ជាតិ
សេដ្ឋកិច្ច
រោងចក្រ​ទឹកស្អាត​«​បាក់​ខែង​»​តម្លៃ​២៤៧​លាន​ដុល្លារ អាច​ផលិត​ទឹក​៤០​ម៉ឺន​ម៉ែត្រគូប ចាប់ផ្ដើម​សាងសង់​
01, Feb 2021 , 9:19 pm        
រូបភាព
លោកចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
លោកចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
​ភ្នំពេញ​៖ កម្ពុជា បាន​បើក​ការដ្ឋាន​សាងសង់​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹកស្អាត​មួយកន្លែង​ទៀត នៅ​សង្កាត់​បាក់​ខែង ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​១​កុម្ភៈ​។  រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹកស្អាត​បាក់​ខែង​នេះ មានតម្លៃ​សរុប​២៤៧​លាន​ដុល្លារ ដែលមាន​សមត្ថភាព​ផលិត​ទឹកស្អាត​បាន​៤០​ម៉ឺន​ម៉ែត្រគូប​ក្នុង​មួយថ្ងៃ​។

 
​លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ បានលើកឡើង ថា ការសាងសង់​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹកស្អាត​«​បាក​ខែង​»​នេះ អនុវត្ត​ឡើងជា​ពីរ​ជំហាន​។ ជំហាន​ទីមួយ គឺ​សាងសង់​រោងចក្រ​ដែលមាន​សមត្ថភាព​ផលិត​ទឹកបាន​ស្អាត​ជិត​២០​ម៉ឺន​ម៉ែត្រគូប​ក្នុង​មួយថ្ងៃ ដោយ​គ្រោង​បញ្ចប់​នៅ​ចុងឆ្នាំ​២០២២​។ សម្រាប់​ជំហាន​ទី​ពីរ នឹង​បញ្ចប់​នៅ​ចុងឆ្នាំ​២០២៤​។ 
 
​លោក ចម ប្រសិទ្ធ បាន​បញ្ជាក់ថា ក្នុងចំណោម​ថវិកា វិនិយោគ​ជិត​២៥០​លាន​ដុល្លារ​នេះ មាន​១៥៥,៥​លាន​ដុល្លារ សម្រាប់​សាងសង់​រោងចក្រ​ផលិត​ទឹកស្អាត និង​៩១,៥​លាន​ដុល្លារ​ទៀត សម្រាប់​រៀបចំ​បណ្តាញទឹក និង​ប្រព័ន្ធ​ផ្សេងៗ​ទៀត​។ 
 
​ថវិកា​សរុប​សម្រាប់​សាងសង់​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹកបាក់​ខែង​នៅក្នុង​ជំហាន​ទីមួយ​នេះ  មាន​៤៧​លាន​ដុល្លារ ជា​ថវិកាបដិភាគ​រប​ស់រ​ដ្ឋ​ករ​ទឹក​ស្វយ័ត​ក្រុងភ្នំពេញ​, ៨៥​លាន​ដុល្លារ បាន​ពី​កម្ចី​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង​(AFD) និង​១០០​លាន​ដុល្លារ បាន​ពី​កម្ចី​ធនាគារ​វិនិយោគ​អឺរ៉ុប​(EIB) រួមទាំង​ហិរញ្ញប្បទាន​ឥត​សំណង​ពី​សហភាព​អឺរ៉ុប​(EU) ចំនួន​១៥​លាន​ដុល្លារ ផងដែរ​។  នេះ​ជាការ​រៀបរាប់​របស់លោក រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម ដោយ​អះអាងថា ក្រោយ​បញ្ចប់​ការសាងសង់​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹកស្អាត​បាក់​ខែង នេះ នឹង​អាច​ផ្គត់ផ្គង់​ទឹកស្អាត បាន​លើស​១​លាន​ម៉ែត្រគូប​ក្នុង​មួយថ្ងៃ​។  
 
​ក្នុងថ្ងៃនេះ​ដែរ កម្ពុជា​ក៏បាន​ដាក់ឱ្យ​ដំណើរការ​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹកស្អាត​«​ចំការមន​» ដែលមាន​សមត្ថភាព​ផលិត​ទឹកស្អាត បាន​៥,២​ម៉ឺន​ម៉ែត្រគូប ក្នុង​មួយថ្ងៃ​។ បើតាម​គម្រោង នៅក្នុង​ឆ្នាំ​២០២៥ រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹកស្អាត នឹង​ជួយ​បង្កើន​សមត្ថភាព​ផលិត​ទឹកបាន​៧០​ភាគរយ នៅ​ទូទាំង​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​៕

Tag:
 រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹកស្អាត​
  បាក់​ខែង​
© រក្សាសិទ្ធិដោយ thmeythmey.com