COVID-19
ជាតិ
សុខភាព
អ្នកដំណើរ​ពី​អាមេរិក និង​ចិន ២​នាក់​ទៀត មាន​កូ​វីដ​-១៩ ខណៈ​អ្នកជំងឺ​សះស្បើយ​១​នាក់​
09, Feb 2021 , 9:41 am        
រូបភាព
​​ភ្នំពេញ​៖ កម្ពុជា​បន្ត​រកឃើញ​វិជ្ជមាន​កូ​វីដ​-១៩(COVID-19)​ចំនួន​២​ករណី​ទៀត នៅលើ​អ្នកដំណើរ​មក​ដែល​ទើប​មកពី​បរទេស​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល នា​ព្រឹក​ថ្ងៃទី​៩​កុម្ភៈ ដោយ​បញ្ជាក់ថា អ្នកដំណើរ​ដែល​បាន​ឆ្លង​កូ​វីដ​-១៩​នោះ មាន​ម្នាក់​មកពី​ប្រទេស​ចិន និង​ម្នាក់ទៀត​មកពី​សហរដ្ឋ​អាមេរិក​។

 
​ក្រសួងសុខាភិបាល​បាន​រៀបរាប់ថា ក្នុងចំណោម​អ្នកដំណើរ​ទាំងពីរ​នាក់​ខាងលើ​ដែល​បាន​ឆ្លង​កូ​វីដ​-១៩​នោះ មាន​ស្ត្រីជន​ជាតិខ្មែរ​វ័យ​១៩​ឆ្នាំ​ម្នាក់ មាន​អាសយដ្ឋាន​ស្នាក់នៅ​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ ស្ត្រី​រូបនេះ បានធ្វើ​ដំណើរ​មកពី​ស​ហ​រដ្ឋ​អាមេរិក បន្ត​ជើងហោះហើរ​នៅ​ប្រទេស​កូរ៉េខាងត្បូង ហើយ​មកដល់​កម្ពុជា​នៅ​ថ្ងៃទី​៧​កុម្ភៈ​។ ក្នុង​ថ្ងៃ​ជាមួយគ្នានេះ កម្ពុជា​ក៏បាន​រកឃើញ​វិជ្ជមាន​កូ​វីដ​-១៩​លើ​ស្ត្រីជន​ជាតិចិន អាយុ​២៦​ឆ្នាំ ដែល​បានធ្វើ​ដំណើរ​មកពី​ប្រទេស​ចិន បន្ត​ជើងហោះហើរ​នៅ​ប្រទេស​កូរ៉េខាងត្បូង ផងដែរ​។​
 
​ដោយឡែក មនុស្ស​ទាំង​៩២​នាក់​ទៀត ដែល​បានធ្វើ​ដំណើរ​ជាមួយ​អ្នក​ឆ្លង​កូ​វីដ​-១៩​ទាំងពីរ​នាក់​នោះ គឺ​កំពុង​ធ្វើ​ច​ត្កា​ឡី​ស័ក​១៤​ថ្ងៃ នៅ​សណ្ឋាគារ​នានា និង​នៅ​ស្ថានទូត​អាមេរិក ក្រោយ​លទ្ធផល​តេស្ត​អវិជ្ជមាន​នៃ​ជំងឺ​នេះ​។ 
 
​ជាមួយគ្នានេះ ក្រសួងសុខាភិបាល​ក៏​ប្រកាស​ពី​ដំណឹង​ល្អ ចំពោះ​បុរស​ជនជាតិ​ឥណ្ឌូណេស៊ី​អាយុ​២៤​ឆ្នាំ ដែល​បានជា​សះស្បើយ​ពី​កូ​វីដ​-១៩ ផងដែរ​។ បុរស​ដែល​សះស្បើយ​ពី​កូ​វីដ​-១៩​នេះ មាន​អាសយដ្ឋាន​ស្នាក់នៅ ខេត្ត​ព្រះសីហនុ ជា​អ្នកដំណើរ​មក ពី​ប្រទេស​ឥណ្ឌូណេស៊ី បន្ត​ជើងហោះហើរ​នៅ​ប្រទេស​សិង្ហ​បុរី មកដល់​កម្ពុជា កាលពី​ថ្ងៃទី​១២​មករា ឆ្នាំ​២០២១​។ 
​គិត​ត្រឹម​ថ្ងៃទី​៩​កុម្ភៈ​នេះ កម្ពុជា​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩ សរុប​៤៧៦​នាក់​។ ក្នុងនោះ អ្នកជា​សះស្បើយ​មាន​៤៥៧​នាក់ និង​អ្នកជំងឺ​១៩​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​៕ 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com