COVID-19
អន្តរជាតិ
កូវីដ-១៩៖ នូវែលសេឡង់ បិទក្រុង Auckland រយៈពេល ៣ថ្ងៃ
14, Feb 2021 , 8:29 pm        
រូបភាព
បដា ប្រាប់ឲ្យប្រជាជនរក្សាគម្លាតសុវត្ថិភាព នៅក្នុងទីក្រុង Auckland។ រូបភាព៖ Reuters
បដា ប្រាប់ឲ្យប្រជាជនរក្សាគម្លាតសុវត្ថិភាព នៅក្នុងទីក្រុង Auckland។ រូបភាព៖ Reuters
នាយករដ្ឋមន្រ្តីនូវែលសេឡង់ លោកស្រី Jacinda Ardern នៅថ្ងៃទី១៤ ខែកុម្ភៈ បានប្រកាសបិទក្រុង Auckland ជាថ្មី បន្ទាប់ពីរកឃើញមានករណីឆ្លងកូវីដ-១៩ ចំនួន៣ករណីនៅក្នុងក្រុង។ ការបិទក្រុងនេះ នឹងមានរយៈពេល ៣ថ្ងៃ ដោយដំឡើងការរឹតត្បិតក្នុងក្រុងទៅកម្រិត៣ ។

 
រដ្ឋមន្រ្តីទទួលបន្ទុកកូវីដ-១៩ នូវែលសេឡង់ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ បានរាយការណ៍ ករណីឆ្លងថ្មី ចំនួន៣ករណី នៅក្នុងទីក្រុង Auckland។ ៣ករណីនេះ គឺជាប្តី ប្រពន្ធ ១គូ និងកូនស្រី។ ពេលនេះ អាជ្ញាធរកំពុងស្រាវជ្រាវ ថាតើអ្នកផ្ទុកថ្មីនេះ មានទម្រង់កូរ៉ូណាវីរុសបំប្លែងខ្លួនថ្មី ឬយ៉ាងណា? នេះគឺជាករណីឆ្លងថ្មីលើកដំបូង បើគិតចាប់តាំងពីមានករណីឆ្លង នៅថ្ងៃទី២៤ ខែមករា។ 
 
ដើម្បីទប់ស្កាត់ការរាលដាលនៅក្នុងទីក្រុង នាយករដ្ឋមន្រ្តីនូវែលសេឡង់ លោកស្រី Jacinda Ardern បានប្រកាសបិទក្រុងរយៈពេល ៣ថ្ងៃ និងដំឡើងកម្រិតរឹតត្បិតទៅកម្រិត៣ ខណៈទូទាំងប្រទេសមានកម្រិត ២។ វិធានការខាងលើ នឹងមានសុពលភាព ចាប់ពីពាក់កណ្តាលយប់ថ្ងៃទី១៤ ខែកុម្ភៈទៅ។ 
 
ក្រោមវិធានការរឹតត្បិតកម្រិត៣ អាជ្ញាធរស្នើឱ្យប្រជាជនស្នាក់នៅផ្ទះបណ្តោះអាសន្នសិន លើកលែងតែមានករណីចាំបាច់ ដែលត្រូវចេញទៅក្រៅ ដូចជាទៅមន្ទីរពេទ្យ, ទិញអាហារ និងកិច្ចការសំខាន់ជាដើម។
 
នូវែលសេឡង់ គឺជាប្រទេសមួយ ដែលមានការទប់ស្កាត់ករណីឆ្លងកូវីដ-១៩ នៅក្នុងស្រុកបានល្អ និងដាក់ចេញវិធានការយ៉ាងប្រសើរ។ គិតត្រឹមថ្ងៃទី១៤ ខែកុម្ភៈ នូវែលសេឡង់មានករណីឆ្លងកូវីដ-១៩ សរុបចំនួន ២៣៣០ និងអ្នកស្លាប់មានចំនួន ២៥នាក់។ ចំណែកអ្នកជាសះស្បើយមានចំនួន ២២៥៨នាក់៕ 
 

Tag:
 កូវីដ-១៩
  នូវែលសេឡង់
© រក្សាសិទ្ធិដោយ thmeythmey.com