អន្តរជាតិ
បេសកកម្ម WHO នៅ​វូ​ហាន រក​ពុំ​ឃើញ​ប្រភព​ចម្លង​វីរុស​កូ​វីដ​-១៩ ទៅ​មនុស្ស​ឡើយ
09, Feb 2021 , 6:03 pm        
រូបភាព
អ្នកជំនាញរបស់ WHO ក្នុងសន្និសីទសារព័ត៌មានថ្ងៃទី៩ ខែកុម្ភៈ ។ រូបថត AFP
អ្នកជំនាញរបស់ WHO ក្នុងសន្និសីទសារព័ត៌មានថ្ងៃទី៩ ខែកុម្ភៈ ។ រូបថត AFP
ដោយ:
​បេសកកម្ម​របស់​ក្រុម​អ្នកជំនាញ​អង្គការ​សុខភាព​ពិភពលោក (WHO) នៅ​ថ្ងៃទី​៩ ខែកុម្ភៈ បានធ្វើ​សន្និសីទ​សារព័ត៌មាន​ដើម្បី​បង្ហាញ​លទ្ធផល​ស្រាវជ្រាវ​រក​ប្រភព​ជំងឺ​កូ​វីដ​-១៩ នៅ​ចិន​។ ក្រុមការងារ​បាន​ស្នាក់នៅ​ចិន​អស់​រយៈពេល​៤​សប្តាហ៍ ដោយ​ចំណាយពេល​២​សប្តាហ៍​ធ្វើ​ច​ត្តា​ឡី​ស័ក​ផង​។ ក្រុមការងារ​នេះ ដឹកនាំ​ដោយ​លោក​វេជ្ជបណ្ឌិត Peter Ben Embarek អ្នកជំនាញ​សុខភាព​ស្បៀង និង​ជំងឺ​សត្វ​របស់ WHO ។​

 
​ក្នុង​សន្និសីទ​ព័ត៌មាន​នៅ​រសៀល​ថ្ងៃទី​៩ ខែកុម្ភៈ​ពី​ទីក្រុង​វូ​ហាន លោក Liang Wannian ដែល​ដឹកនាំ​ក្រុមការងារ​អ្នកវិទ្យាសាស្ត្រ​ចិន​ក្នុង​បេសកកម្ម​រួមជាមួយ WHO និយាយថា ក្រុម​អ្នកជំនាញ​មិនទាន់​រកឃើញ​សត្វ​ដែល​ផ្ទុក​ជំងឺ​កូ​វីដ​-១៩ មុន​ចម្លង​ទៅ​មនុស្ស​ឡើយ​។ តាំងពីដើម​មក អ្នកវិទ្យាសាស្ត្រ​ជឿថា វីរុស SARS-Cov-2 ដែល​បង្ក​ទៅជា​ជំងឺ​កូ​វីដ​-១៩ ទៅ​មនុស្ស​តាមរយៈ​សត្វ​។  
 
 
​ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់ លោក Liang អះអាងថា ការសិក្សា​ក៏​បង្ហាញ​ដែរ​ថា មេរោគ​អាច​ស្ថិតក្នុង​របស់​ត្រជាក់​ដែល​នាំចូល​ពី​ទី​ឆ្ងាយ​។ ការលើកឡើង​បែបនេះ​មិនមែនជា​រឿង​ថ្មី​ឡើយ ខណៈ​រដ្ឋមន្ត្រីការបរទេស​ចិន ក៏ដូចជា​កាសែត​ក្នុងស្រុក​ចិន​បានលើកឡើង​ពី​លទ្ធភាព​នេះ​ជាច្រើន​ខែ​មកហើយ​។​
 
​បន្ថែម​ពីនេះ លោក Liang ក៏​បញ្ជាក់ថា ពុំមាន​អ្វី​បង្ហាញថា មាន​ជំងឺឆ្លង​សាយភាយ​ក្នុង​ក្រុង​វូ​ហាន មុន​ខែធ្នូ ឆ្នាំ​២០១៩​ឡើយ​។ ការលើកឡែង​បែបនេះ ផ្ទុយ​ពី​ការលើកឡើង​របស់​ប្រទេស​ឯទៀត​ដែលថា​ចិន​បាន​លាក់បាំង​ពី​ការផ្ទុះ​នៃ​ជំងឺ​នេះ​។ ការបញ្ជាក់​របស់លោក Liang ត្រូវបាន​គាំទ្រ​ដោយ​លោក Ben Embarak ដែលជា​ប្រធាន​ក្រុម​បេសកកម្ម​។ អ្នកជំនាញ WHO រូបនេះ​ប្រាប់​អ្នកសារព័ត៌មាន​ថា ពុំមាន​ភស្តុតាង​អ្វីដែល​បង្ហាញថា មាន​ការឆ្លង​ទ្រង់ទ្រាយ​ធំ​នៅ​វូ​ហាន មុន​ខែធ្នូ​ឡើយ​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​
 
​អំឡុងពេល​ស្នាក់នៅ​ទីក្រុង​វូ​ហាន ក្រុម​អ្នកជំនាញ​បាន​ទៅពិនិត្យ​ផ្សារ​លក់​សត្វព្រៃ Huanan ដែល​ស្ថិតក្នុង​ការសង្ស័យ​ជា​កន្លែង​ផ្ទុះ​ជំងឺ​ដំបូង មន្ទីរពេទ្យ​ដែល​ទទួល​ព្យាបាល​អ្នកជំងឺ​នៅពេល​មាន​ករណី​ផ្ទុះ​ដំបូង វិទ្យាស្ថាន​វីរុស​សាស្ត្រ​វូ​ហាន​ដែលជា​កន្លែង​ធ្វើតេស្ត​មេរោគ និង​មជ្ឈមណ្ឌល​គ្រប់គ្រង​ជំងឺឆ្លង​នៅ​ខេត្ត​ហ៊ូ​ប៉ី​។​
 
​នា​សន្និសីទ​ដដែល លោក Embarak ក៏​និយាយថា ការ​ធ្លាយ​វីរុស​ពី​កន្លែង​ពិសោធ​នៅ​វូ​ហាន ក៏​មិនអាច​កើតឡើង​ដែរ​។ ដូចនេះ បើតាម​លោក Embarak ដែល​ធ្លាប់​បម្រើការ​នៅ​ការិយាល័យ WHO ប្រចាំ​ប៉េកាំង អ្នកជំនាញ​មិន​ពិចារណា​លើ​សម្មតិកម្ម​នេះឡើយ​។ អតីត​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ជា​អ្នក​លេចមុខ​លេច​មាត់​ខ្លាំង​លើ​ការចោទប្រកាន់​ករណី​ឆ្លង​ធ្លាយ​វីរុស​នេះ​។ 
 
​ចិន​បាន​រាយការណ៍​ពី​ករណី​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ដំបូង​ទៅ WHO នៅ​ថ្ងៃទី​៣១ ធ្នូ ឆ្នាំ​២០១៩​។​
​បេសកកម្ម​របស់ WHO នេះ ក្លាយជា​រឿង​រសើប​សម្រាប់​ចិន ក៏ដូចជា​ការឆ្លើយ​ឆ្លង​ពាក្យសម្តី​រវាង​ចិន និង​អាមេរិក​។ អាមេរិក កាលពី​ពាក់កណ្តាល​ខែមករា​ទាមទារ​ឲ្យ​ការស៊ើបអង្កេត​នេះ​មាន​ភាពច្បាស់លាស់ និង​តម្លាភាព​។ ចិន វិញ​តប​ទៅ​អាមេរិក​ថា ខ្លួន​ប្រឆាំង​ដាច់ខាត​ការយក​បេសកកម្ម​នេះ​ធ្វើជា​រឿង​នយោបាយ និង​សង្កត់ធ្ងន់ថា បេសកកម្ម​នេះ​ជា​រឿង​វិទ្យាសាស្ត្រ​ទាំងស្រុង​។ 
 
​មិន​អត់​ឡើយ​ការសង្ស័យ​ជុំវិញ​ការស៊ើបអង្កេត​ស្វែងរក​ប្រភព​នៃ​ជំងឺ​នេះ​។ ជាក់ស្តែង​ក្រុមការងារ​ចំណាយពេល​តែ​១​ម៉ោង​ប៉ុណ្ណោះ​ដើម្បី​ពិនិត្យ​ផ្សារ​លក់​សត្វ​នៅ​ក្រុង​វូ​ហាន​។ បន្ថែម​ពីនេះ​ក្រុមការងារ ក៏​ចំណាយពេល​ជាច្រើន​ថ្ងៃ​ក្នុង​សណ្ឋាគារ​ដើម្បី​ជួប​មន្ត្រី​ចិន និង​ពុំបាន​ចេញទៅ​ទស្សនកិច្ច​ទីណា​ឡើយ​។​
 
​គិត​ត្រឹម​ថ្ងៃទី​៩ កុម្ភៈ ពិភពលោក​មាន​ករណី​ឆ្លង​ចំនួន​១០៦​លាន​ករណី ជាសះស្បើយ​ចំនួន​៥៩,៤​លាន​ករណី និង​ស្លាប់​ចំនួន​២,៣៣ លាន​នាក់​៕

Tag:
 ចិន​
 WHO
  កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com