COVID-19
ជាតិ
ក្រសួងសុខាភិបាល ប្រើប្រាស់មន្ទីរពេទ្យ៤ សម្រាប់ចាក់វ៉ាក់សាំងកូវីដ ជូនឥស្សរជននិងអ្នកកាសែត
08, Feb 2021 , 1:50 pm        
រូបភាព
រូប៖ AFP
រូប៖ AFP
ក្រសួងសុខាភិបាល បានយកមន្ទីរពេទ្យ៤ រួមមាន មន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យព្រះអង្គឌួង មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និង មន្ទីរពេទ្យកុមារជាតិ ដែលសុទ្ធតែស្ថិតក្នុងរាជធានីភ្នំពេញ សម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនឥស្សរជន និងអ្នកកាសែត ចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១តទៅ។ នេះតាមសេចក្តីជូនដំណឹងរបស់លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ដែលចេញនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១។



រដ្ឋមន្រ្តីក្រសួងសុខាភិបាល កំណត់ថា ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី រដ្ឋលេខាធិការ ឬឥស្សរជនផ្សេងទៀតដែលមានឋានៈស្មើ ទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យកាល់ម៉ែត, អនុរដ្ឋលេខាធិការ ឬឥស្សរជនផ្សេងទៀត មានឋានៈស្មើ ទៅចាក់នៅមន្ទីរពេទ្យអង្គឌួង, អភិបាលរាជធានី-ខេត្ត ទៅចាក់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត, ហើយចំពោះអ្នកកាសែត ទៅចាក់នៅមន្ទីរពេទ្យកុមារជាតិ។

ការកំណត់យកមន្ទីរពេទ្យទាំង៤ សម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនឥស្សរជននិងអ្នកកាសែតនេះ គឺធ្វើឡើងដោយយោងទៅតាមប្រសាសន៍របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ក្នុងសន្និសីតសារព័ត៌មាន នៅល្ងាចថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ នៅព្រលានយន្តហោះភ្នំពេញ ដែលធ្វើឡើងក្រោយបញ្ចប់ពិធីទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩របស់ចិនឈ្មោះ ស៊ីណូហ្វាម (Sinopham) សម្តេចនាយករដ្ឋមន្រ្តី បានប្រកាសឲ្យកូនប្រុសទាំង៣ និងកូនប្រសា២នាក់ទៀត រួមទាំងបណ្តាឥស្សរជន និងកូនៗរបស់ពួកគេ ទៅចាក់វ៉ាក់សាំងនេះ ដើម្បីផ្តល់ទំនុកចិត្តដល់ប្រជាជន។

សម្តេចនាយករដ្ឋមន្រ្តី ដែលមានអាយុ៦៨ឆ្នាំទៅហើយនោះ រួមទាំងអ្នកផ្សេងទៀត ដែលមានអាយុលើសពី៥៩ឆ្នាំ ពុំអាចចាក់វ៉ាក់សាំងស៊ីណូហ្វាមរបស់ចិនបានឡើយ ដ្បិតវ៉ាក់សាំងនេះ អាចចាក់បានតែមនុស្ស ដែលមានអាយុចន្លោះពី១៨ឆ្នាំ ទៅ៥៩ឆ្នាំប៉ុណ្ណោះ។

ចិន បានយល់ព្រមផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន១លានដូស ដល់កម្ពុជា។ សម្រាប់ដំណាក់ដំបូង ចិន បានបញ្ជូន៦០ម៉ឺនដូស មកដល់កម្ពុជាហើយ។ ៦០ម៉ឺនដូសនេះ អាចចាក់មនុស្សបាន៣០ម៉ឺននាក់ (ម្នាក់ចាក់២ដូស)។

ក្រៅពីចិន នៅមានប្រទេសផ្សេងទៀត ដូចជា ឥណ្ឌា រុស្ស៊ី អូស្រ្តាលី និង សហភាពអឺរ៉ុប ជាដើម ដែលកម្ពុជា ស្នើសុំវ៉ាក់សាំងការពារជំងឺកូវីដ-១៩។ ឥណ្ឌា យល់ព្រមហើយថា នឹងផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន១០ម៉ឺនដូសដល់កម្ពុជា ខណៈអូស្រ្តាលី សម្រេចផ្តល់ជំនួយជាទឹកប្រាក់ប្រមាណ២៨លានដុល្លារ សម្រាប់ចំណាយលើកម្មវិធីចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩។ ចំណែកខាងរុស្ស៊ីនិងសហភាពអឺរ៉ុប មិនទាន់មានព័ត៌មាននៅឡើយទេ។ ទន្ទឹមនឹងនេះ កម្ពុជា នឹងទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន៧លានដូស ពីអង្គការសុខភាពពិភពលោក។

រដ្ឋាភិបាលកម្ពុជា រំពឹងថា នឹងទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ យ៉ាងតិចចំនួន២០លានដូស ដោយក្នុងចំណោម២០លានដូសនោះ មានមួយចំនួនធំ ជាជំនួយរបស់ប្រទេសជាមិត្ត និងជាជំនួយរបស់អង្គការអន្តរជាតិ ហើយមួយចំនួនទៀត រដ្ឋាភិបាលកម្ពុជា ត្រូវចំណាយថវិកាទិញ៕

Tag:
 វ៉ាក់សាំងកូវីដ
© រក្សាសិទ្ធិដោយ thmeythmey.com