COVID-19
អន្តរជាតិ
ទោះមិនមែនជាសមាជិក UN, តៃវ៉ាន់ ក៏នឹងបានវ៉ាក់សាំងកូវីដ-១៩ ពី COVAX ដែរ
×
ដោយ ឈួន ឈីវអ៊ីង
តៃវ៉ាន់ នឹងទទួលបានវ៉ាក់សាំងកូវីដ-១៩ ដែលផលិតដោយក្រុមហ៊ុន AstraZeneca ពីយន្តការ COVAX ។ នេះបើតាមការប្រកាសរបស់រដ្ឋាភិបាលតៃវ៉ា់ន់នៅថ្ងៃទី៤ ខែកុម្ភៈ។ ប៉ុន្តែដែនកោះនេះ មិនបញ្ជាក់ពីពេលវេលាទទួលបាន ឬពត៌មានលើសពីនេះនៅឡើយ។
ដ្បិតមិនមែនជាសមាជិកអង្គការសហប្រជាជាតិ (UN) ក្ដី ដែនកោះតៃវ៉ាន់ ក៏មានឈ្មោះត្រូវទទួលបានវ៉ាក់សាំងពីយន្តការ COVAX ដែរ។ COVAX បានត្រៀមវ៉ាក់សាំងជាង១,៣លានដូសសម្រាប់តំបន់ដែលមិនមែនជាសមាជិក UN ក្នុងគោលបំណងចែកចាយវ៉ាក់សាំងដល់មនុស្សគ្រប់រូប ដោយស្មើភាព។
បើតាមរដ្ឋាភិបាលដែនកោះនេះ តៃវ៉ាន់ នឹងទទួលបានវ៉ាក់សាំងមួយចំនួនផងដែរពីវ៉ាក់សាំងរបស់ COVAX ដែលផលិតដោយរបស់ក្រុមហ៊ុន AstraZeneca ។ មជ្ឈមណ្ឌលប្រឆាំងជំងឺឆ្លងរបស់តៃវ៉ាន់ បញ្ជាក់នៅថ្ងៃទី៤ ខែកុម្ភៈថា រដ្ឋាភិបាលកំពុងធ្វើការជាមួយ COVAX លើការដឹកជញ្ជូន ដំណាក់កាលគយ និងបញ្ហាទាក់ទងផ្សេងទៀត។ សម្រាប់ប្រទេសផ្សេង វ៉ាក់សាំងកូវីដ-១៩ របស់ COVAX រំពឹងទៅ ដល់នៅចុងខែកុម្ភៈ ប៉ុន្តែចំពោះតៃវ៉ាន់ កាលបរិច្ឆេទទៅដល់មិនទាន់កំណត់ជាក់លាក់នៅឡើយ។
កាលពីខែធ្នូ ឆ្នាំ២០២០ តៃវ៉ាន់អះអាងថា ខ្លួនបានយល់ព្រមទិញវ៉ាក់សាំងជិត ២០លានដូសសម្រាប់ចាក់ឱ្យប្រជាជនរបស់ខ្លួន។ ក្នុងចំនួននេះ តៃវ៉ាន់ ទិញវ៉ាក់សាំងរបស់ AstraZeneca ចំនួន១០លានដូស និង៤,៧៦លានដូសទៀតទិញតាម COVAX ដែរ។ លើសពីនេះ តៃវ៉ាន់ក៏បានចរចាជាមួយក្រុមហ៊ុនវ៉ាក់សាំងមួយផ្សេងទៀតដែរ តែមិនបានបញ្ចេញឈ្មោះ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ។
លើសពីនោះ កាលពីសប្ដាហ៍មុន ដែនកោះមួយនេះ ក៏ស្នើសុំជំនួយពីអាល្លឺម៉ង់ដើម្បីទិញវ៉ាក់សាំងដែរ។ សំណើរបស់តៃវ៉ាន់ ធ្វើឡើងក្រោយអាល្លឺម៉ង់រកជំនួយពីតៃវ៉ាន់លើការផ្គត់ផ្គង់បន្ទះឈីបដែលខ្លួនមានមិនគ្រប់គ្រាន់។ បន្ថែមពីលើប្រភពខាងក្រៅ តៃវ៉ាន់ក៏អភិវឌ្ឍវ៉ាក់សាំងកូវីដ-១៩ ក្នុងស្រុកដែរ ប៉ុន្តែមានដំណើរការតិចតួចប៉ុណ្ណោះ។
សូមបញ្ជាក់ថា កោះតៃវ៉ាន់ គ្រប់គ្រងការរីរាលដាលកូវីដ-១៩ បានយ៉ាងល្អ ជាមួយវិធានការការការពារបានទាន់ពេល និងមានប្រសិទ្ធភាព។ បច្ចុប្បន្ននេះនៅសល់ករណីវិជ្ជមានត្រឹមតែ៧១ករណីប៉ុណ្ណោះ។ គិតមកត្រឹមថ្ងៃទី ៤ កុម្ភៈនេះ តៃវ៉ាន់មានករណីវិជ្ជមានសរុប ៩១៩ នាក់ និងស្លាប់៩នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com