COVID-19
ជាតិ
សម្ដេច ហ៊ុន សែន បញ្ជាកូនប្រុសបង្កើតទាំង៣ និងកូនអ្នកធំ ចាក់វ៉ាក់សាំងពីចិន
07, Feb 2021 , 6:36 pm        
រូបភាព
រូបពីហ្វេសប៊ុកនាយករដ្ឋមន្រ្តី
រូបពីហ្វេសប៊ុកនាយករដ្ឋមន្រ្តី
ភ្នំពេញ៖ សម្ដេច ហ៊ុន សែន បានបញ្ជាឱ្យកូនប្រុសបង្កើតទាំង៣ និងកូនប្រសារប្រុស២នាក់ ចាក់វ៉ាក់សាំងកូវីដ-១៩ ពីចិន ដើម្បីផ្ដល់ទំនុកចិត្ត ដល់ប្រជាពលរដ្ឋ ។ សម្ដេច ហ៊ុន សែន ថ្លែងបែបនេះ នៅក្នុងសន្និសីទកាសែតក្រោយទទួលយកវ៉ាក់សាំងពីចិនដោយផ្ទាល់ នៅព្រលានយន្តនាថ្ងៃទី៧ កុម្ភៈ។



សម្ដេច មិនអាចចាក់វ៉ាក់សាំងកូវីដ-១៩ ពីចិនឡើយ ក្រោមហេតុផលលើសអាយុ។ បានន័យថា សម្ដេច ហ៊ុន សែន មានអាយុ៦៨ឆ្នាំ ខណៈដែលវ៉ាក់សាំងចិន អាចចាក់លើមនុស្សអាយុចាប់ពី១៨ ឆ្នាំទៅ៥៩ឆ្នាំប៉ុណ្ណោះ។

ដោយសារតែមិនអាចចាក់បាន ទើបសម្ដេច ហ៊ុន សែន បញ្ជាឱ្យកូនប្រុសបង្កើតខ្លួនទាំង៣ រួមមានលោក ហ៊ុន ម៉ាណែត លោក ហ៊ុន ម៉ានិត និងលោក ហ៊ុន ម៉ានី រួមទាំងកូនប្រសារប្រុសទាំងពីរ ចាក់វ៉ាក់សាំងចិននេះ ជំនួសសម្ដេច ដើម្បីបង្ហាញជំនឿចិត្តលើពលរដ្ឋ។ មិនតែប៉ុណ្ណោះសម្ដេច ក៏បញ្ជាឱ្យមន្ត្រីជាន់ខ្ពស់ នៅជួរកងទ័ព និងរដ្ឋាភិបាល រួមទាំងកូនអ្នកធំរបស់មន្ត្រីរដ្ឋាភិបាលទាំងអស់ ចាក់វ៉ាក់សាំងនេះផងដែរ។

ដោយឡែកក្រុមអ្នកសារព័ត៌មាន គឺស្ថិតនៅក្នុងក្រុមអាទិភាព ដែលអាចទទួលបានវ៉ាក់សាំងកូវីដ-១៩ ពីចិន។ សម្ដេច ហ៊ុន សែន បានបញ្ជាឱ្យក្រសួងសុខាភិបាល សហការជាមួយក្រសួងព័ត៌មាន ដើម្បីធ្វើការការពារលើក្រុមអ្នកសារព័ត៌មាន តាមរយៈការវ៉ាក់សាំងនេះ។សម្រាប់ទីតាំងចាក់វ៉ាក់សាំងនោះ គឺនៅមន្ទីរពេទ្យកាល់ម៉ែត្រ។

ក្រៅពីកម្រិតអាយុហើយនោះ វ៉ាក់សាំងចិននេះ ក៏មិនអាចចាក់លើអ្នកមានបញ្ហាសុខភាព និងជំងឺផ្សេងៗផងដែរ។ ប្រភេទជំងឺ ដែលមិនអាចទទួលវ៉ាំក់សាំងបាននោះ រួមមាន អ្នកមានបញ្ហាអាឡែហ្ស៊ីផ្សេងៗ ,អ្នកដែលមានបញ្ហាដង្ហើម, រលាកសរសៃឈាម អ្នកចេញកន្ទាលត្រអាក, អ្នកជំងឺរុំាំរ៉ៃ ,អ្នកជំងឺឆ្កួតជ្រូក ,ជំងឺរលាកស្រោមខួរ ,ជំងឺសរសៃប្រសាទ, ជំងឺតំណពូជ ,អ្នកមានសុខភាពខ្សោយ ,អ្នកកើតជំងឺអេដស៍ ,អ្នកមហារីកកូនកណ្តុរ ,អ្នកជំងឺឈាមស, អ្នកជំងឺបេះដូងសរសៃឈាមធ្ងន់ធ្ងរ ,ជំងឺថ្លើម ,ជំងឺតម្រងនោម និងជំងឺដុះដុំសាច់ធ្ងន់ធ្ងរ។ ជាពិសេសអ្នកដែលមានប្រវត្តិប្រតិកម្មក្រោយពីបានចាក់វ៉ាក់សាំងផ្សេងៗ។
អត្ថបទទាក់ទង

ចិនបាននាំយកវ៉ាក់សាំងកូវីដ-១៩ ចំនួន៦០ម៉ឺនដូសមកកម្ពុជា តាមជើងយន្តហោះយោធា Y-20 នៅម៉ោងជាង៤រសៀលថ្ងៃទី៧ កុម្ភៈនេះ ។ បើតាមគម្រោង កម្ពុជា នឹងទទួលបានវ៉ាក់សាំងពីចិន១លានដូស។






Tag:
 ហ៊ុន សែន
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com