COVID-19
ជាតិ
ពលករខ្មែរមកពីថៃ និងអ្នកដំណើរពីនីហ្សេរីយ៉ា ២នាក់ទៀត មានកូវីដ-១៩
10, Feb 2021 , 9:53 am        
រូបភាព
 លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល​
លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល​
ដោយ: ថ្មីៗ
 
ភ្នំពេញ៖ ក្រសួងសុខាភិបាលនាថ្ងៃទី១០ ខែកុម្ភៈបានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន២នាក់ទៀត ដែលជាអ្នកដំណើរមកពីប្រទេសថៃ និងប្រទេសនីហ្សេរីយ៉ា។



ក្រសួងសុខាភិបាលបានបញ្ជាក់ថា អ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន២នាក់នៅថ្ងៃនេះ ជាស្ត្រីជនជាតិខ្មែរអាយុ៤០ឆ្នាំ ស្នាក់នៅក្នុងភូមិព្រៃតាប ឃុំរោងរកោ ស្រុកក្រឡាញ់ ខេត្តសៀមរាប បានធ្វើដំណើរមកពីប្រទេសថៃ ហើយចូលមកកម្ពុជានៅថ្ងៃទី២៧ ខែមករា។ បច្ចុប្បន្នស្រ្តីរូបនោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យ។

ចំណែកអ្នកជំងឺម្នាក់ទៀតជាបុរសជនជាតិនីហ្សេរីយ៉ា អាយុ២៦ឆ្នាំ ស្នាក់នៅសណ្ឋាគារមួយកន្លែងក្នុងរាជធានីភ្នំពេញ បានធ្វើដំណើរមកពីប្រទេសនីហ្សេរីយ៉ា ហើយមកដល់កម្ពុជានៅថ្ងៃទី៨ ខែកុម្ភៈ។ បច្ចុប្បន្នបុរសរូបនោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

ចំពោះអ្នករួមដំណើរជាមួយនឹងបុរសជនជាតិនីហ្សេរីយ៉ានេះសរុបចំនួន៤០នាក់ ក៏ត្រូវបានពេទ្យធ្វើតេស្ត ដោយឃើញថា អវិជ្ជមានកូវីដ-១៩ទាំងអស់ ប៉ុន្តែពួកគេត្រូវបន្តធ្វើចត្តាឡីស័កជាបន្តទៀត។

គិតត្រឹមថ្ងៃទី១០ ខែកុម្ភៈនេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ សរុប៤៧៨នាក់។ ក្នុងនោះ អ្នកជាសះស្បើយមាន៤៥៧នាក់ និងសល់អ្នកជំងឺ២១នាក់ទៀត កំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួន៕



Tag:
 កូវីដ-១៩
  ជំងឺ
© រក្សាសិទ្ធិដោយ thmeythmey.com