វគ្គបណ្តុះបណ្តាលជំនាញសរសេរ និងផលិតព័ត៌មានតាមទូរសព្ទដៃមកដល់ខេត្តឧត្តរមានជ័យ
ជាតិ
យុវជនសកម្ម សេវាល្អ
វគ្គបណ្តុះបណ្តាលជំនាញសរសេរ និងផលិតព័ត៌មានតាមទូរសព្ទដៃមកដល់ខេត្តឧត្តរមានជ័យ
08, Feb 2021 , 10:18 am        
រូបភាព
ឧត្តរមានជ័យ៖ នៅព្រឹកថ្ងៃទី ៨ ខែកុម្ភៈនេះ សារព័ត៌មានថ្មីៗ ចាប់ផ្ដើមវគ្គបណ្ដុះបណ្ដាលជំនាញ«សរសេរ និងផលិតវីដេអូព័ត៌មានតាមទូរសព្ទ»  ដល់យុវជនចំនួន ៤៦នាក់ មកពីខេត្តឧត្ដរមានជ័យ សៀមរាប រតនគិរី និងកំពង់ធំ នៅក្រុងសំរោង ខេត្តឧត្តរមានជ័យ។ វគ្គបណ្ដុះបណ្ដាលនេះ មានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី ៨-១១ ខែកុម្ភៈ ក្រោមកិច្ចសហការរៀបចំពីអង្គការតម្លាភាពកម្ពុជា (Transparency International Cambodia) និងអង្គការអាក់សិនអេតប្រចាំកម្ពុជា (ActionAid Cambodia) ដោយទទួលបានការគាំទ្រមូលនិធិពីសហភាពអឺរ៉ុប (EU) ប្រចាំកម្ពុជា និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអែត (SIDA)។



ខេត្តឧត្តរមានជ័យ ជាគោលដៅទីបី នៃវគ្គបណ្ដុះបណ្ដាលសារព័ត៌មាន ដោយកាលពីខែវិច្ឆិកា វគ្គបណ្ដុះបណ្ដាលដំបូង ត្រូវធ្វើឡើងនៅខេត្តកំពង់ធំ មានអ្នកចូលរួម២៥នាក់ បន្ទាប់មក ក្នុងខែ មករា ធ្វើឡើងនៅខេត្តកំពត មានអ្នកចូលរួមជាង៣០នាក់។ អ្នកជំនាញ និងអ្នកកាសែតដែលមានបទពិសោធន៍ច្រើនឆ្នាំ នៃសារព័ត៌មានថ្មីៗ និងអង្គការដៃគូ គឺជាគ្រូឧទ្ទេសនៃវគ្គបណ្តុះបណ្តាលនេះ។



លោក វ៉ែន សារឿត មន្រ្តីគុណភាពកម្មវិធីនៃអង្គការអាក់សិនអេតប្រចាំកម្ពុជា បានបព្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះ ជាផ្នែកមួយនៃការពង្រឹងសិទ្ធិអំណាចរបស់ស្រ្តីវ័យក្មេង ក្នុងការសម្រេចចិត្ត និងពង្រីកសិទ្ធអំណាចរបស់យុវជន ដើម្បីមានសមត្ថភាពជំរុញសេវាសាធារណៈ។ លោក បន្ថែមថា គម្រោងនេះមិនត្រឹមតែបណ្ដុះបណ្ដាលដល់យុវជនប៉ុណ្ណោះទេ តែក៏បានបណ្ដុះបណ្ដាលដល់មន្រ្តីថ្នាក់ជាតិ និងក្រោមជាតិ ក្នុងគោលបំណង ពង្រឹងការផ្ដល់សេវាសាធារណៈកាន់តែប្រសើរដល់ពលរដ្ឋ។
តាមរយៈវគ្គបណ្ដុះបណ្ដាលនេះ លោក រំពឹងថា សិក្ខាកាមទាំងអស់នឹងយល់កាន់តែច្បាស់ពីសិទ្ធអំណាចរបស់ខ្លួន និងក្លាយជាយុវជនសកម្មជួយដល់សហគមន៍ខ្លួន។

 

ជាមួយគ្នានេះ លោក គី សុខលីម សហស្ថាបនិក និងជាចាងហ្វាងការផ្សាយរបស់សារព័ត៌មានថ្មីៗ បានលើកឡើងថា វគ្គបណ្ដុះបណ្ដាលនេះ មានសារសំខាន់ដល់យុវជនសិក្ខាកាមទាំងអស់ ព្រោះប្រសិនយុវជនយកចិត្តទុកដាក់រៀនសូត្ររយៈពេល៤ថ្ងៃនេះ យុវជននឹងទទួលបានចំណេះដឹងជាច្រើន ជាពិសេសអាចក្លាយជាអ្នកសារព័ត៌មានជួយផ្សព្វផ្សាយសហគមន៍របស់ខ្លួន និងអាចក្លាយជាមន្រ្តី នៅតាមអង្គការក្រៅរដ្ឋាភិបាល , វិស័យរដ្ឋ ,ឯកជន ,អ្នកជំនួញ និងអ្នកនិពន្ធផងដែរ។ លោកបានបញ្ជាក់ថា៖ «រៀន៤ថ្ងៃ បង្កើតការងារ ៦មុខ យើងអាចធ្វើការក្នុង៦ស្ថាប័នខុសគ្នា»។



លោក Pierre Gillette អ្នកសារព័ត៌មានដែលមានបទពិសោធន៍ជាង៤០ឆ្នាំ និងជាគ្រូឧទ្ទេសម្នាក់ក្នុងវគ្គបណ្តុះបណ្តាល  បានរំលឹកថា ព័ត៌មានប្រៀបដួចជាអាហារ ដែលតម្រូវឱ្យមនុស្សបរិភោគរាល់ថ្ង។ លោក បានបញ្ជាក់ថា បច្ចុប្បន្នព័ត៌មាន មានភាពសម្បូរបែប ងាយស្រួលដល់ពលរដ្ឋទទួលព័ត៌មានបានច្រើន និងរហ័ស ប៉ុន្តែក៏ទទួលបានព័ត៌មានមិនពិតច្រើនដូចគ្នា។ លោក បានណែនាំថា ក្នុងនាមជាអ្នកសារព័ត៌មានម្នាក់ ត្រូវតែគោរពវិជ្ជាជីវៈ និងត្រូវត្រួតពិនិត្យព័ត៌មានខ្លួនឱ្យច្បាស់មុននឹងផ្សាយ។
វគ្គបណ្តុះបណ្តាលនេះ គឺផ្នែកមួយនៃគម្រោង«ពង្រឹងសិទ្ធិអំណាចរបស់ស្រ្តីវ័យក្មេង ក្នុងការធ្វើសេចក្តីសម្រេចចិត្ត និងជំរុញការផ្តល់សេវាសាធារណៈ ឱ្យកាន់តែមានគណនេយ្យភាព» ដែលកំពុងអនុវត្តរួមគ្នា ដោយអង្គការអាក់សិនអេតកម្ពុជា និងអង្គការតម្លាភាពកម្ពុជា ជាមួយអង្គការ និងស្ថាប័នដៃគូចំនួន៩ ទៀត។



គម្រោងនេះ គឺទទួលបានជំនួយហិរញ្ញវត្ថុ ពីសហភាពអឺរ៉ុប(EU) និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអែត (SIDA) ។ គម្រោងនេះមានរយៈពេល៣ឆ្នាំ ដោយចាប់ផ្តើមឆ្នាំ២០២០ ដល់ឆ្នាំ២០២៣។ ឧត្តរមានជ័យ ជាខេត្តគោលដៅទីបី នៃវគ្គបណ្តុះបណ្តាលសារព័ត៌មាន បន្ទាប់ពីខេត្តកំពង់ធំ និងកំពត  មុនបន្តទៅកាន់បណ្តាខេត្តផ្សេងៗទៀត រួមមាន ពោធិ៍សាត់ និងកោះកុង។ វគ្គបណ្តុះបណ្តាលនេះ អាចប្រព្រឹត្តទៅបានក្រោមការសម្របសម្រួលរបស់ អង្គការក្រុមប្រឹក្សាយុវជនកម្ពុជា (YCC)៕







































© រក្សាសិទ្ធិដោយ thmeythmey.com