COVID-19
អន្តរជាតិ
ជនបរទេស​នៅ​ម៉ាឡេស៊ី នឹង​ទទួលបាន​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ដោយ​ឥតគិតថ្លៃ​
12, Feb 2021 , 10:59 pm        
រូបភាព
​ដោយ ឈួន ឈី​វ​អ៊ីង
 
​ជនបរទេស​ទាំងអស់​ដែល​រស់នៅ​ម៉ាឡេស៊ី នឹង​ទទួលបាន​វ៉ាក់សាំង​កូ​វីដ​-១៩ ដោយ​ឥតគិតថ្លៃ​។ នេះ​បើតាម​ការបញ្ជាក់​របស់​រដ្ឋាភិបាល​ប្រទេស​នេះ​នៅ​ថ្ងៃទី​១១ ខែកុម្ភៈ​។ ក្នុង​សេចក្ដីប្រកាស​មួយ ម៉ាឡេស៊ី​បញ្ជាក់ថា ការផ្ដល់​វ៉ាក់សាំង​ឥតគិតថ្លៃ​នេះ ក៏​ដោយសារ​ម៉ាឡេស៊ី​មាន​វ៉ាក់សាំង​ច្រើន និង​ជាការ​ទទួលស្គាល់​ការរួមចំណែក​របស់​ជ​នប​រទេស ពិសេស​ពលករ​បរទេស​ក្នុង​ការជំរុញ​សេដ្ឋកិច្ច​។​

 
​ម៉ាឡេស៊ី នឹង​ចាប់ផ្ដើម​យុទ្ធនា​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ នៅ​ចុងខែ​កុម្ភៈ ដោយ​ប្រជាជន​ម៉ាឡេស៊ី​នឹង​ទទួលបាន​អាទិភាព​។ ប៉ុន្តែ​ជនបរទេស​រស់នៅ​ប្រទេស​នេះ ក៏​មិន​ត្រូវបាន​ផាត់​ចោល​ដែរ​។ ក្នុង​សេចក្តីថ្លែងការណ៍​ចេញ​ថ្ងៃទី​១១ ខែកុម្ភៈ គណៈកម្មាធិការ​ធានា​ការផ្គត់ផ្គង់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ បាន​សង្កត់ធ្ងន់ថា ជនបរទេស​ដែល​រស់នៅ​ម៉ាឡេស៊ី នឹង​ទទួលបាន​ការចាក់​វ៉ាក់សាំង​កដោយ​ឥតគិតថ្លៃ នៅពេល​ម៉ាឡេស៊ី​ចាប់ផ្តើម​បើក​កម្មវិធី​ចាក់​វ៉ាក់សាំង​របស់ខ្លួន​។ 
 
​កាលពី​ខែវិច្ឆិកា ឆ្នាំ​២០២០ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក មូ​ហ៊ី​ឌី​ន យ៉ា​ស៊ីន  Muhyiddin Yassin បានប្រកាសថា រដ្ឋាភិបាល​ម៉ាឡេស៊ី ក៏​មិន​បង្ខំ​ឱ្យ​ប្រជាជន​ត្រូវតែ​ចាក់​វ៉ាក់សាំង​ឡើយ​។​
 
​ទាក់ទង​ការផ្ដល់​វ៉ាក់សាំង​ឱ្យ​ជនបរទេស​នេះ រដ្ឋាភិបាល​ម៉ាឡេស៊ី​បាន​ពិចារណា​លើ​កត្តា​ជាច្រើន​។ ករណី​ឆ្លង​ច្រើន​ក្នុងចំណោម​កម្ម​ករបរ​ទេស ជា​ក្ដីបារម្ភ​ចម្បង​មួយ​របស់​ម៉ាឡេស៊ី ខណៈ​ជនបរទេស​ជា​កម្លាំង​ដ៏​សំខាន់​ក្នុង​វិស័យ​កសិកម្ម សំណង់ និង​ឧស្សាហកម្ម​។ បើតាម​ទូរទស្សន៍ CNA គណៈកម្មាធិការ​ខាងលើ​បន្តថា ការសម្រេចចិត្ត​ផ្តល់​វ៉ាក់សាំង ក៏ត្រូវ​ធ្វើឡើង​ពីព្រោះ​ចំនួន វ៉ាក់សាំង​ដែល​រដ្ឋាភិបាល​ម៉ាឡេស៊ី​ទទួលបាន គឺ​លើសពី​ចំនួន​ប្រជាជន​ម៉ាឡេស៊ី​ផងដែរ​។​
 
«​វា​ក៏​ស្របគ្នា​នឹង​ជំហរ​របស់​រដ្ឋាភិបាល​ក្នុង​ការផ្តល់​វ៉ាក់សាំង​ដល់​ប្រជាជន​ម៉ាឡេស៊ី​ឱ្យបាន​ច្រើន​បំផុត​តាម​ដែល​អាចធ្វើ​ទៅបាន ដើម្បី​ទទួលបាន​នូវ​ភាពស៊ាំ​សហគមន៍​»​។ នេះ​ជាការ​អះអាង​របស់​គណៈ​ក​ម្មា​ធិ​ការ​ដដែល​។ 
 
​កាលពី​ខែវិច្ឆិកា ឆ្នាំ​២០២០ ប្រទេស​ម៉ាឡេស៊ី បាន​យល់ព្រម​ទិញ​វ៉ាក់សាំង​ចំនួន ១២,៨​លាន​ដូ​ស​របស់​ក្រុមហ៊ុន Pfizer និង​ដៃគូ​អាល្លឺម៉ង់ BioNTech ។ ក្រោយមក នៅ​ខែមករា ម៉ាឡេស៊ី​ក៏បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ទី​២ ជាមួយ Pfizer ដើម្បី​ទទួលបាន​វ៉ាក់សាំង ១២,២​លាន​ដូ​ស​បន្ថែមទៀត​។ រដ្ឋ​អាស៊ីអាគ្នេយ៍​មួយ​នេះ ក៏បាន​ចុះហត្ថលេខា​ទិញ​វ៉ាក់សាំង​កូ​វីដ​-១៩ ចំនួន​១៨,៤​លាន​ដូ​ស ដែល​ផលិត​ដោយ​វិទ្យាស្ថាន​ស្រាវជ្រាវ Gamaleya របស់​រុស្ស៊ី និង Sinovac ប្រទេស​ចិន​ផងដែរ​៕
 
 
 

Tag:
 ម៉ាឡេស៊ី​
  កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com