COVID-19
ជាតិ
វ៉ាក់សាំង៦០ម៉ឺនដូសរបស់ចិនមកដល់កម្ពុជាហើយ
× ភ្នំពេញ៖ ចិនបាននាំយកវ៉ាក់សាំងកូវីដ-១៩ ចំនួន៦០ម៉ឺនដូសមកកម្ពុជាហើយ តាមជើងយន្តហោះយោធា Y-20 នៅម៉ោងជាង៤រសៀលថ្ងៃទី៧ កុម្ភៈនេះ ។ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន កំពុងនៅព្រលានយន្តហោះ ដើម្បីទទួលយកវ៉ាក់សាំងពីចិនដោយផ្ទាល់។
កម្ពុជា នឹងទទួលបានវ៉ាក់សាំងពីចិន១លានដូស។ ប៉ុន្តែចិននឹងផ្ដល់វ៉ាក់សាំង៦០ម៉ឺនដូសសិន មកកម្ពុជា នៅខែកុម្ភៈនេះ សម្រាប់ប្រើប្រាស់ចាក់លើប្រជាពលរដ្ឋ។
ក្រៅពីចិន កម្ពុជាក៏នឹងទទួលបានវ៉ាក់សាំងពីអូស្ត្រាលី ប្រមាណ៣លានដូសដែរ តាមរយៈជំនួយជាថវិកា២៨លានដុល្លារអាមេរិក។ សម្រាប់វ៉ាក់សាំងពីអូស្ត្រាលីនេះ គឺកម្ពុជាចាក់លើពលរដ្ឋ១,៥លាននាក់។
សូមទស្សនាការផ្សាយផ្ទាល់ដោយកញ្ញា អ៊ូ សុខមាន និងលោក ឆន សុផាត អ្នកសារព័ត៌មានថ្មីៗដូចតទៅ៖
រីឯ COVAX ក៏នឹងផ្ដល់វ៉ាក់សាំង៧លានដូស មកម្ពុជា សម្រាប់ប្រើប្រាស់លើមនុស្ស៣,៥លាននាក់ដែរ នៅក្នុងអំឡុងខែមីនា។ សម្ដេច ហ៊ុន សែន ក៏បានសរសេរលិខិតស្នើជំនួយវ៉ាក់សាំងទៅរដ្ឋាភិបាលឥណ្ឌា និងរុស្ស៊ីរួចហើយ ខណៈរដ្ឋាភិបាលកំពុងពិចារណាលើការទិញវ៉ាក់សាំងពីអង់គ្លេសមួយទៀត។ វ៉ាក់សាំងអង់គ្លេសនេះ តម្លៃ៤ ឬ៥ដុល្លារប៉ុណ្ណោះ ស្របពេលវ៉ាក់សាំងចិន មានតម្លៃ២០ដុល្លារ។
បើតាមការគ្រោងទុកនេះ កម្ពុជានឹងទទួលបានជំនួយវ៉ាក់សាំង១១លានដូស ស្របពេលកម្ពុជាត្រៀមទិញវ៉ាក់សាំង២០លានដូស សម្រាប់មនុស្ស១០លាននាក់។ នេះបើតាមប្រមុខរដ្ឋាភិបាល ដែលបានប្រកាសថា សម្ដេចនឹងទៅទទួលវ៉ាក់សាំងពីចិនដោយផ្ទាល់ នៅព្រលានយន្តហោះ។
© រក្សាសិទ្ធិដោយ thmeythmey.com