ជាតិ
សង្គមជាតិ
ម្ចាស់ពានរង្វាន់បរិស្ថានពិភពលោក អ៊ូច ឡេង និងសកម្មជន៤នាក់ទៀត ត្រូវបានឃាត់ខ្លួន នៅក្រចេះ
06, Feb 2021 , 12:25 pm        
រូបភាព
(ខាងឆ្វេង)លោក អ៊ូច ឡេង ម្ចាស់ពានរង្វាន់បរិស្ថានពិភពលោក និងសកម្មជនបរិស្ថាន ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅក្នុងព្រៃឡង់ ខេត្តក្រចេះ កាលពីថ្ងៃទី៥ កុម្ភៈ ២០២១
(ខាងឆ្វេង)លោក អ៊ូច ឡេង ម្ចាស់ពានរង្វាន់បរិស្ថានពិភពលោក និងសកម្មជនបរិស្ថាន ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅក្នុងព្រៃឡង់ ខេត្តក្រចេះ កាលពីថ្ងៃទី៥ កុម្ភៈ ២០២១
 
ភ្នំពេញ៖ លោក អ៊ូច ឡេង ម្ចាស់ពានរង្វាន់បរិស្ថានពិភពលោក និងសកម្មជនបរិស្ថាន៤នាក់ទៀត ត្រូវបានសមត្ថកិច្ចខេត្តក្រចេះឃាត់ខ្លួន នៅគ្រាដែលកំពុងធ្វើសកម្មភាពការពារព្រៃឈើ ។ សង្គមស៊ីវិល យល់ថា ការឃាត់ខ្លួនសកម្មជនបរិស្ថាននេះ ជាការគំរាមកំហែងផ្លូវអារម្មណ៍ និងសកម្មភាពអ្នកស្រលាញ់បរិស្ថាន។



សកម្មជនបរិស្ថាន៥រូប ដែលមន្ត្រីបរិស្ថានឃាត់ខ្លួននេះ បាននាំយកផ្លាកសញ្ញាទៅដាក់ភ្ជាប់តាមដើមឈើ ក្រោមពាក្យស្លោកថា «មេត្តាសូមជួយថែរក្សាព្រៃមរតកដូនតាយើង» ក្នុងគោលបំណងកុំឲ្យមានការកាប់បំផ្លាញព្រៃឈើ។ សកម្មជនទាំង៥រូបនោះ រួមមាន លោក អ៊ូច ឡេង ម្ចាស់ពានរង្វាន់បរិស្ថានពិភពលោក លោក ហេង ស្រស់ លោក ម៉ែន មុត លោក ហេង រុន និង លោក ផង ឈាង សកម្មជនបរិស្ថាន។

អ្នកស្រី ជួប ស្រីនុត ភរិយារបស់លោក ហេង ស្រស់ សកម្មជនបរិស្ថាន ចាត់ទុកចំណាត់ការរបស់អាជ្ញាធរមកលើគ្រួសារខ្លួន និងសកម្មជនបរិស្ថាននេះ ជារឿងអយុត្តិធម៌។ អ្នកស្រី នុត ទាមទារឱ្យសមត្ថកិច្ចដោះលែងប្តីខ្លួន និងសកម្មជនបរិស្ថាន៤នាក់ផងដែរ។

ភរិយារបស់លោក ហេង ស្រស់ សកម្មជនបរិស្ថានរូបនេះ បានសរសេរលើហ្វេសប៊ុកដោយភ្ជាប់ជាមួយរូបស្វាមីដូច្នេះថា៖«ប្តីខ្ញុំខុសអី! គ្រាន់តែក្នុងនាមជាប្រជាពលរដ្ឋម្នាក់ រួមចំណែកចូលរួមការពារព្រៃឈើ ចូលរួមការពារធនធានធម្មជាតិ បែរជាត្រូវចាប់ខ្លួន រងការចោទប្រកាន់ទៅវិញ? អយុត្តិធម៌ណាស់»។

មន្ត្រីសិទ្ធិមនុស្សនៃសមាគមអាដហុក លោក សឹង សែនករុណា យល់ថា បើសកម្មជនបរិស្ថានចូលទៅក្នុងព្រៃនោះ ដោយគ្រាន់តែតាមដានប្រមូលព័ត៌មាន និងដាក់ពាក្យស្លោកការពារព្រៃឈើទាំងនេះ សមត្ថកិច្ចមិនគួរណាចាប់ឃាត់ខ្លួនពួកគេនោះទេ។

ថ្លែងប្រាប់សារព័ត៌មានថ្មីៗ លោក ករុណា បាននិយាយដូច្នេះថា៖«បើសិនជាសកម្មជនធ្វើអំពើបែបហ្នឹង ខ្ញុំយល់ថាវាជាអំពើមួយ ដែលស្របតាមឆន្ទៈរដ្ឋាភិបាល(ការពារព្រៃឈើ)ទៅវិញទេ ។ អ៊ីចឹងអំពើទាំងអស់នេះ មិនសាកសមទៅនឹងការចាប់ខ្លួន ឬក៏ត្រូវយកទៅផ្តន្ទាទោសទេ ព្រោះអីមន្ត្រីបរិស្ថានដែលចាប់ខ្លួនពួកគេ ក៏មានឆន្ទៈការពារព្រៃឈើ ឯអ្នកត្រូវបានគេចាប់ខ្លួននោះ ក៏ជាអ្នកសកម្មជនព្រៃឈើទៅទៀត។ ដូច្នេះអ្វីដែលសមត្ថកិច្ចគួរចាប់ខ្លួននោះ គួរតែចាប់ខ្លួនអ្នក ប្រព្រឹត្តបទល្មើសព្រៃឈើទៅវិញ ព្រោះវាជារឿងដែលគួរធ្វើ»។

លោក លន់ សុផាត ស្នងការនគរបាលខេត្តក្រចេះ សុំមិនបកស្រាយលើករណីឃាត់ខ្លួននេះឡើយ ដោយទុកភារកិច្ចឱ្យមន្ត្រីបរិស្ថានខេត្តជាអ្នកអធិប្បាយវិញ។

ជុំវិញបញ្ហានេះលោក ឆាយ ឌួងសាវុធ ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ អះអាងថា ការចាប់ឃាត់ខ្លួនសកម្មជនបរិស្ថានទាំងនេះ ដោយសារតែពួកគេចូលទៅកាន់តំបន់ហាមឃាត់ ដែលស្ថិតនៅក្រោមការពាររបស់ក្រសួងបរិស្ថាន ដោយគ្មានការអនុញ្ញាតត្រឹមត្រូវ។ បើតាមលោក ឌួងសាវុធ សមត្ថកិច្ចកំពុងសួរនាំ និងសិក្សាលើករណីនេះ។

ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះរូបនេះ បាននិយាយដូច្នេះថា៖«ទី១ តើគាត់សម្អាងលើអី ដែលតាំងខ្លួនជាសកម្មជនបរិស្ថាន។ហើយទី២ទៀត សមត្ថកិច្ចកំពុងធ្វើការសាកសួរនាំ និងពិនិត្យអង្គហេតុ យ៉ាងម៉េចទៀត ចាំពេលធ្វើការចប់ ខ្ញុំនឹងប្រកាសជាព័ត៌មានតែម្ដង»។

ត្រង់នេះលោក សឹង សែនករុណា យល់ថា បើសិនជាអ្នកចូលតំបន់ហាមឃាត់នោះ ជាអ្នកប្រព្រឹត្តិបទល្មើសព្រៃឈើ គឺត្រូវអនុវត្តច្បាប់ ប៉ុន្តែបើគេជាអ្នកស្រលាញ់បរិស្ថានវិញ សមត្ថកិច្ចគួរតែសម្របសម្រួលដល់សកម្មភាពការងារពួកគេ ព្រោះដើម្បីប្រយោជន៍ជាតិរួម។

«ខ្ញុំមិនយល់ទាស់ទេ បើសិនជា(អ្នក)ចូលទៅហ្នឹងជាជនល្មើសព្រៃឈើ យើងគួរតែចាត់វិធានការហើយ ព្រោះមន្ត្រីបរិស្ថានត្រូវការពារព្រៃឈើ។ ហើយចាប់ខ្លួនសាកសួរនោះវាជារឿងត្រឹមត្រូវហើយ។ ប៉ុន្តែបើការចាប់ខ្លួនសាកសួរនោះ ដឹងថាគឺជាសកម្មជនការពារព្រៃឈើទៅវិញនោះ គួរតែដោះលែងវិញទៅ ហើយធ្វើការសម្របសម្រួល និងធ្វើការពារព្រៃឈើបន្តទៀតទៅ»។នេះជាការលើកឡើងរបស់លោក សឹង សែនករុណា ដែលបន្ថែមថា ការឃាត់ខ្លួនសកម្មជនបរិស្ថាននេះ គឺជាការគំរាមកំហែងផ្លូវអារម្មណ៍ និង សកម្មភាពអ្នកស្រលាញ់បរិស្ថាន ។ ជាពិសេសគឺបំបាក់ស្មារតីយុវជន កុំឱ្យហ៊ានចេញការពារបរិស្ថាន។

គួររម្លឹកថា ប្រធាន​អង្គការ​កិច្ចការ​ពិសេស​សិទ្ធិមនុស្ស​កម្ពុជា និង​ជា​ម្ចាស់​ពានរង្វាន់​វីរជន​បរិស្ថាន Goldman Environmental Prize លោក អ៊ូច ឡេង និង​អ្នក​សហគមន៍​ព្រៃ​ឡង់ ៣​នាក់​ផ្សេង ធ្លាប់ត្រូវបាន​កងសន្តិសុខ​របស់​ក្រុមហ៊ុន ស៊ី​ង បាយ​អូ​ថេ​ក (Think Biotech) ចាប់ខ្លួនដែរ កាលពី​ថ្ងៃទី​១៣ មីនា ២០២០​ គ្រា​ដែល​ពួកគេ​ចុះ​ស៊ើបអង្កេត​អាជីវកម្ម​ឈើ​ក្នុង​តំបន់​ព្រៃ​ឡង់​។ ក្រោយ​ការឃាត់ខ្លួន​គ្រានោះ ក៏​មានការ​បញ្ជូនទៅ​តុលាការ​ដែរ ។ ប៉ុន្តែ​តុលាការ​ក៏​សម្រេច​ដោះលែង​ពួកគេ​ទាំង​៤​នាក់​វិញ នៅ​ថ្ងៃទី​១៦ មីនា ២០២០ ដោយ​តម្រូវឱ្យ​លោក អ៊ូច ឡេង ទៅ​ចុះបញ្ជី​អង្គការ​នៅ​ក្រសួង​ជាមុនសិន ដើម្បី​ធ្វើ​សកម្មភាព​បន្តទៀត​៕​



Tag:
 អូច ឡេង
  បរិស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com