ជាតិ
រដ្ឋាភិបាល​ច្រានចោល​របាយការណ៍​អាដហុក ដែល​រកឃើញ​ការរំលោភ​សេរីភាព​ជាង​១៧០​ករណី ឆ្នាំ​២០២០
09, Feb 2021 , 8:29 pm        
រូបភាព
ភ្នំពេញ​៖ សមាគម​អាដហុក​បាន​បង្ហាញថា ពេញ​មួយឆ្នាំ​២០២០ មានការ​រំលោភបំពាន​សិទ្ធិសេរីភាព​ពលរដ្ឋ​នៅ​មូលដ្ឋាន​១៧៨​ករណី នៅ​រាជធានី​-​ខេត្ត​ចំនួន​១៨ ។ អាដហុក អះអាងថា ការបំភិតបំភ័យ​និង​ធ្វើទុក្ខបុកម្នេញ​ពី​សំណាក់​អាជ្ញាធរ មកលើ​ក្រុម​ឬ​អ្នកប្រើប្រាស់​សេរីភាព​បញ្ចេញមតិ និង​ការជួបជុំ​ដោយ​សន្តិវិធី នៅតែ​បន្ត​កើតមាន​។ មន្ត្រី​សិទ្ធិមនុស្ស​រដ្ឋាភិបាល ចាត់ទុក​របាយការណ៍​នេះ ជាការ​ចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ និង​មាន​និន្នាការ​ប្រឆាំង​រដ្ឋាភិបាល​។


​របាយការណ៍​ការ​សមា​គម​អាដហុក ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​៤​កុម្ភៈ​ថា ពលរដ្ឋ​ដែល​ចូលរួម​សកម្មភាព​ជាមួយ​អង្គកា​រ​សមាគម និង​សហជីព ត្រូវបាន​រារាំង​និង​ប្រើ​អំពើហិង្សា​ពី​អាជ្ញាធរ ដោយ​មិន​អនុញ្ញាត​ឲ្យ​ធ្វើបាតុកម្ម​ដោយ​សន្តិវិធី​តាមច្បាប់​ឡើយ​។ តាម​ការឃ្លាំមើល​របស់​សមាគម​អា​ហុក​រកឃើញថា អាជ្ញាធរ​បាន​តាមដាន​និង​គំរាមកំហែង នៅពេល​ពលរដ្ឋ​ចូលរួម​សម្ដែង​មតិ​និង​ទាមទារ​រក​ដំណោះស្រាយ​លើ​បញ្ហាដីធ្លី ព្រៃ​ឈី ធនធានធម្មជាតិ​ជាដើម​។ របាយការណ៍​ដដែល ក៏បាន​សង្កត់ធ្ងន់ថា សេរីភាព​សម្ដែង​មតិ ត្រូវបាន​រឹតត្បិត​កាន់តែខ្លាំង​នៅ​ឆ្នាំ​២០២០​។ 
 
«​អតីត​អ្នកគាំទ្រ​ក៏ដូចជា​សកម្មជន​មួយចំនួន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ពួកគេ​ទាំងនោះ​ត្រូវបាន​សមត្ថកិច្ច​បង្ខំ​ឲ្យ​ធ្វើ​កិច្ចសន្យា ឈប់​ចែករំលែក​ព័ត៌មាន​តាម​ប្រព័ន្ធ​បណ្ដាញ​សង្គម ទទួលរង​នូវ​ការប្រើ​អំពើហិង្សា​ពី​សំណាក់​ជន​មិន​ស្គាល់មុខ និង​ទទួលរង​ការឃាត់ខ្លួន បញ្ជូន​ខ្លួន​ទៅ​តុលាការ ដើម្បី​ធ្វើការ​ចោទប្រកាន់ និង​រត់គេចខ្លួន​ពី​ការ​តាម​ចាប់ខ្លួន ពី​ការ​ធ្វើទុក្ខបុកម្នេញ​។ ខ្លះទៀត​កំពុងតែ​ជាប់ឃុំ​ខ្លួន​...»​។ នេះ​បើតាម​សមាគម​អាដហុក ។ 
 
​ក្រោយពី​សមាគម​អាដហុក​ចេញ​របាយការណ៍​ខាង​លើក​នេះ នៅ​ថ្ងៃទី​៦​កុម្ភៈ គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ក៏​បានចេញ​សេចក្ដី​សង្ខេប​ព័ត៌មាន​ពី​ស្ថានភាព​សិទ្ធិមនុស្ស​និង​ការអនុវត្ត​ច្បាប់​នៅ​កម្ពុជា​ឆ្នាំ​២០២០​ដែរ ដើម្បី​ឆ្លើយតប​នឹង​របាយការណ៍​នេះ​។ លោក ជិន ម៉ា​លីន បាន​អះអាងថា របាយការណ៍​ទាំងនេះ គ្រាន់តែ​ប្រមូល​ហើយ​បូកសរុប​ព្រឹត្តិ​កាណ៍ ពោល​គ្មាន​មូលដ្ឋាន​ច្បាប់​ច្បាស់លាស់​។ 
 
​អនុប្រធាន​គណៈកម្មាធិកា​រ​សិទ្ធិមនុស្ស​កម្ពុជា​រុ​ប​នេះ បាន​សង្កត់ធ្ងន់ថា​៖ «​ជា​ទម្លាប់​របស់​អង្គការ​ទាំងនេះ កាលណា​អាជ្ញាធរ​អនុវត្ត​ច្បាប់​លើ​ក្រុម​គោលដៅ​ដែល​គេ​មាន​របៀបវារៈ​ច្បាស់លាស់​ក្នុងការ​ការពារ ដូចជា​សកម្មជន​អតីត​បក្សប្រឆាំង សកម្មជន​អង្គការ​សង្គម​ស៊ីវិល ដែលមាន​និន្នាការ​ប្រឆាំង គឺ​ពួកគេ​តែងតែ​ធ្វើការ​សន្និដ្ឋាន និង​ចោទប្រកាន់ថា​ជាការ​រំលោក​ភ​សិទ្ធិមនុស្ស ដោយ​មិន​ខ្ចី​អើពើ​និង​ធ្វើការ​ពិចារណា​លើ​ទិដ្ឋភាព​និង​នីតិវិធី​ច្បាប់ អង្គហេតុ​...»​។ លោក ជិន ម៉ា​លីន ចាត់ទុក​របាយការណ៍​ទាំងនោះ ធ្វើឡើង​ដោយ​ស្រង់​មតិ​តែមួយ​ជ្រុង​ប៉ុណ្ណោះ​។  
 
​ពាក់ព័ន្ធ​នឹង​ស្ថានភាព​សិទ្ធិសេរីភាព​មូលដ្ឋាន​នេះ សមាគម​អាដហុក​បាន​លើក​ជា​អនុសាសន៍​ថា គួរតែ​ធ្វើ​សម្បទាន​នយោបាយ​ក្នុង​ស្មារតី​បង្រួបបង្រួម​ជាតិ​ចេញពី​បក្ស​កាន់អំណាច ដើម្បី​ដោះស្រាយ​បញ្ហានយោបាយ​ឲ្យ​បាន​មុនពេល​បោះឆ្នោត​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​។ ការធ្វើ​បែបនេះ ជា​កត្តា​នាំ​ឲ្យ​ស្ថានភាព​នៃ​ការគោរព​សិទ្ធិមនុស្ស​ប្រសើរ​ឡើងវិញ​។ 
 
​អាដហុក ក៏​ស្នើឱ្យ​រដ្ឋាភិបាល​ដោះលែង​និង​ទម្លាក់ចោល​ការចោទប្រកាន់​ចំពោះ​អ្នកនយោបាយ សកម្មជន​នយោបាយ អ្នក​បញ្ចេញមតិ​ខាង​បរិស្ថាន សង្គម​ជាដើម​។ សមាគម​អាដហុក​បាន​សង្កត់ធ្ងន់​ថា «​ដាក់វិន័យ​ឬ​ទោស​តាមច្បាប់ ចំពោះ​ម​ន្រី្ត​អាជ្ញាធរ​រដ្ឋ ដែល​បាន​រំលោភបំពាន​លើ​សិទ្ធិសេរីភាព​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ ដែល​មិនបាន​អនុវត្តតាម​ច្បាប់​និង​លិខិតបទដ្ឋាន​គតិយុត្ត​ក្រសួងមហាផ្ទៃ​»​។ 
 
​បើតាម​អាដហុក ការកែលំអរ​ប្រព័ន្ធយុត្តិធម៌​នៃ​ស្ថាប័ន​តុលាការ ដោយ​អនុវត្ត​ឲ្យ​ម៉ឹងម៉ាត់ ហើយ​មិនត្រូវ​បកស្រាយ​ពន្លាត​ច្បាប់ ដើម្បី​ចោទប្រកាន់​លើ​ពលរដ្ឋ​ឡើយ​៕ 

Tag:
 សេរីភាព​មូលដ្ឋាន​
  អាដហុក​
 
© រក្សាសិទ្ធិដោយ thmeythmey.com