ជាតិ
សង្គមជាតិ
«ពានរង្វាន់ដឹងគុណ»ជូនអ្នកសារព័ត៌មាននឹងប្រារព្ធធ្វើនៅថ្ងៃទី៣ខែឧសភាឆ្នាំ២០២១
10, Feb 2021 , 2:59 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ គម្រោង«ពានរង្វាន់ដឹងគុណ»ចំពោះអ្នកសារព័ត៌មាន៥ទសវត្សរ៍ពីឆ្នាំ១៩៧០-២០១០ ត្រូវបានផ្តួចផ្តើម និងរៀបចំដោយក្រសួងព័ត៌មាន។ សារព័ត៌មានអនឡាញត្នោត(TNAOT) និងសារព័ត៌មានអេឡិចត្រូនិក Thmeythmey គឺជាដៃគូសហការរៀបចំ និងឧបត្ថម្ភ។ អ្នកសារព័ត៌មានចំនួនជាង២០នាក់ក្នុងចន្លោះឆ្នាំ១៩៧០ និង២០១០ នឹងត្រូវជ្រើសរើសសម្រាប់ទទួល«ពានរង្វាន់ដឹងគុណ»នេះ។ អ្នកសារព័ត៌មានចំនួន៥នាក់នឹងជ្រើសរើសចេញពីទសវត្សរ៍នីមួយៗ។


 
សមាភាពគណៈកម្មការវាយតម្លៃសម្រាប់គម្រោង«ពានរង្វាន់ដឹងគុណ»ចំពោះអ្នកសារព័ត៌មានចំនួន៥រូបដែលមានលោក អ៊ុក គឹមសេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ជាប្រធានគណៈកម្មការ, លោក គី សុខលីម ចាងហ្វាងការផ្សាយរបស់សារព័ត៌មានថ្មីៗ ជាអនុប្រធាន, លោក លាង ដឺលុច នាយកប្រតិបត្តិក្លិបអ្នកកាសែតកម្ពុជា, លោក ទៀ សូផាត និពន្ធនាយកសារព័ត៌មានត្នោត TNAOT APP និងលោក ងួន ច័ន្ទមុនី ស្ថាបនិកអង្គភាពសារព័ត៌មាន Fresh News ជាសមាជិក បានជួបប្រជុំគ្នាជាលើកដំបូងនៅថ្ងៃពុធទី១០ខែកុម្ភៈឆ្នាំ២០២១នៅទីស្តីការក្រសួងព័ត៌មាន។ កិច្ចប្រជុំនេះបានធ្វើឡើងក្នុងគោលបំណងត្រួតពិនិត្យនិតិវិធីជ្រើសរើសបុគ្គលអ្នកសារព័ត៌មានដែលនឹងត្រូវទទួល«ពានរង្វាន់ដឹងគុណ»។
 
ក្រោយកិច្ចប្រជុំ គណៈកម្មការបានសម្រេចពង្រីកចំនួនអ្នកសារព័ត៌មានដែលត្រូវទទួលពានរង្វាន់បន្ថែមទៀត ពោល គឺបន្ថែមពីចំនួនជាង១០នាក់(ការសម្រេចលើកមុន)រហូតដល់ជាង២០នាក់(អ្នកទទួលពានរង្វាន់ដឹងគុណ)។ រីឯកាលបរិច្ឆេទនៃការរៀបចំពិធីប្រគល់ពានរង្វាន់ដឹងគុណអ្នកសារព័ត៌មាននឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី៣ខែឧសភាឆ្នាំ២០២១, ចំនឹងថ្ងៃទិវាសេរីភាពសារព័ត៌មានអន្តរជាតិ។ 


 
កាលពីថ្ងៃទី២២ មករាកន្លងមក ក្រសួងព័ត៌មាន បានសម្រេចបង្កើតគណៈកម្មការវាយតម្លៃ លើការផ្ដល់«ពានរង្វាន់ដឹងគុណចំពោះអ្នកសារព័ត៌មាន៥ទសវត្សរ៍ ចាប់ពីឆ្នាំ១៩៧០ ដល់២០១០»។ តើ«ពានរង្វាន់ដឹងគុណ»នេះ មានអត្ថន័យដូចម្តេច? 
 
«នេះ គឺជាពានរង្វាន់ដឹងគុណពោះអ្នកសារព័ត៌មាន ពោល គឺមិនមែនពានរង្វាន់អ្នកសារព័ត៌មានឆ្នើមទេ»។ នេះ គឺជាគំនិតដើម និងជាគំនិតស្នូលនៅក្នុងការរៀបចំ«ពានរង្វាន់ដឹងគុណ»នេះ។ «ពានរង្វាន់ដឹងគុណ»នេះ ត្រូវបានរៀបចំឡើងដោយមានគោលបំណង«ថ្លែងអំណរគុណ»ជូនចំពោះបុគ្គលអ្នកសារព័ត៌មានរូបណាដែលបានចូលរួមបង្កើត លើកកម្ពស់ និងកែលម្អរវិស័យសារព័ត៌មាននៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ១៩៧០រហូតមកដល់ទសវត្សរ៍២០១០។ 
  


អ្នកសារព័ត៌មានដែលត្រូវជ្រើសរើស គឺជាអ្នកសារព័ត៌មានជនជាតិខ្មែរដែលបម្រើការឲ្យក្រុមហ៊ុនសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា (អ្នកសារព័ត៌មានជនជាតិខ្មែរ បម្រើការឲ្យក្រុមហ៊ុនសារព័ត៌មានខ្មែរកាន់តែប្រសើរ)។ ការជ្រើសរើសត្រូវធ្វើឡើងដោយមិនប្រកាន់និន្នាការនយោបាយឡើយ។ 
 
សូមបញ្ជាក់ថា ការជ្រើសរើសនេះធ្វើឡើងដោយផ្អែកទៅលើប្រវត្តិសិក្សា ការងារ បទពិសោធន៍ ស្នាដៃ និងការចូលរួមចែករំលែកចំណេះដឹងក្នុងវគ្គបណ្តុះបណ្តាល…នៅក្នុងវិស័យសារព័ត៌មាន៕ 


 

© រក្សាសិទ្ធិដោយ thmeythmey.com