ពីនេះ ពីនោះ
រូបត្លុក
ចូលឆ្នាំចិន-វៀតណាម៖«កុំផឹកឲ្យគេសែង ត្រូវផឹកដើរខ្លួនឯងណ៎ា!»
11, Feb 2021 , 10:15 am        
រូបភាព
ដោយ: ថ្មីៗ
នៅថ្ងៃព្រហស្បតិ៍នេះ សុធីរ និងសំណាង មកធ្វើការ និងក្រេបកាហ្វេធម្មតាដូចសព្វដង។ តែអ្វីដែលចំឡែក មនុស្សម្នាជាច្រើនដូចជាសម្រេចចិត្តសម្រាកពីការងារ ព្រោះ វាជាពេលវេលានៃពិធីបុណ្យចូលឆ្នាំចិន-វៀតណាម ទោះបីវាមិនមែនជាថ្ងៃឈប់សម្រាករបស់ជាតិក៏ដោយ។ សុធីរ និងសំណាង ក៏លើកយកប្រធានបទនេះមកជជែកកំដរការក្រេបកាហ្វេលេងតែម្តងទៅ។

 
សុធីរ៖ អ្ហែងអត់ឈប់ទេ អា សំណាង? 

សំណាង៖ ម៉េចបានត្រូវឈប់? 
 
សុធីរ៖ ព្រោះ ចូលឆ្នាំចិន-វៀតណាម។ 
 
សំណាង៖ អើ ចូលឆ្នាំចិន-វៀតណាម តើ! មិនមែនចូលឆ្នាំខ្មែរឯណា! អ៊ីចឹងអញធ្វើការធម្មតាទៅ ព្រោះ វាមិនមែនជាថ្ងៃឈប់សម្រាកផ្លូវការរបស់រដ្ឋយើងណ៎ា! 
 
សុធីរ៖ ពិតជាអ៊ីចឹងហើយ។ តែគេឈប់គ្រប់គ្នាណ៎ា! 
 
សំណាង៖ គេឈប់ ឈប់ទៅ ព្រោះ វាជាសិទ្ធិ និងការសម្រេចចិត្តរបស់បុគ្គល តែអញនៅតែមកធ្វើការធម្មតា។ 
 
សុធីរ៖ តើការឈប់ពេលចូលឆ្នាំចិន-វៀតណាម ខុសដែរឬទេ? 
 
សំណាង៖ អានេះ វាសួរអញសុទ្ធតែជាសំណួរពិបាកឆ្លើយ។ ម៉េចក៏អ្ហែងមិនសួរសំណួរស្រួលៗ? តែមិនអីទេ អញឆ្លើយឲ្យអ្ហែងតែម្តងទៅ! អញចង់បញ្ជាក់អ្ហែងថា ចូលឆ្នាំចិន-វៀតណាមមិនមែនជាថ្ងៃឈប់សម្រាកផ្លូវការរបស់ស្ថាប័នរដ្ឋ ឬឯកជនយើងទេ។ តែអ្នកខ្លះនៅតែបន្តឈប់។ បើមន្រ្តីរដ្ឋឈប់មិនមកធ្វើការ មិនត្រូវទេ តែបើអ្នកធ្វើការនៅស្ថាប័នឯកជន ហើយបើស្ថាប័នគេស្រុះស្រួលគ្នាឈប់ វាជារឿងរបស់គេទេ។ 
 
សុធីរ៖ អើ ម្យ៉ាងទៀត ឆ្នាំនេះ អញដូចជាឃើញគេឈប់ច្រើនជាងមុន មែនអត់? 

សំណាង៖ អញមិនដឹងទេ តែវាអាចដែរ ព្រោះ ទី១ កម្ពុជា និងចិន ក្លាយជាមិត្តដែកថែបក្នុងទំនាក់ទំនងការទូត។ ទី២ វប្បធម៌ចិន-វៀតណាម និងខ្មែរមិនដូចគ្នាទេ តែក៏មិនពិបាកទទួលយកពីគ្នាទៅវិញទៅមកដែរ។ ម្យ៉ាងទៀត ទំនាក់រវាងប្រជាជន និងប្រជាជននៃជនជាតិទាំងបីនេះ បានធ្វើឲ្យការប្រារព្ធពិធីបុណ្យចូលឆ្នាំចិន-វៀតណាមនៅកម្ពុជាកាន់តែរីកធំឡើងៗ។ ជារួម អ្នកជាប់សែស្រឡាយចិន-វៀតណាម-ខ្មែរ ប្រារព្ធចូលឆ្នាំចិន-វៀតណាម ផង ខ្មែរផង និងចំណុចទី៣ កម្ពុជា និងចិន កំពុងក្លាយទៅជាដៃគូជំនួញដ៏ធំ ដូច្នេះ ចង់មិនចង់ បើជនជាតិចិន-វៀតណាម ឈប់អស់ហើយ ខ្មែរដែលរកស៊ីជាមួយពួកគេ ក៏ត្រូវតែឈប់ដែរ។ និយាយជារួម អា សុធីរ អញប្រាប់អ្ហែងមួយ អ្ហែងសែនអីសែនទៅ ផឹកអីផឹកទៅ តែត្រូវចៀសវាងរឿងមួយ គឺ«កុំផឹកឲ្យគេសែង ត្រូវផឹកដើរខ្លួនឯង!» ហើយកុំឲ្យគេថា«ចូលឆ្នាំចិន ស្រវឹងខ្មែរ»។ 
 
សុធីរ៖ អ្ហែងមិនបាច់ប្រាប់អញទេ អញបន្ថយផឹកគ្រឿងស្រវឹងហើយឥឡូវ ព្រោះ យុទ្ធមិត្ត និងក្លើអញមួយចំនួនធ្លាក់ខ្លួនឈឺជាបណ្តើរៗហើយ…! 
 

© រក្សាសិទ្ធិដោយ thmeythmey.com