាវ។ ស្រួល​មិន​ស្រួល​ឆ្លើយ​ឌឺ​ដាក់​អ្នកកាសែត​ទៀត ឬ​ពេលខ្លះ​និយាយ​ចុងមាត់ចុងក​ដូចជា​មិន​ចង់​និយាយ​ក៏មាន។

មកដល់​ចំណុច​នេះ ធ្វើ​ឲ្យ​ខ្ញុំ​នឹកឃើញ​ដល់​ពាក្យចាស់​បូរាណ​មួយ​ថា សត្វ​ក្រៀល ដៀល​សត្វ​ក្រួច មាត់​ក្រហួច​ដូច​តែ​គ្នា។ ពាក្យ​នេះ ចាស់​បូរាណ​លោក​ចង់​ប្រាប់ថា ធម្មជាតិ​សត្វ​ទាំងពីរ​នេះ​ដូច​តែ​គ្នា​ទេ តែ​វា​ចូលចិត្ត​ដៀល​គ្នា​ទៅវិញទៅមក។ យ៉ាងណាមិញ ខ្ញុំ​ក៏​ធ្លាប់​លឺ​ពាក្យ​គេ​និយាយ​ក្នុង​ឆាកនយោបាយ​ជា​ហូរហែ​ដែរ​ថា អ្នកណា​ក៏ដូចជា​អ្នកណា​ដែរ ឲ្យ​តែ​បាន​អំណាច​ក្នុង​ដៃ តាំង​ចាប់ផ្តើម​ពើងទ្រូង​ដំឡើង​ឬ​ក​ហើយ។


ពាក្យ​នេះ​ប្រហែលជា​ពិត​ហើយ​មើលទៅ​ពីព្រោះ​មន្ត្រី​បក្សប្រឆាំង​មួយចំនួន​នោះ ដែល​កាលពីមុន​ចូលចិត្ត​រិះគន់​មន្ត្រី​រដ្ឋាភិបាល តែ​ឥឡូវ ពួកគេ​ក៏​ធ្វើ​ឬ​ក​ដូច​មន្ត្រី​រដ្ឋាភិបាល​មួយចំនួន​នោះដែរ។ ផ្ទុយទៅវិញ មាន​មន្ត្រី​រដ្ឋាភិបាល​ច្រើនណាស់​ដែល​អ្នកកាសែត​ទាក់ទង​បាន​ដោយ​ស្រួល និង​កាន់តែ​ស្រួល​ជាង​មុន លើកលែងតែ​មន្ត្រី​មួយ​ក្តាប់​តូច​ដែល​នៅតែ​ប្រកាន់​ឬ​ក​ថី​មើលងាយ​អ្នកកាសែត។ ប៉ុន្តែ អ្នក​ទាំងនោះ​ប្រហែលជា​ជាប់​កំអែល​កុំម្មុយនិស្ត​ក្រាស់ឃ្មឹក​ពេក​ទើប​មិនដឹងថា សម័យនេះ​គេ​ឈានដល់​ណា​ទៅហើយ។

ឥឡូវ​ស្រាប់តែ​ដល់​វេន​មន្ត្រី​បក្សប្រឆាំង​មួយចំនួន​ឆ្លង​ជំងឺ​នេះដែរ។ ក្រុមអ្នកកាសែត​អះអាងថា ពួកគេ​ឈប់​ទូរ​សព្ទ័​ទាក់ទង​មន្ត្រី​បក្សប្រឆាំង​ប្រកាន់​ឬ​ក​នោះ​ទៀតហើយ។ សុខចិត្ត​ទូរស័ព្ទ​អ្នកផ្សេង​ដែល​គេ​មិន​ដំឡើង​ឬ​ក ហើយ​នៅតែ​និយាយ​ស្រួល​ជាមួយ​អ្នកកាសែត។ នេះ​មិនទាន់​ទាំង​បាន​អំណាច​ផង ចុះ​ទម្រាំ​បាន​អំណាច​ពេញដៃ តើ​មន្ត្រី​ទាំងនោះ​នឹង​បូស​ក្លៀក​ប៉ុណ្ណា​ទៅ​ហ្ន? ប្រហែលជា​លែងនិយាយ​រក​អ្នកកាសែតសោះហើយ​មើលទៅ ... ? មិន​យល់?




© រក្សាសិទ្ធិដោយ thmeythmey.com