COVID-19
អន្តរជាតិ
អ្នក​កើត​កូ​វីដ​-១៩​ឡើងដល់​ជាង​១០៩​លាន​នាក់​ក្នុងនោះ​ស្លាប់​ជាង​២,៤១​លាន​នាក់​
15, Feb 2021 , 9:38 am        
រូបភាព
ដោយ: រួបរួម
​តួលេខ​អ្នក​កើត​កូ​វីដ​-១៩​លើ​ពិភពលោក ឡើងដល់​ជាង​១០៩​លាន​នាក់​ហើយ ដោយ​គិត​ត្រឹម​ថ្ងៃទី​១៥ ខែកុម្ភៈ​នេះ​។ ក្នុងចំណោម​នោះ អ្នកស្លាប់​មាន​ជាង​២,៤១​លាន​នាក់ និង​សះស្បើយ​ជាង​៨១,៤៦​លាន​នាក់​។ សហរដ្ឋអាមេរិក នៅតែ​ជា​ប្រទេស​ដែលមាន​ករណី​ឆ្លង និង​ស្លាប់​ច្រើនជាងគេ​។​

 
​សហរដ្ឋអាមេរិក មាន​ករណី​វិជ្ជមាន​កូ​វីដ​-១៩ ឡើងដល់​ជាង​២៨,២៦​លាន​នាក់ ខណៈ​ឥណ្ឌា​ឡើង​ជិត​១១​លាន​នាក់ និង​ប្រេ​ស៊ី​ល​ជាង​៩,៨៣​លាន​នាក់​។ រុស្ស៊ី និង​ចក្រភព​អង់គ្លេស មាន​ជាង​៤​លាន​ករណី​រៀងៗ​ខ្លួន រីឯ​បារាំង​មាន​ជាង​៣,៤៦​លាន​នាក់ និង​អេ​ស្ប៉ា​ញ​ជាង​៣​លាន​នាក់​។​
 
​ប្រទេស​ដែលមាន​ករណី​ឆ្លង​ជាង​២​លាន រួមមាន អ៊ីតាលី តួ​ក​គី អាល្លឺម៉ង់ កូ​ឡុំ​ប៊ី និង​អា​ហ្ស​ង់​ទីន​។ ម៉ិ​ក​ស៊ិ​កមាន​ជិត​២​លាន ចំណែកឯ ប៉ូឡូញ អ៊ីរ៉ង់ អាហ្វ្រិក​ខាងត្បូង អ៊ុយ​ក្រែ​ន ប៉េ​រូ ឥណ្ឌូណេស៊ី ឆេ​ក និង​ហូ​ឡង់ មាន​ជាង​១​លាន​ករណី​រៀងៗ​ខ្លួន​។​
 
​កាណាដា មាន​ជាង​៨០​ម៉ឺន​ករណី រីឯ​ព័រ​ទុយ​ហ្គា​ល់ ស៊ី​លី រូ​ម៉ា​នី បែលហ្ស៊ិក និង​អ៊ីស្រាអែល មាន​ជាង​៧០​ម៉ឺន​ករណី​។ អ៊ីរ៉ាក់ ស៊ុយអែត ប៉ា​គី​ស្ថាន ហ្វីលីពីន ស្វី​ស និង​បង់​ក្លា​ដែ​ស ស្ថិតក្នុង​ចំណោម​ប្រទេស​ដែលមាន​អ្នក​ឆ្លង​លើស​កន្លះ​លាន​នាក់​។​
 
​ក្នុងចំណោម​អ្នកស្លាប់​ជាង​២,៤១​លាន​នាក់ សហរដ្ឋអាមេរិក មាន​ជិត​៥០​ម៉ឺន ប្រេ​ស៊ី​ល​ជិត​២៤​ម៉ឺន ម៉ិ​ក​ស៊ិ​ក​ជិត​១៧,៥​ម៉ឺន ឥណ្ឌា​ជាង​១៥,៥​ម៉ឺន ចក្រភព​អង់គ្លេស​ជាង​១១,៧១​ម៉ឺន អ៊ីតាលី​ជាង​៩​ម៉ឺន បារាំង និង​រុស្ស៊ី ជាង​៨​ម៉ឺន​នាក់​។​
 
​ករណី​ស្លាប់​ពី​ជាង​៣​ម៉ឺន​នាក់​ដល់​ជាង​៦​ម៉ឺន​នាក់ មាន​អាល្លឺម៉ង់ អេ​ស្ប៉ា​ញ អ៊ីរ៉ង់ កូ​ឡុំ​ប៊ី អា​ហ្ស​ង់​ទីន អាហ្វ្រិក​ខាងត្បូង ប៉េ​រូ ប៉ូឡូញ និង​ឥណ្ឌូណេស៊ី​។​
 
​រីឯ​បណ្តា​ប្រទេស​ដែលមាន​ករណី​អ្នកស្លាប់​ក្នុង​រង្វង់​ជាង​១​ម៉ឺន និង​២​ម៉ឺន​នាក់ រួមមាន តួ​ក​គី អ៊ុយ​ក្រែ​ន បែលហ្ស៊ិក កាណាដា ស៊ី​លី រូ​ម៉ា​នី ឆេ​ក ព័រ​ទុយ​ហ្គា​ល់ អេ​ក្វា​ឌ័​រ ហូ​ឡង់ ហុង​គ្រី អ៊ីរ៉ាក់ ស៊ុយអែត ប៉ា​គី​ស្ថាន ហ្វីលីពីន និង​បូ​លី​វី​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com