ជាតិ
សេដ្ឋកិច្ច
ចូលឆ្នាំចិន៖ អ្នកដើរលេងច្រើនទៅព្រឹកវិលល្ងាច និងដាក់អាហារដែលសល់ពីការសែនតាមខ្លួន ភ្ញៀវទេសចរដើរនៅកម្សាន្តនៅប្រាសាទអង្គរវត្ត នាឱកាសពិធីបុណ្យចូលឆ្នាំចិន ក្នុងខែកុម្ភៈ ឆ្នាំ២០២១។ រូបថត៖ អ៉ីសា រ៉ូ ហានី
× ភ្នំពេញ៖ រយៈពេល៣ថ្ងៃពិធីបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម ពោលពីថ្ងៃទី១២ដល់១៤កុម្ភៈ កន្លងមកនេះ កម្ពុជាទទួលបានភ្ញៀវទេសចរនៅទូទាំងប្រទេសជិត៩០ម៉ឺននាក់។ ក្នុងនោះ ភ្ញៀវជាតិមាន៨៨០,៥៥៣នាក់ កើនឡើង៦,០៥ភាគរយ និងភ្ញៀវបរទេសផ្ទៃក្នុងមាន ១២,០៨៥នាក់ ថយចុះ ៨៥,៤០ភាគ បើធៀបនឹងបុណ្យចូលឆ្នាំចិន ក្នុងឆ្នាំ២០២០។
បើយោងតាមស្ថិតិភ្ញៀវទេសចរផ្ទៃក្នុងនាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិន និងវៀតណាម របស់ក្រសួងទេសចរណ៍នៅថ្ងៃទី១៥កុម្ភៈនេះ នៅថ្ងៃទីមួយនៃពិធីបុណ្យចូលឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវទេសចរ ជាង២០,៥ម៉ឺននាក់, ថ្ងៃទីពីរ ទទួលបានភ្ញៀវជាង៤០,៨ម៉ឺននាក់ និងថ្ងៃទីបី ទទួលភ្ញៀវទេសចរ បានត្រឹមជិត២៨ម៉ឺននាក់ ប៉ុណ្ណោះ។ ក្រសួងទេសចរណ៍ បានបញ្ជាក់ថា ភ្ញៀវទេសចរសរុបដែលកម្ពុជាទទួលបានក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំចិននេះ គឺធ្លាក់ចុះចំនួន២,២៣ភាគរយ បើធៀបនឹងឆ្នាំ២០២០។
ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីចិន រាជធានីភ្នំពេញ គឺជាគោលដៅទេសចរណ៍លំដាប់ទីមួយ ដែលមានភ្ញៀវទេសចរ ជាង១១,៨ម៉ឺននាក់ ដើរកម្សាន្ត។ ក្រៅពីនេះ ខេត្តសៀមរាប មានភ្ញៀវទេសចរជាង១១,៧ម៉ឺននាក់, ខេត្តកំពត ជាង១០,២ម៉ឺននាក់, ខេត្តកែប មានជិត៩,៣ម៉ឺននាក់ និងខេត្តព្រះសីហនុ មានជាង៨,២ម៉ឺននាក់ រួមទាំងខេត្តគោលដៅទេសចរណ៍ផ្សេងៗទៀត ដូចជា៖ ខេត្តកណ្តាល, បាត់ដំបង, កោះកុង, កំពង់ស្ពឺ និងខេត្តពោធិ៍សាត់ ជាដើម។
ក្រសួងទេសចរណ៍វាយតម្លៃជាបឋមថា ការចំណាយរបស់ភ្ញៀវទេសចរនៅក្នុងពិធីបុណ្យចូលឆ្នាំចិននេះ មានកម្រិតទាបជាងពេលឈប់សម្រាកកន្លងមក។ «ពួកគាត់[ភ្ញៀវទេសចរ]មួយចំនួន ជ្រើសរើសការដើរកម្សាន្តនៅគោលដៅជិតៗ ដោយចេញទៅពេលព្រឹក ហើយត្រឡប់មកវិញពេលល្ងាច ហើយការដើរកម្សាន្តជាក្រុមគ្រួសារ និងខ្លះទៀតបានរៀបចំម្ហូបអាហារដែលសល់ពីការសែនមកតាមខ្លួនខ្លះ»។ នេះជាការលើកឡើងរបស់ក្រសួងទេសចរណ៍ ដោយបន្តថា ទោះយ៉ាងណាលំហូរភ្ញៀវទេសចរទៅគ្រប់គោលដៅទេសចរណ៍នៅតាមបណ្តារាជធានី-ខេត្ត នៅតែជាចលករសំខាន់ក្នុងការទ្រទ្រង់វិស័យទេសចរណ៍មួយផ្នែក និងបង្កើតប្រាក់ចំណូលទៅដល់ប្រជាជននៅតាមមូលដ្ឋាន និងវិស័យឯកជន ផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com