COVID-19
អន្តរជាតិ
បង់​ក្លា​ដែ​ស ចាប់ផ្តើម​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩
08, Feb 2021 , 10:29 am        
រូបភាព
វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដែលបង់ក្លាដែសបានទទួលពីឥណ្ឌា នៅខែមករា។ រូបភាព៖ Reuters
វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដែលបង់ក្លាដែសបានទទួលពីឥណ្ឌា នៅខែមករា។ រូបភាព៖ Reuters
​បង់​ក្លា​ដែ​ស នៅ​ថ្ងៃទី​៧ ខែកុម្ភៈ បានចាប់ផ្តើម​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩ នៅ​ទូទាំងប្រទេស​ហើយ​។ ប្រ​ទស​អាស៊ី​ខាងត្បូង​មួយ​នេះ កំណត់​គោលដៅ​ចាក់​ឱ្យបាន​មនុស្ស​ចំនួន ៣,៥​លាន​នាក់ នៅក្នុង​ខែ​ដំបូង​នៃ​យុទ្ធនាការ​របស់ខ្លួន​។

 
​វ៉ាក់សាំង ជា​ក្តីសង្ឃឹម​ថ្មី​សម្រាប់​ប្រទេស​នីមួយៗ ក្នុងការ​ទប់ស្កាត់​កូ​វីដ​-១៩​។ បន្ទាប់ពី​ដឹក​មកដល់​នៅ​ចុង​ខែមករា​កន្លងមក បង់​ក្លា​ដែ​ស​បានចាប់ផ្តើម​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩ ហើយ​នៅ​ថ្ងៃទី​៧ ខែកុម្ភៈ​។ វ៉ាក់សាំង​ដែល​បង់​ក្លា​ដែ​ស​ចាក់​នេះ ជា​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​AstraZeneca ដែល​ផលិត​ដោយ​វិទ្យាស្ថាន Serum របស់​ឥណ្ឌា ក្រោម​យីហោ «COVISHIELD»​។ 
 
​ថ្លែងប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters លោក​រដ្ឋមន្ត្រី​សុខាភិបាល Zahid Maleque បាន​អះអាងថា វ៉ាក់សាំង​ប្រភេទ​នេះ គឺ​ល្អ និង​សុវត្ថិភាព​បំផុត​។ « ការរង់ចាំ​បានបញ្ចប់​ហើយ​។ នេះ​គឺជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​សម្រាប់​យើង បន្ទាប់ពី​ឆ្នាំ​ដ៏​លំបាក​»​។ លោក​រដ្ឋមន្ត្រី​សុខាភិបាល​បង់​ក្លា​ដែល បានលើកឡើង​បែបនេះ ដោយ​បន្ថែមថា លោក​ក៏បាន​ចាក់​វ៉ាក់សាំង​នៅក្នុង​ថ្ងៃទី​៧ ខែមករា​ដែរ និង​មិនមាន​បញ្ហា ឬ​ធ្វើទុក្ខ​អ្វី​ទេ​។ 
 
​ខណៈ​វ៉ាក់សាំង​ជា​ផ្នែក​មួយ​នៃ​ការទប់ស្កាត់​ការ​រាលដាល​នៃ​កូ​វីដ​-១៩ លោក Zahid Maleque បាន​អំពាវនាវ​ឱ្យ​ប្រជាជន កុំ​ស្តាប់​ពាក្យ​លេចលឺ​ផ្សេងៗ​ជុំវិញ​ផល​អវិជ្ជមាន​នៃ​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩ និង​ទៅ​ចាក់​វ៉ាក់សាំង​នេះ ទាំងអស់គ្នា​។ បើតាម​លោក​រដ្ឋមន្ត្រី ក្រុមគ្រូពេទ្យ​ថែទាំ​អ្នកជំងឺ​កូ​វីដ​-១៩ ចំនួន​៥៦៧​នាក់ បាន​ចាក់​វ៉ាក់សាំង​រួចហើយ​។ ពួកគេ​ត្រូវបាន​ចាក់​មួយ​សប្តាហ៍​មុន​យុទ្ធនា​ការចាក់​វ៉ាក់សាំង​នៅ​ថ្ងៃទី​៧ ខែកុម្ភៈ នេះ ហើយ មិន​រង​ផលប៉ះពាល់​អ្វី​ទេ​។ 
 
​ប្រសិន​គ្មាន​ការប្រែប្រួល​ទេ ប្រទេស​ស្ថិតក្នុង​តំបន់​អាស៊ី​ខាងត្បូង​មួយ​នេះ គ្រោង​នឹង​ចាក់​វ៉ាក់សាំង​ឲ្យ​ប្រជាជន​របស់ខ្លួន ៨០​ភាគរយ នៃ​ប្រជាជន​សរុប​។ នៅ​យុទ្ធនាការ​ខែ​ដំបូង បង់​ក្លា​ដែ​ស នឹង​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩ ឲ្យ​បាន​មនុស្ស​ចំនួន ៣,៥​លាន​នាក់​។ ប្រជាជន​សរុប​របស់​បង់​ក្លា​ដែ​សមាន​ចំនួន​ប្រមាណ ១៧០​លាន​នាក់​។ 
 
​កន្លងមក រដ្ឋាភិបាល​បង់​ក្លា​ដែ​ស បានទទួល​វ៉ាក់សាំង​ចំនួន​៥​លាន​ដូ​ស​រួចហើយ ក្រោម​ការបញ្ជាទិញ​៣០​លាន​ដូ​ស​ពី​វិទ្យាស្ថាន Serum​។ បន្ថែម​ពីលើ​នេះ ប្រទេសមួយ​នេះ ក៏បាន​ទទួល​អំណោយ​ជា​វ៉ាក់សាំង COVISHIELD ចំនួន ២​លាន​ដូ​ស​ផ្សេងទៀត ពី​ឥណ្ឌា​ផងដែរ​។ 
 
​គិត​ត្រឹម​ថ្ងៃទី​៧ ខែកុម្ភៈ បង់​ក្លា​ដែ​សមាន​ករណី​ឆ្លង​កូ​វីដ​-១៩ សរុប​ចំនួន ៥៣៨០៦២​ករណី និង​អ្នក​ស្លាប់មាន​ចំនួន ៨២០៥​នាក់​។ ចំណែក​អ្នកជា​សះស្បើយ​មាន​ចំនួន ៤៨៣ ៣៧២​នាក់​៕ 

Tag:
 ​បង់​ក្លា​ដែ​ស​
  កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com