COVID-19
អន្តរជាតិ
កំណែទម្រង់ និង​ស្រោចស្រង់​សេដ្ឋកិច្ច​ជា​អាទិភាព​របស់​អគ្គនាយិកា​ថ្មី WTO
16, Feb 2021 , 7:29 pm        
រូបភាព
លោកស្រីNgozi Okonjo-Iweala អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក។ រូបភាព៖AFP
លោកស្រីNgozi Okonjo-Iweala អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក។ រូបភាព៖AFP
ដោយ:
​លោកស្រី Ngozi Okonjo-Iweala អតីតរដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​នី​ហ្សេ​រី​យ៉ា និង​ជា​សេដ្ឋវិទូ ត្រូវបាន​រដ្ឋ​សមាជិក​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) ជ្រើសតាំង​ជា​អគ្គនាយិកា​នៅ​ថ្ងៃទី​១៥ ខែកុម្ភៈ​។ លោកស្រី​គឺជា​ស្ត្រី​ដំបូង និង​ជា​ជនជាតិ​អាហ្វ្រិក​ទីមួយ​ដែល​គ្រប់គ្រង​ស្ថាប័ន​ពាណិជ្ជកម្ម​អន្តរជាតិ​មួយ​នេះ​។ លោកស្រី​សង្កត់ធ្ងន់ថា WTO ដែល​រឹងមាំ នឹងមាន​នាទី​យ៉ាងសំខាន់​ក្នុងការ​ស្រោចស្រង់​ពិភពលោក ដែល​រងគ្រោះ​ដោយ​ជំងឺឆ្លង​កូ​វីដ​-១៩​។​

 
​ជា​អតីតរដ្ឋមន្ត្រី​ហិរញ្ញវត្ថុ និង​ធ្លាប់​ធ្វើការ​ច្រើន​ឆ្នាំ​ក្នុង​ធនាគារពិភពលោក លោកស្រី Ngozi Okonjo-Iweala ត្រូវបាន​រដ្ឋ​សមាជិក​ផ្តល់​តំណែង​ជា​អគ្គនាយិកា WTO ក្នុង​កិច្ចប្រជុំ​ពិសេស​ជាមួយ​សំឡេងគាំទ្រ​ឯកច្ឆន្ទ​។ បេក្ខភាព​របស់លោក​ស្រី Okonjo-Iweala ទទួលបាន​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ពី​លោក​ប្រធានាធិបតី​អាមេរិក ចូ បៃ​ឌិន ក្រោយ​ការដកខ្លួន​របស់​បេក្ខភាព​ជា​ស្ត្រី​ម្នាក់ទៀត​ដែលជា​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​កូរ៉េខាងត្បូង​បោះបង់ចោល​ការប្រកួត​។​
 
«WTO ដែល​រឹងមាំ ពិត​ជាមាន​សារសំខាន់ បើ​យើង​ចង់​ស្រោចស្រង់​សេដ្ឋកិច្ច​ទាំងស្រុង និង​ឆាប់រហ័ស​ចេញពី​ជំងឺឆ្លង​កូ​វីដ​-១៩»​។ នេះ​ជា​សំណេរ​ក្នុង​សេចក្តីថ្លែងការណ៍​របស់​លោកស្រី​នៅ​ថ្ងៃទី​១៥ ខែកុម្ភៈ​។ លោកស្រី​អះអាងថា រដ្ឋ​សមាជិក​ត្រូវតែ​ធ្វើការ​រួមគ្នា​ក្នុងការ​កែប្រែ​គោលនយោបាយ​ពាណិជ្ជកម្ម និង​ដាក់ចេញ​នូវ​គោលនយោបាយ​ដើម្បី​ស្រោចស្រង់​សេដ្ឋកិច្ច​ឡើងវិញ​។​
 
​អគ្គនាយិកា​រូបនេះ រំឭក​រដ្ឋ​សមាជិក​ពី​ឧបសគ្គ​ដែល​ស្ថាប័ន​កំពុង​ជួបប្រទះ និង​អំពាវនាវ​ថា មានតែ​ធ្វើការ​រួមគ្នា​ប៉ុណ្ណោះ​ទើប​អាច​ដោះស្រាយ​បញ្ហា​បាន និង​ធ្វើឱ្យ WTO រឹងមាំ ធន់ ហើយ​សម្រប​ទៅនឹង​តថភាព​ជាក់ស្តែង​បាន​។​
 
​ដើម្បី WTO រឹងមាំ លោកស្រី Okonjo-Iweala ប្តេជ្ញា​កំណែទម្រង់​ស្ថាប័ន​មួយ​នេះ ខណៈ​កន្លងមក​នៅមាន​បញ្ហា​ប្រឈម​ជាច្រើន​។ WTO ពុំ​អាច​សម្រេចបាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ចម្បង​ណាមួយ​ឡើយ​។ បន្ថែម​ពីនេះ WTO ពុំ​អាច​សម្រេចបាន​កាលវិភាគ​ក្នុងការ​បញ្ចប់​ការឧបត្ថម្ភ​ធន់​ក្នុង​វិស័យ​នេសាទ​។ ដូចគ្នានេះដែរ មុខងារ​មួយចំនួន​របស់ WTO ជាប់គាំង​មិនអាច​ធ្វើការ​បាន​ដោយសារ​អតីត​ប្រ​ធានា​ប​តី​អាមេរិក ដូ​ណា​ល់ ត្រាំ ជំទាស់​ការតែងតាំង​ចៅក្រម ដែល​ធ្វើ​ឲ្យ WTO មិនអាច​កាត់ក្តី​ជម្លោះ​ពាណិជ្ជ​កម្មបាន​។​
 
​សេដ្ឋវិទូ​នី​ហ្សេ​រី​យ៉ា​រូបនេះ ត្រូវ​ទទួល​ការងារ​ធំៗ​ជាច្រើន​ដូចជា​សម្រេច​ឱ្យបាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ថ្មី កំណែទម្រង់​ច្បាប់ពាណិជ្ជកម្ម​ឱ្យ​ស្មើភាព ជួយ​ប្រទេស​កំពុង​អភិវឌ្ឍ​ដែល​រងគ្រោះ​សេដ្ឋកិច្ច និង​ប្រយុទ្ធ​ទៅនឹង​គោលនយោបាយ​ការពារ​និយម​ដែលមាន​លក្ខណៈ​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​ដោយសារ​ជំងឺ​កូ​វីដ​-១៩​។ ក្នុង​សុន្ទរកថា​ទទួលយក​តំណែង លោកស្រី​និយាយថា ការសម្រេច​ឱ្យបាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជា​អាទិភាព និង​ទាមទារ​ប្រទេស​ទាំងអស់​ច្រានចោល​គំនិត​ជាតិនិយម​វ៉ាក់សាំង​។​
 
​គំនិត​ជាតិនិយម និង​គោលនយោបាយ​ពាណិជ្ជកម្ម​ការពារ​និយម ត្រូវតែ​បង្ក្រាប បើសិនជា​ពិភពលោក​ទាំងមូល​ចង់ឱ្យ​សេដ្ឋកិច្ច​មាន​សភាព​ល្អ​ដូច​មុន ជា​អ្វី​ដែ​លោកស្រី​ចង់បាន បន្ថែម​ពី​ការដោះស្រាយ​វិសមភាព​វ៉ាក់សាំង និង​បញ្ហា​ប្រឈម​ដែល​ប្រទេស​នានា​ជួបប្រទះ​។ លោកស្រី​ផ្តល់យោបល់​ថា ប្រទេស​អភិវឌ្ឍ​គប្បី​លុប​ឧបសគ្គ​មួយចំនួន​ដែលមាន​ក្នុង​ច្បាប់​កម្មសិទ្ធិបញ្ញា និង​ផ្ទេរ​បច្ចេកវិទ្យា ដើម្បី​ធ្វើឱ្យមាន​ភាពងាយស្រួល​ក្នុង​ការផលិត​វ៉ាក់សាំង​នៅ​ទូទាំង​ពិភពលោក​។​
 
​លោកស្រី Okonjo-Iweala ធ្លាប់​និយាយ​ចំៗ​ថា WTO ត្រូវ​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការជួយ​ប្រទេស​កំពុង​អភិវឌ្ឍ​ក្នុងការ​ទទួលបាន​ឱសថ ក៏ដូចជា​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩​។ បញ្ហា​ខាងលើ សុទ្ធសឹងតែ​ជា​អ្វីដែល​សមាជិក​ទាំង​១៦៤​ពុំ​អាច​ស្វែងរក​ចំណុចរួម​បាន​៕
 
 
 
 
 
 

Tag:
 WTO
© រក្សាសិទ្ធិដោយ thmeythmey.com