COVID-19
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ពលរដ្ឋខ្លះទុកចិត្ត ហើយខ្លះមិនទាន់ទុកចិត្តវ៉ាក់សាំងកូវីដ-១៩ដំបូង ដែលរដ្ឋាភិបាលដាក់ឱ្យប្រើប្រាស់
13, Feb 2021 , 3:19 pm        
រូបភាព
ភ្នំពេញ៖ ពលរដ្ឋខ្លះអះអាងថា ខ្លួននឹងទៅចាក់វ៉ាក់សាំងការពារកូវីដ-១៩ ប៉ុន្តែពលរដ្ឋខ្លះទៀត មិនទាន់ទុកចិត្ត លើវ៉ាក់សាំងដែលរដ្ឋាភិបាលកម្ពុជាកំពុងប្រើប្រាស់នៅឡើយ។ ទោះជាយ៉ាងណា ក៏មានពលរដ្ឋខ្លះទៀត នៅមិនទាន់សម្រេចចិត្តបាននៅឡើយទេ ថាគួរចាក់ ឬមិនគួរចាក់។


 
ក្រសួងសុខាភិបាល បានចាប់ផ្តើមការចាក់វ៉ាក់សាំងកូវីដ-១៩ ឈ្មោះស៊ីណូហ្វាម (Sinopharm) ដែលជាជំនួយរបស់រដ្ឋាភិបាលចិន ចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១មកម្ល៉េះ។ វ៉ាក់សាំងនេះ កំពុងចាក់ជូនមន្ត្រីរាជការ និងអ្នកសារព័ត៌មាន ដែលជាក្រុមអាទិភាពត្រូវទទួលបានសេវាមុនគេដោយស្ម័គ្រចិត្ត។ ទោះយ៉ាងណា ពលរដ្ឋមួយចំនួនបង្ហាញទំនុកចិត្ត ខ្លះក៏មិនទាន់ជឿជាក់ចំពោះគុណភាព និងប្រសិទ្ធភាពនៃវ៉ាក់សាំងនេះនៅឡើយ ខណៈពលរដ្ឋខ្លះទៀត ក៏មិនទាន់សម្រេចចិត្តថា នឹងចាក់ ឬមិនចាក់នៅឡើយ ប្រសិនបើវាត្រូវបានអនុញ្ញាតឲ្យពលរដ្ឋទូទៅអាចទៅទទួលយកវ៉ាក់សាំងបានដែរនោះ។  
 
កំពុងឈរដួសទឹកស៊ុបគុយទាវដែលលក់សល់ យកទៅចាក់ចោល ស្ត្រីប្រកបរបរលក់គុយទាវនៅរាជធានីភ្នំពេញមួយរូប ដោយសុំមិនបញ្ចេញឈ្មោះ បានប្រាប់សារព័ត៌មានថ្មីៗថា អ្នកស្រី មិនទាន់អាចសម្រេចចិត្តបាននៅឡើយទេ ថាគួរចាក់វ៉ាក់សាំងកូវីដ-១៩ ឬមិនចាក់ ប្រសិនបើរដ្ឋផ្ដល់ឱ្យ ព្រោះអ្នកស្រីមិនបានតាមដានព័ត៌មានពីវ៉ាក់សាំងច្រើន។
 
ស្ត្រីមេម៉ាយកូន២នាក់រូបនេះ តែងបានជួបព័ត៌មានស្ដីពីវ៉ាក់សាំង នៅលើបណ្ដាញសង្គម ដែលគេនិយាយពីវ៉ាក់សាំងក្លែងក្លាយ ឬក្រោយពេលចាក់វ៉ាក់សាំង អាចនឹងមានបញ្ហាផ្សេងៗ។ ទោះជាយ៉ាងណា ស្ត្រីសម្បុរស្រអែមមាឌមាំរូបនេះ ក៏បានបញ្ជាក់ដែរថា អ្នកស្រីមិនអាចបែងចែកបានឡើយ ថាព័ត៌មានណាពិត ហើយព័ត៌មានណាមិនពិត។ យ៉ាងណាក៏ដោយ អ្នកលក់គុយទាវវ័យប្រមាណ៤០ឆ្នាំរូបនេះ ក៏បានអះអាងផងដែរថា ករណីវ៉ាក់សាំងកូវីដ-១៩ ដែលត្រូវចាក់ឱ្យប្រជាជនខ្មែរ មានរដ្ឋាភិបាលជាអ្នកនាំចូល នោះអ្នកស្រីមានទំនុកចិត្ត។  
 
«ខ្ញុំឃើញព័ត៌មាននៅតាមបណ្ដាញសង្គមខ្លះៗ គេនិយាយពីវ៉ាក់សាំងក្លែងក្លាយ ដូច្នេះខ្ញុំមិនមានទំនុកចិត្តទៅចាក់ទេ។ ប៉ុន្តែបើរដ្ឋាភិបាលជាអ្នកនាំចូល ហើយចែកចាយឱ្យប្រជាជនចាក់ ខ្ញុំនឹងទៅចាក់ ព្រោះខ្ញុំទុកចិត្តរដ្ឋាភិបាល។ ប៉ុន្តែពេលនេះខ្ញុំអត់ទុកចិត្តខ្លួនឯងទេ ព្រោះក្នុងខ្លួនខ្ញុំមានជំងឺ ដុះសាច់កញ្ចឹងក ក្រពះ ពោះវៀន និងជំងឺបេះដូង។ ខ្ញុំឮគេថាអ្នកមានជំងឺមួយចំនួនអត់អាចចាក់បានទេ តែខ្ញុំអត់ដឹងថាជំងឺអីខ្លះដែលគេហាម»។ 
ចំណែកលោក ហាក់ តុលា អាយុ៣០ឆ្នាំ ជាមន្ត្រីរាជការក្នុងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏មិនខុសពីអ្នកលក់គុយទាវខាងលើប៉ុន្មានដែរ គឺលោកមានទំនុកចិត្តចំពោះវ៉ាក់សាំងដែលរដ្ឋាភិបាលដាក់ឱ្យប្រើប្រាស់។ 
 
មានស្រុកកំណើតនៅរាជធានីភ្នំពេញ លោក តុលា ដែលព្យាយាមតាមដានព័ត៌មានពាក់ព័ន្ធនឹងវ៉ាក់សាំងកូវីដ-១៩ ជារឿយៗនោះបន្ថែមថា៖«វ៉ាក់សាំងហ្នឹងមានការអនុញ្ញាតពីក្រសួងសុខាភិបាល ឱ្យដាក់ប្រើប្រាស់ហើយ ដូច្នេះខ្ញុំជឿជាក់ថារដ្ឋាភិបាល បានយកចិត្តទុកដាក់ចំពោះសុខភាពប្រជាពលរដ្ឋ។
 
តាមព័ត៌មានមកដូចជា១៤ករណី ដែលយើងមិនអាចចាក់វ៉ាក់សាំងបាន ខ្ញុំតែមិនអាចចាំបានអស់ដែរ។ មនុស្សក្រោមអាយុ១៨ឆ្នាំ មិនអាចចាក់រ៉ាក់សាំងនេះបានទេ ហើយចាប់ពីអាយុ៦០ឆ្នាំឡើងទៅ ក៏មិនអាចចាក់បានទេ។ មានជំងឺមួយចំនួនដែលក្រសួងសុខាភិបាលហាមមិនឱ្យចាក់ ប៉ុន្តែខ្ញុំចាំមិនអស់ទេ»។
 
រីឯលោក ម៉ៃ សាមឿត ដែលជាតន្ត្រីករភ្លេងបុរាណ ជាជាងកាត់សក់ និងជាអ្នករត់ម៉ូតូឌុបផងនោះ នៅមិនទាន់អាចសម្រេចចិត្តបាននៅឡើយទេ ថាលោកគួរតែទៅចាក់វ់ាក់សាំង ឬយ៉ាងណា ប្រសិនបើលោកមានឱកាសទទួលបានវ៉ាក់សាំង។ មិនទាន់អាចសម្រេចចិត្តបាន ក៏ព្រោះតែលោក មិនទាន់មានទំនុកចិត្តលើវ៉ាក់សាំងនោះតែម្ដង។
 
លោក សាមឿត ដែលមានអាយុ៣១ឆ្នាំ មានស្រុកកំណើតនៅសៀមរាប បញ្ជាក់បន្ថែម៖«ខ្ញុំនៅចាំមើលសិន ថាតើមានគេទៅចាក់ច្រើន ឬក៏អត់ ប៉ុន្តែទោះជាយ៉ាងណា ខ្ញុំអត់ទាន់ទុកចិត្តវ៉ាក់សាំងហ្នឹងទេ ខ្ញុំខ្លាចថាចាក់ទៅហើយ នឹងមានបញ្ហាទៅថ្ងៃក្រោយ»។
 
ចំណែកលោក គួន សំបូរ ជានិពន្ធនាយកភាសាខ្មែរ នៃសារព័ត៌មានសុីសុីថាមស៍ (The Cambodia China Times) បានសម្រេចចិត្តទៅចាក់វ៉ាក់សាំងការពារកូវីដ-១៩ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ រួចរាល់ហើយ។ បញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ លោក សំបូរ ក៏ផ្ដល់ទំនុកចិត្តខ្ពស់ចំពោះរដ្ឋាភិបាលចិន និងរដ្ឋាភិបាលកម្ពុជាដែរ។
 
អ្នកកាសែត បានអះអាងទៀតថាមុនសម្រេចចិត្តទទួលយកវ៉ាក់សាំង រូបគេក៏បានគិតពិចារណាយ៉ាងល្អិតល្អន់ដែរ។ អ្នកកាសែតវ័យ២៩ឆ្នាំរូបនេះបន្ថែមថា បើទោះបីជាវ៉ាក់សាំងរបស់ចិន មិនទាន់ត្រូវបានអង្គការសុខភាពពិភពលោក(WHO) ទទួលស្គាល់ក៏ដោយ ប៉ុន្តែវាកំពុងស្ថិតក្នុងបញ្ជីត្រួតពិនិត្យចុងក្រោយរបស់(WHO) ដូច្នេះធ្វើឱ្យលោក សំបូរ មិនសូវបារម្ភឡើយ។
 
លោក គួន សំបូរ បញ្ជាក់បន្ថែម៖«រដ្ឋាភិបាលចិន បានដាក់វ៉ាក់សាំងនេះ ឱ្យប្រជាជនខ្លួនទូទៅប្រើប្រាស់ហើយ គេមិនសម្លាប់ប្រជាជនគេទេ ដូច្នេះខ្ញុំមិនបារម្ភ។ រដ្ឋាភិបាលចិនក៏បានយកវ៉ាក់សាំងនោះ ទៅឱ្យប្រទេសមួយចំនួនទៀត ដែលជាប្រទេសអាទិភាពនៃរដ្ឋាភិបាលចិនដែរ។ ខ្ញុំជឿលើរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ព្រោះខ្ញុំបានឃើញការគ្រប់គ្រងស្ថានការណ៍កូវីដ-១៩ ក្នុងប្រទេសយើងកន្លងមក គាត់ធ្វើបានល្អ»។
 
បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ នៅម៉ោងប្រមាណ៩ព្រឹកថ្ងៃទី១០កុម្ភៈ លោក គួន សំបូរ ប្រាប់ថា ក្រោយពេលចាក់បានប្រមាណជា២០នាទី ទៅ៣០នាទី លោកមានអាការឈឺកន្លែងមុខម្ជុលបន្តិចបន្តួច បន្ទាប់មកឈឺកំភួនដៃ ឈឺកំភួនជើង និងមានចុករោយខ្លួនបន្តិចផង។ បុរសសម្បុរស្រអែមរូបនេះ អះអាងថា អាការចុករោយខ្លួនប្រាណនោះ បានបន្តរហូតដល់ព្រឹកថ្ងៃបន្ទាប់ គឺប្រមាណជា២៤ម៉ោង។ 
 
«គ្រូពេទ្រតម្រូវឱ្យអ្នកបានចាក់វ៉ាក់សាំងទាំងអស់ ត្រូវនៅសម្រាកពេទ្យកន្លះម៉ោងសិន ក្រោយពេលចាក់ ព្រោះខ្លាចថាមានបញ្ហាអ្វីកើតឡើង ដើម្បីពេទ្យអាចជួយទាន់ពេល ព្រោះអាចមានអ្នកខ្លះគាត់អត់ដឹងថាក្នុងខ្លួនគាត់មានជំងឺមិនអាចទទួលវ៉ាក់សាំងបាន។ ពេទ្យប្រាប់ដែរ ថាករណីប្រតិកម្មថ្នាំនេះកម្រកើតមានណាស់ ប៉ុន្តែគេនៅតែបង្ការ។ ប្រសិនបើថ្ងៃក្រោយមានបញ្ហាអ្វី ខ្ញុំមិនបន្ទោសនរណាឡើយ ព្រោះនេះជាការសម្រេចចិត្តរបស់ខ្ញុំ។ ខ្ញុំអាចមានបេសកកម្មទៅក្រៅប្រទេស ដើម្បីបង្ការការឆ្លងដោយមិនដឹងខ្លួន ខ្ញុំគិតថាវ៉ាក់សាំងនេះអាចជួយខ្ញុំបានមួយផ្នែក លើការការពារបន្ថែម»។ នេះជាការរៀបរាប់របស់អ្នកកាសែត គួន សំបូរ។
 
ជាគ្រូបង្រៀននៅវិទ្យាល័យបាក់ទូក អ្នកស្រី កែវ យុទ្ធរី វ័យ៥០ឆ្នាំ បានអះអាងថាគាត់នឹងទៅចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ដែរ ប្រសិនបើរដ្ឋាភិបាលផ្ដល់ឱ្យដោយមិនគិតថ្លៃ។ បើទោះបី អ្នកស្រី យុទ្ធរី បានអនុវត្តិវិធានការការពារខ្លួនយ៉ាងខ្ជាប់ខ្លួន ដោយមិនសូវចេញទៅជួបមនុស្សច្រើន ក្រៅពីសិស្សរបស់ខ្លួន ហើយក៏មិនសូវចេញទៅក្រៅប្រទេសក៏ពិតមែន ប៉ុន្តែអ្នកស្រីនៅតែមានបំណង ចាក់វ៉ាក់សាំងការពារកូវីដ-១៩ដែរ។
 
អ្នកស្រី កែវ យុទ្ធរី បញ្ជាក់បន្ថែម៖«ឱ្យតែរដ្ឋាភិបាលឱ្យ ខ្ញុំនឹងទៅចាក់ ព្រោះមិនអស់លុយផង។ ខ្ញុំមិនខ្លាចទេ ដោយសារសម្ដេចគាត់អនុញ្ញាតឱ្យនាំចូល គាត់បានពិចារណារួចហើយ គាត់មិនមែនចេះតែឱ្យនាំចូលនោះទេ។ កូនសម្ដេចផងនៅតែចាក់ ដូច្នេះខ្ញុំមិនបារម្ភទេ។ អ្នកណាក៏មើលមិនឃើញព្រឹត្តិការណ៍ទៅមុខដែរ ហើយគេជួយឧបត្ថម្ភដើម្បីអាចទប់ស្កាត់បានទាំងអស់គ្នា ដូច្នេះប្រសិនបើថ្ងៃក្រោយមានបញ្ហាអ្វី ខ្ញុំមិនស្ដាយក្រោយទេ។
ពេញពិភពលោក គេកំពុងតែទប់ស្កាត់ ហើយមានឱកាសល្អដែលរដ្ឋាភិបាលផ្ដល់ឱ្យ អ៊ីចឹងខ្ញុំរឹតតែសប្បាយចិត្ត ខ្ញុំត្រូវតែទៅចាក់»។
 
ជាអ្នករត់ឡានគោលដៅភ្នំពេញ-សៀមរាប លោក ប៊ុន បានប្រាប់សារព័ត៌មានថ្មីៗថា លោកនៅរង់ចាំមើលសិន ប្រសិនបើប្រជាជនខ្មែរទៅចាក់ច្រើន លោកនឹងទៅចាក់ដែរ។ ហាក់មិនបានដឹងព័ត៌មានច្រើនពីវ៉ាក់សាំងដែលរដ្ឋាភិបាលនាំមកពីប្រទេសចិនលោក ប៊ុន ពន្យល់បន្ថែមទាំងស្រពេចស្រពិល ៖«ប្រសិនបើគេចាក់ច្រើនហើយ ខ្ញុំក៏ចាក់ដែរ។ ប្រសិនបើមានបញ្ហាអ្វីទៅថ្ងៃមុខ ខ្ញុំក៏មិនដឹងធ្វើយ៉ាងម៉េចដែរ ព្រោះគេក៏បែបហ្នឹង យើងក៏បែបហ្នឹង ហើយបើគេចាក់អស់ហើយ អត់តែយើងក៏មិនកើត។ និយាយទៅខ្ញុំអត់សូវដឹងច្រើនពីវ៉ាក់សាំងហ្នឹងទេ»។
 
សូមបញ្ជាក់ថា កម្មវិធីចាក់វ៉ាក់សាំងកូវីដ-១៩ ធ្វើឡើងដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត។ សម្រាប់ក្រុមមនុស្សដែលអាចចាក់វ៉ាក់សាំងនេះបាន ត្រូវស្ថិតក្នុងអាយុ ១៨ដល់៥៩ឆ្នាំ។ មន្ទីរពេទ្រដែលផ្ដល់សេវាចាក់វ៉ាក់សាំងកូវីដ-១៩ មាននៅមន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្រព្រះអង្គឌួង មន្ទីរពេទ្រមិត្តភាពខ្មែរ-សូវៀត និងមន្ទីរពេទ្យកុមារជាតិ។ អ្នកដែលបានចាក់ដូសទី១រួចហើយ ត្រូវទៅចាក់ដូសលើកទី២ នៅតាមទីកន្លែងដែលខ្លួនបានចាក់លើកទី១ ចន្លោះថ្ងៃទី១៤ដល់ថ្ងៃទី២៨ (មិនឱ្យលើសថ្ងៃទី២៨) គិតបន្ទាប់ពីថ្ងៃដែលបានចាក់លើកទី១។
 
ក្រុមមនុស្សអាទិភាព ដែលត្រូវទទួលបានវ៉ាក់សាំងលើកដំបូង មានថ្នាក់ដឹកនាំក្នុងជួររាជរដ្ឋាភិបាល និងកូនស្រីប្រុស ដែលជាឥស្សរជនជាន់ខ្ពស់ អភិបាលរាជធានីភ្នំពេញ-ខេត្ត ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ក្រុមគ្រូពេទ្យជួរមុខទាំងអស់ អ្នកនាំពាក្យនៅតាមក្រសួង-ស្ថាប័ននានា និងអ្នកសារព័ត៌មាន។
 
ចំណែកក្រុមមនុស្សដែលត្រូវបានអនុញ្ញាតឱ្យចាក់ជាបន្តបន្ទាប់ គឺកម្លាំងជំនាញនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា អាជ្ញាធរថ្នាក់ក្រោមជាតិជួរមុខ (ខេត្ត ស្រុក ខណ្ឌ សង្កាត់ ឃុំ ភូមិ) និងកងកម្លាំងមានសមត្ថកិច្ច (ប៉ូលិស) ជួរមុខ ដែលកំពុងសកម្មក្នុងការជួយអន្តរាគមន៍ នៅក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងប៉ូលិសដែលនៅឈរជើងតាមព្រំដែន នឹងត្រូវចាក់ជូនដោយក្រសួងការពារជាតិ។
 
សម្រាប់ក្រុមមនុស្សអាទិភាព ដែលស្ម័គ្រចិត្តចាក់ផ្សេងៗទៀត ក្រសួង នឹងជូនព័ត៌មានតាមក្រោយទៀត នៅពេលដែលមានវ៉ាក់សាំងសម្រាប់ចាក់ជូន។ 
 
ការចាក់វ៉ាក់សាំងកូវីដ-១៩ ធ្វើជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង០៨:០០នាទីព្រឹក ដល់ម៉ោង១៧:០០នាទីល្ងាច ដោយសម្រាកអាហារថ្ងៃត្រង់ពីម៉ោង ១២:០០នាទី ដល់ម៉ោង១៤:០០នាទី។
 
បុគ្គលស្ម័គ្រចិត្តចាក់វ៉ាក់សាំង គឺក្នុងក្រុមអាយុចាប់ពី១៨ឆ្នាំដល់៥៩ឆ្នាំ ត្រូវមានសុខភាពល្អ ហើយមិនស្ថិតក្នុងស្ថានភាពជំងឺធ្ងន់ធ្ងរ ដែលមិនត្រូវទទួលវ៉ាក់សាំងស៊ីណូហ្វាម (Sinopharm)។ 
 
បុគ្គលដែលមិនអាចទទួលយកវ៉ាក់សាំងនេះបាន ដូចជាមានអាការក្ដៅខ្លួន មានជំងឺផ្លូវដង្ហើម ជំងឺហឹត ជំងឺរាំរ៉ៃធ្ងន់ធ្ងរ ឬមានជំងឺរាំរ៉ៃ ដែលឧស្សាធ្វើទុក្ខ មានជំងឺអាឡាក់ស៊ី ដូចជាប្រតិកម្មអាឡាក់ស៊ី ជំងឺប្រទាលត្រអាក។
មានប្រវត្តិប្រតិកម្មជាមួយនឹងវ៉ាក់សាំង ឬអ្នកដែលមានប្រតិកម្មជាមួយនឹងវ៉ាក់សាំង ឬបុគ្គលដែលមានប្រតិកម្មធ្ងន់ធ្ងរពេលចាក់ម្ជុលលើកទី១ ឬបុគ្គលមានចេញអាការប្រតិកម្មផ្នែកប្រព័ន្ធប្រសាទ មិនត្រូវចាក់វ៉ាក់សាំងម្ដងទៀតទេ។
 
អ្នកមានជំងឺថ្លើម និងតម្រងនោមធ្ងន់ធ្ងរ មានជំងឺលើសសម្ពាធឈាម ដែលប្រើថ្នាំគ្រប់គ្រងលែងបាន។ មានជំងឺទឹកនោមផ្អែម និងអ្នកមានជំងឺដុះសាច់មហារីក។ ស្ត្រីមានផ្ទៃពោះ និងស្ត្រីក្នុងរយៈពេលបំបៅដោះកូន ឬស្ត្រីមានផែនការពពោះក្នុងរយៈពេល៣ខែ។ អ្នកមានជំងឺប្រកាច់(កន្ត្រាក់) មានជំងឺឆ្កួតជ្រូក មានជំងឺសរសៃប្រសាទ(ស្កន់) ឬជំងឺរលាកស្រោមខួរ ឬមានជំងឺដំណរពូជ និងអ្នកជំងឺស្កន់ដែលមិនអាចគ្រប់គ្រងបាន។ អ្ននដែលមានបញ្ហាប្រព័ន្ធសរសៃប្រសាទ ឬមានប្រវត្តិជំងឺសរសៃប្រសាទជាដើម។
 
អ្នកដែលពិនិត្យឃើញមានជំងឺកង្វះភាពផ្សាំពីកំណើត អ្នកជំងឺឆ្លង HIV អ្នកមានជំងឺមហារីកកូនកណ្ដុរ អ្នកមានជំងឺឈាមស អ្នកមានជំងឺភាពស៊ាំ។ អ្នកដែលប្រើប្រាស់ថ្នាំសម្រួលភាពស៊ាំ ប្រឆាំងនឹងជំងឹមហារីកដុំសាច់(ថ្នាំគីមី បញ្ចាំងកាំរស្មី...)។ អ្នកមានប្រវត្តិឆ្លងជំងឺកូវីដ-១៩។ អ្នកដែលត្រូវបានគ្រូពេទ្រព្យាបាល ឬបុគ្គលិកចាក់វ៉ាក់សាំងបញ្ជាក់ថា មិនគួរចាក់វ៉ាក់សាំង។ បុគ្គលដែលមិនស្ម័គ្រចិត្តចាក់វ៉ាក់សាំង។ 
 
ទោះជាយ៉ាងណា ក្រសួងសុខាភិបាល ក៏នៅតែតម្រូវឱ្យអ្នកដែលបានចាក់វ៉ាក់រួចរាល់ ត្រូវអនុវត្តវិធានការ ៣ការពារ (ពាក់ម៉ាស់ លាងដៃ រក្សាគម្លាតសុវត្ថិភាពបុគ្គល ពីមួយម៉ែត្រកន្លះឡើងទៅ) និង៣កុំ (កុំទៅកន្លែងដែលមានមនុស្សច្រើនកុះករ កុំទៅកន្លែងដែលបិទជិត ប្រើម៉ាស៊ីនត្រជាក់ច្រើនពេក និងកុំចាប់ដៃគ្នា ឬកុំឱបគ្នា ឬកុំកៀកស្មាគ្នា នៅពេលជួបគ្នា៕
 

Tag:
 កូវីដ-១៩
  វ៉ាក់សាំង
  ពលរដ្ឋ
  រដ្ឋាភិបាល
© រក្សាសិទ្ធិដោយ thmeythmey.com