COVID-19
ជាតិ
កូវីដ-១៩៖ បីករណីទៀតនៅកម្ពុជា ដែលមានឥណ្ឌាពីរនាក់ និងស្ត្រីខ្មែរម្នាក់ពីអាមេរិក
× ក្រសួងសុខាភិបាលនាព្រឹកនេះ បានប្រកាសពីលទ្ធផលវិជ្ជមានកូវីដ-១៩ បីករណីទៀត ដែលនាំឲ្យចំនួនសរុបនៅកម្ពុជាឡើងដល់៤៧០ករណី ក្នុងនោះសះស្បើយ៤៥២នាក់។
បីករណីថ្មី មានបុរសឥណ្ឌាអាយុ២៨ឆ្នាំ និងស្ត្រីឥណ្ឌាអាយុ២៣ឆ្នាំ ដែលមកពីឥណ្ឌា ឆ្លងកាត់សិង្ហបុរី និងមកដល់កម្ពុជានៅថ្ងៃទី៣ ខែកុម្ភៈ។ ពួកគាត់ត្រូវដាក់ឲ្យសម្រាកព្យាបាលនៅមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន រីឯអ្នកដំណើរ៧៨នាក់ទៀត បន្តធ្វើចត្តាឡីស័ក។
រីឯករណីមួយទៀត ជាស្ត្រីខ្មែរអាយុ៦៣ឆ្នាំ អាសយដ្ឋាននៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ គាត់មកពីសហរដ្ឋអាមេរិក ឆ្លងកាត់កូរ៉េខាងត្បូង និងមកដល់កម្ពុជានៅថ្ងៃទី២២ ខែមករា។ លទ្ធផលសំណាកលើកទី២ បង្ហាញថាគាត់វិជ្ជមានកូវីដ-១៩ រីឯអ្នកដំណើរ៨៥នាក់ទៀតបន្តចត្តាឡីស័ក។
ជាមួយគ្នានេះ អ្នកជំងឺម្នាក់បានជាសះស្បើយ ដោយគាត់ជាស្ត្រីខ្មែរអាយុ៥៧ឆ្នាំ មកពីអាមេរិក។ គាត់ត្រូវបានអនុញ្ញាតឲ្យចេញពីមណ្ឌលសុខភាពចាក់អង្រែក្រោយតេស្តអវិជ្ជមានពីរលើក។
មកដល់ពេលនេះ កម្ពុជាមានកូវីដ-១៩ ចំនួន៤៧០ករណី ដោយ៤៥២ករណីសះស្បើយ។ ក្នុងចំណោមពលករមកពីថៃ មាន៨៧នាក់វិជ្ជមាន ហើយ៨០នាក់បានជាសះស្បើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com