ជាតិ
សាសនា / ធម៌
កាន់ពុទ្ធសាសនាដូចគ្នា តែនៅកម្ពុជា មានលក្ខណៈតឹងរ៉ឹង ឯនៅចិន មានលក្ខណៈធូររលុង
16, Apr 2023 , 8:19 pm        
រូបភាព
ខាងឆ្វេងដៃ ជាព្រះពុទ្ធរូបបែបប្រទេសកម្ពុជា ឯខាងស្តាំដៃជាព្រះពុទ្ធរូបបែបប្រទេសចិន
ខាងឆ្វេងដៃ ជាព្រះពុទ្ធរូបបែបប្រទេសកម្ពុជា ឯខាងស្តាំដៃជាព្រះពុទ្ធរូបបែបប្រទេសចិន
ដោយ: ថ្មីៗ
ថ្វីដ្បិត កម្ពុជានិងចិន កាន់ព្រះពុទ្ធសាសនាតែមួយក៏ពិតមែន តែជំនឿនិងការគោរពនៃប្រទេសទាំងពីរនេះ មិនដូចគ្នាឡើយ។ កម្ពុជា ប្រតិបត្តិព្រះពុទ្ធសាសនាបែបហីនយាន។ ចំណែកឯ ចិន កាន់ព្រះពុទ្ធសាសនាបែបមហាយាន។



ពីដំបូង ព្រះពុទ្ធសាសនា មានតែមួយ ហើយសាវ័ក និងបរិស័ទទាំងអស់ ដើរតាមឱវាទ និងប្រណិប័តន៍នូវមាគ៌ាព្រះសម្មាសម្ពុទ្ធដូចៗគ្នា។ ប៉ុន្តែ ក្រោយពីព្រះជិនស្រីនៃយើង ទ្រង់បរិនិព្វានបានប្រមាណជា២០០ឆ្នាំ ព្រះពុទ្ធសាសនា ក៏បែកខ្ញែកជាពីរនិកាយធំៗគឺ និកាយហីនយាន និងនិកាយមហាយាន។
 
មូលហេតុដ៏ចម្បងនៃការបែងចែកព្រះពុទ្ធសាសនានេះ គឺបណ្តាលមកពីការប្រទូសរ៉ាយគ្នាពីសំណាក់សាវ័ក និងបរិស័ទ អំពីពាក្យប្រៀនប្រដៅរបស់ព្រះសមណគោតម។ ព្រះសង្ឃខ្លះថា ព្រះធម៌នេះត្រឹមត្រូវ ព្រះធម៌នោះមិនត្រឹមត្រូវទេ ហើយព្រះសង្ឃខ្លះទៀតថា ការប្រតិបត្តិបែបនេះ ទើបត្រឹមត្រូវ ការប្រតិបត្តិបែបននោះមិនត្រឹមត្រូវឡើយ។ ដោយសារតែ ការមិនឯកភាពគ្នាត្រង់ចំណុចនេះហើយ ទើបព្រះពុទ្ធសាសនា បានពុះបំបែកជាពីរនិកាយ ពោលគឺ និកាយមហាយាននិងនិកាយហីនយាន រហូតមកដល់បច្ចុប្បន្ននេះឯង។
 
នៅពេលដែលព្រះពុទ្ធសាសនា បានបែងចែកជាពីរភ្លាមៗ ប្រទេសចិន នៅមិនទាន់ទទួលបានព្រះពុទ្ធសាសនាបែបមហាយាននោះទេ ព្រោះពេលនោះ ព្រះពុទ្ធសាសនាទាំងពីរនិកាយនេះ នៅនឹងថ្កល់ក្នុងប្រទេសឥណ្ឌានៅឡើយ។ អស់រយៈពេលជាង៣០០ឆ្នាំ នៃការខ្ញែកព្រះពុទ្ធសាសនា ពោលគឺ ពេលដែលព្រះពុទ្ធអង្គទ្រង់បរិនិព្វានបានប្រមាណជាង៥០០ឆ្នាំ ទើបព្រះពុទ្ធសាសនាមហាយាន ហូរចូលប្រទេសចិន ដែលជាទឹកដីមានប្រជាជនច្រើនជាងគេលើកលោកមួយនេះ។
 
តើកម្ពុជានិងចិន ប្រតិបត្តិព្រះពុទ្ធសាសនាផ្សេងគ្នាដូចម្តេច?
 
ប្រទេសកម្ពុជា កាន់ព្រះពុទ្ធសាសនាបែបហីនយាន ដែលបានន័យថា យានតូចឬរទេះតូច។ អត្ថន័យនេះ ចង់សំដៅថា យាន ដែលអាចផ្ទុកសត្វលោកបានតិច ក្នុងការឆ្ពោះទៅកាន់ព្រះនិព្វាន ជាស្ថានផុតទុក្ខទាំងពួង។ ហេតុផលដែលថា ហីនយាន អាចនាំសត្វលោក ទៅកាន់ព្រះនិព្វានបានតិច ព្រោះមូលដ្ឋានគ្រឹះនៃលទ្ធិនេះ គឺដើរតាមគន្លងគម្ពីរព្រះត្រៃបិដក ដែលមានវិន័យតឹងរ៉ឹង ហើយការប្រតិបត្តិក៏តឹងតែង ដែលសត្វលោកមិនងាយធ្វើបាន។
 
គួរចាប់អារម្មណ៍ថា ព្រះសង្ឃខ្មែរ ដែលកាន់ហីនយាន ស្លៀកស្បង់និងគ្រងចីវរពណ៌ក្រហម។ ព្រះសង្ឃនិងពលរដ្ឋកម្ពុជា ដែលកាន់ពុទ្ធសាសនាហីនយាន ប្រកាន់ភ្ជាប់ថា មានតែព្រះពុទ្ធបរមគ្រូទេ ដែលបានត្រាស់ដឹងនូវសម្មាសម្ពោធិញាណ ហើយព្រះសង្ឃនិងពលរដ្ឋកម្ពុជា គោរពប្រតិបត្តិយ៉ាងខ្លាំងចំពោះព្រះអង្គ។ ក្រៅពីកម្ពុជា នៅមានប្រទេសជាច្រើនក្នុងសាកលលោក ដែលកាន់ព្រះពុទ្ធសាសនាហីនយាន ដូចជា ស្រីលង្កា មីយ៉ាន់ម៉ា ឡាវ ថៃ ជាដើម។
 
ដោយឡែក ប្រទេសចិន កាន់ព្រះពុទ្ធសាសនាបែបមហាយាន ដែលមានន័យថា យានធំឬរទេះធំ។ យានធំឬរទេះធំ ក្នុងទីនេះ ចង់សំដៅថា យានដែលអាចផ្ទុកសត្វលោកបានច្រើន ក្នុងការឆ្ពោះទៅកាន់បរមសុខ ពោលគឺព្រះនិព្វាន។ ជនជាតិដែលកាន់ព្រះពុទ្ធសាសនាមហាយាន យល់ថា ព្រះធម៌វិន័យនៃព្រះសម្មាសម្ពុទ្ធ មានលក្ខណៈធូរលុង និងងាយស្រួលប្រណិប័តន៍ ដែលអាចធ្វើឲ្យពួកគេបានសម្រេចធម៌យ៉ាងឆាប់រហ័ស។
 
ប្រជាជនចិន ប្រតិបត្តិតាមឱវាទរបស់គ្រូអាចារ្យ ដែលបានពោលទុកមកតៗគ្នា ដែលហៅថា លទ្ធិអាចរិយវាទ។ លើសពីនេះទៀតនោះ ពលរដ្ឋនៃប្រទេសចិន ជឿថា នៅមានព្រះពោធិសត្វជាច្រើនអង្គ មិនទាន់ចូលនិព្វាន ហើយកំពុងស្ថិតនៅក្នុងលោកនេះ ដើម្បីចាំជួយសង្គ្រោះសត្វលោក ដូចជា ព្រះសិអារ្យមេត្រី ព្រះលោកេស្វរៈ ព្រះមញ្ឆុស្រី ជាដើម។
 
ចំណែក ព្រះសង្ឃចិនវិញ ស្លៀកខោនិងពាក់អាវ។ មិនមែនមានតែចិនទេ ដែលកាន់ព្រះពុទ្ធសាសនាមហាយាន តែនៅមានប្រទេសផ្សេងៗទៀត មានដូចជា វៀតណាម ជប៉ុន កូរ៉េ ម៉ុងហ្គោលី ជាដើម ក៏មានជំនឿលើព្រះពុទ្ធសាសនាមហាយានដែរ។
 
ព្រះពុទ្ធសាសនា មិនត្រឹមតែត្រូវបានបំបែកជាពីរនិកាយខាងលើទេ តែថែមទាំងត្រូវបានបែងចែកជានិកាយតូចៗ បន្តទៀត នៅពេលដែលហូរចូលប្រទេសផ្សេងៗក្នុងលោក។ តួយ៉ាងដូចនៅកម្ពុជា ព្រះពុទ្ធសាសនាបែបហីនយាន បានបែងចែកជាពីរនិកាយបន្តទៀត គឺមហានិកាយនិងធម្មយុត្តិកនិកាយ។  
 
ជាពិសេសជាងនេះទៅទៀត ព្រះពុទ្ធសាសនា បានប្រែប្រួលទៅតាមវប្បធម៌ ប្រពៃណី នៃជាតិសាសន៍នីមួយៗ តួយ៉ាងដូចជា អ្នកកាន់ពុទ្ធសាសនា ក្នុងប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ ជាដើម ដោយប្រទេសទាំងនេះ សុទ្ធតែកាន់ព្រះពុទ្ធសាសនាបែបហីនយាន តែការប្រតិបត្តិ នៅតែមានលក្ខណៈផ្សេងៗពីគ្នា។ ដូច្នេះហើយបានជាអ្នកប្រាជ្ញក្នុងព្រះពុទ្ធសាសនា តែងពោលថា ព្រះពុទ្ធសាសនា ប្រៀបដូចជាទឹក ព្រោះដល់ទីណា ក៏អាចបត់បែនបានដែរ ដោយអាស្រ័យតាមទីតាំង និងស្ថានភាព នៃកន្លែងនោះ។
 
បើទោះបីជាព្រះពុទ្ធសាសនា បានបែងចែកជាលទ្ធិផ្សេងៗគ្នាក៏ពិតមែន តែអ្នកកាន់ព្រះពុទ្ធសាសនាគ្រប់រូប តែងប្រកាន់ភ្ជាប់ថា ព្រះពុទ្ធសាសនា មានគោលដៅតែមួយ គឺការរុញច្រានសត្វលោកទាំងពួង ឲ្យប្រាសចាកពីវាលវដ្តសង្សារ ហើយឈានទៅកាន់ស្ថានបរមសុខ គឺព្រះនិព្វាន៕
 

Tag:
 ពុទ្ធសាសនា
  ហីនយាន
  មហាយាន
© រក្សាសិទ្ធិដោយ thmeythmey.com