COVID-19
ជាតិ
សម្ដេច ហ៊ុន សែន៖ ផែនការចាក់វ៉ាក់សាំងចិន នៅក្នុងជួរកងទ័ព និងស៊ីវិល លើអ្នកអាយុ៥៩ឆ្នាំចុះក្រោម នៅតែអនុវត្ត
07, Feb 2021 , 5:55 pm        
រូបភាព

ភ្នំពេញ៖ ផែនការចាក់វ៉ាក់សាំងចិន នៅក្នុងជួរកងទ័ព និងមន្ត្រីរាជការស៊ីវិល និងពលរដ្ឋ សម្រាប់អ្នកអាយុ៥៩ឆ្នាំចុះក្រោមនៅតែបន្តអនុវត្ត។ នេះបើតាមសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលថ្លែងសន្និសីទកាសែតក្រោយទទួលយកវ៉ាក់សាំងពីចិនដោយផ្ទាល់ នៅព្រលានយន្តនាថ្ងៃទី៧ កុម្ភៈ។



សម្ដេច ហ៊ុន សែន អះអាងថា សម្ដេច បានត្រៀមខ្លួនចាក់វ៉ាក់សាំងនេះហើយ ប៉ុន្តែបែជាទទួលដំណឹងពីចិនថា វ៉ាក់សាំងនេះ អាចចាក់លើពលរដ្ឋដែលមានអាយុ៥៩ឆ្នាំចុះក្រោមប៉ុណ្ណោះ ទើបសម្ដេចមិនអាចចាក់បាន។ តែយ៉ាងណាសម្ដេច បន្ថែមថា សម្រាប់អ្នកអាយុ៦០ឡើងទៅ ក៏អាចចាក់បានដែរ តែមិនច្បាស់លាស់ពីប្រសិទ្ធភាពប៉ុណ្ណោះ។

ទោះបីមានការកម្រិតអាយុបែបនេះក្តី ប៉ុន្តែផែនការនៃការចាក់វ៉ាក់សាំងលើជួរកងទ័ព មន្ត្រីរាជការស៊ីវិល និងពលរដ្ឋ ដែលមានអាយុពី១៨ឆ្នាំ ទៅ៥៩ឆ្នាំ នៅតែបន្តអនុវត្តជាធម្មតា។ នេះបើតាមប្រមុខរដ្ឋាភិបាល ដែលបានអះអាងថា សម្ដេច ទៀ បាញ់ ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ របស់ចិននេះ នៅបន្តមានសុខភាពធម្មតា ដោយគ្មានប្រតិកម្មអ្វីឡើយ។

ចិនបាននាំយកវ៉ាក់សាំងកូវីដ-១៩ ចំនួន៦០ម៉ឺនដូសមកកម្ពុជា តាមជើងយន្តហោះយោធា Y-20 នៅម៉ោងជាង៤រសៀលថ្ងៃទី៧ កុម្ភៈនេះ ។ បើតាមគម្រោង កម្ពុជា នឹងទទួលបានវ៉ាក់សាំងពីចិន១លានដូស។

ក្រៅពីចិន កម្ពុជាក៏នឹងទទួលបានវ៉ាក់សាំងពីអូស្ត្រាលី ប្រមាណ៣លានដូសដែរ តាមរយៈជំនួយជាថវិកា២៨លានដុល្លារអាមេរិក។ សម្រាប់វ៉ាក់សាំងពីអូស្ត្រាលីនេះ គឺកម្ពុជាចាក់លើពលរដ្ឋ១,៥លាននាក់។

រីឯ COVAX ក៏នឹងផ្ដល់វ៉ាក់សាំង៧លានដូស មកម្ពុជា សម្រាប់ប្រើប្រាស់លើមនុស្ស៣,៥លាននាក់ដែរ នៅក្នុងអំឡុងខែមីនា។ សម្ដេច ហ៊ុន សែន ក៏បានសរសេរលិខិតស្នើជំនួយវ៉ាក់សាំងទៅរដ្ឋាភិបាលឥណ្ឌា និងរុស្ស៊ីរួចហើយ ខណៈរដ្ឋាភិបាលកំពុងពិចារណាលើការទិញវ៉ាក់សាំងពីអង់គ្លេសមួយទៀត។ វ៉ាក់សាំងអង់គ្លេសនេះ តម្លៃ៤ ឬ៥ដុល្លារប៉ុណ្ណោះ ស្របពេលវ៉ាក់សាំងចិន មានតម្លៃ២០ដុល្លារ។
 
បើតាមការគ្រោងទុកនេះ កម្ពុជានឹងទទួលបានជំនួយវ៉ាក់សាំង១១លានដូស ស្របពេលកម្ពុជាត្រៀមទិញវ៉ាក់សាំង២០លានដូស សម្រាប់មនុស្ស១០លាននាក់៕


Tag:
 ហ៊ុន សែន
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com