ជាតិ
គណនីហ្វេសប៊ុកចំនួន៣៦ ត្រូវបានក្រសួងសុខាភិបាលហាមមិនឱ្យផ្សព្វផ្សាយលក់ថ្នាំបន្តក់ភ្នែក
11, Feb 2021 , 10:29 pm        
រូបភាព
ភ្នំពេញ៖ គណនីហ្វេសប៊ុកចំនួន៣៦ ត្រូវបានក្រសួងសុខាភិបាលហាមមិនឱ្យផ្សព្វផ្សាយលក់ថ្នាំបន្តក់ភ្នែក។ ក្រសួងសុខាភិបាលបានបញ្ជាក់ថា ការផ្សព្វផ្សាយលក់ថ្នាំបន្តក់ភ្នែករបស់គណនីហ្វេសប៊ុកទាំងនេះ គឺជាសកម្មភាពខុសច្បាប់ ដោយជំរុញឱ្យមានឱសថក្លែងក្លាយ, អន់គុណភាព ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាព និងសុវត្ថិភាពអ្នកប្រើប្រាស់។

 
បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលដែលទើបចេញផ្សាយកាលពីថ្ងៃទី១០កុម្ភៈ គណនីហ្វេសប៊ុកទាំង៣៦ ដែលហាមផ្សព្វផ្សាយលក់ថ្នាំបន្តក់ភ្នែកនោះ មានគណនីឈ្មោះ Love eye, ព្យាបាលគ្រប់ភ្នែក, បញ្ហាជំងឺភ្នែក, អ្នកជំនាញដោះស្រោយបញ្ហាភ្នែក, ភ្នែកថ្លា មហាស្នេហ៍, សុខភាពភ្នែក, ទឹកបន្តក់ភ្នែក កន្ទុយថ្លែនឡើងបាយ, ទឹកថ្នាំបន្តក់ភ្នែក098737438, អ្នកថែរក្សាភ្នែក, ភ្លឺច្បាស់ល្អ, ឯកទេសព្យាបាលភ្នែក,គុណភាពជាចម្បងKH01, healthy eyes, My eyes, ទឹកបន្តក់ភ្នែកល្អ, អ្នកឯកទេសជំងឺភ្នែកទូទៅ, ភ្នែក eyes, ទឹកបន្តក់ភ្នែកធម្មជាតិ, Nano Drop Kh, និងគណនីហ្វេសប៊ុកឈ្មោះអ្នកថែរក្សាភ្នែក...។ 
 
ក្រសួងសុខាភិបាល បានអំពាវនាវដល់ពលរដ្ឋសូមបញ្ឈប់ការប្រើប្រាស់ថ្នាំបន្តក់ភ្នែក ដែលបានផ្សព្វផ្សាយលក់លើគណនីហ្វេសប៊ុកទាំងនោះ ដើម្បីចៀសវាងការបាត់បង់ថវិកា ពេលវេលា សុខភាព។  ជាមួយគ្នានេះ ក្រសួងសុខាភិបាល ក៏បានព្រមានដល់ម្ចាស់គណនីហ្វេសប៊ុកទាំងនោះ ឱ្យបញ្ឈប់សកម្មភាពផ្សព្វផ្សាយលក់ឱសថបន្តក់ភ្នែកជាបន្ទន់ ដោយក្រសួងនឹងមានវិធានតឹងរឹងចំពោះម្ចាស់គណនីហ្វេសប៊ុកទាំងនោះ និងគណនីពាក់ព័ន្ធផ្សេងៗដែលផ្សព្វផ្សាយលក់ថ្នាំបន្តក់ភ្នែកនេះ ទៅតាមច្បាប់ស្តីពីវិសោធនកម្មស្តីពីការគ្រប់គ្រងឱសថជាធរមាន៕ 
 

Tag:
 គណនីហ្វេស
© រក្សាសិទ្ធិដោយ thmeythmey.com