ជាតិ
សេដ្ឋកិច្ច
ពន្ធ​៣​ប្រភេទ រក្សា​កំណើន​សម្រាប់​កម្ពុជា នៅ​ដើមឆ្នាំ​២០២១
16, Feb 2021 , 8:29 pm        
រូបភាព
លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។ រូបថត៖ GDT
លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។ រូបថត៖ GDT
​ភ្នំពេញ​៖ កម្ពុជា​ទទួលបាន​ចំណូល​ពី​ពន្ធ​៣​ប្រភេទ ដែលមាន​កំណើន​ចន្លោះ​ពី​៤ ទៅ​ជាង​១០​ភាគរយ នៅ​ដើមឆ្នាំ​២០២១​នេះ បើ​ធៀប​នឹង​ប្រភេទ​ពន្ធ​ដូចគ្នា ប្រចាំ​ខែមករា ឆ្នាំ​២០២០​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អគ្គនាយក​ដ្ឋា​ន​ពន្ធដារ ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​១៥​កុម្ភៈ​។​

 
​ពន្ធ​ទាំង​៣​ប្រភេទ ដែល​រក្សា​កំណើន​ល្អ​សម្រាប់​កម្ពុជា​នោះ រួមមាន​ពន្ធ​លើ​ប្រាក់ចំណូល​, ពន្ធ​លើ​អាករ​ពិសេស និង​ពន្ធលើប្រាក់បៀវត្ស​។ បើតាម​អគ្គនាយកដ្ឋាន​ពន្ធដារ ការប្រមូល​ពន្ធ​លើ​ប្រាក់ចំណូល​ប្រចាំ​ខែមករា​ឆ្នាំ​២០២១ មាន​ចំនួន​១៧៣,៧៩​ពាន់​លាន​រៀល​(​ស្មើនឹង​ជាង​៤០​លាន​ដុល្លារ​)  បាន​កើន​៧,២៦ ភាគរយ​, ការប្រមូល​ពន្ធ​លើ​អាករ​ពិសេស បាន​១១,៧៦ ពាន់​លាន​រៀល​(​ជិត​២០​លាន​ដុល្លារ​) កើនឡើង​៤,០៤​ភាគរយ និង​ការប្រមូល​ពន្ធលើប្រាក់បៀវត្ស បាន​ចំនួន ៩១,៣១​ពាន់​លាន​រៀល (​ស្មើនឹង​ជាង​២២​លាន​ដុល្លារ​) បាន​កើន​រហូត​១០,០៧​ភាគរយ​។​
 
​ថ្វី​ដ្បិត​ចំណូល​ពី​ពន្ធ​ទាំង​៣​ប្រភេទ​ខាងលើ​មាន​កំណើន​ក៏ពិតមែន ប៉ុន្តែ​ចំណូល​សរុប​ដែល​កម្ពុជា​បាន​ពី​ពន្ធអាករ​គ្រប់​ប្រភេទ​ប្រចាំ​ខែមករា គឺមាន​ចំនួន​៨៧៩,៦៨​ពាន់​លាន​រៀល​(​ស្មើនឹង​២១៧,២០​លាន​ដុល្លារ​) ថយចុះ ៨,០៦​ភាគរយ បើ​ធៀប​នឹង​ចំណូល​ពន្ធដារ​ប្រចាំ​ខែមករា ក្នុង​ឆ្នាំ​២០២០​។ នេះ​បើតាម​អគ្គនាយក​ពន្ធដារ​ដដែល​។​
 
​បើតាម​ផែនការ ដែល​បានកំណត់​នៅ​ឆ្នាំ​២០២១ ការប្រមូល​ពន្ធ​ត្រូវមាន​ទំហំ​ជាង​២,២០០​លាន​ដុល្លារ​។​ដូច្នេះ​ដើម្បី​ធានា​នូវ​ប្រសិទ្ធភាព ក្នុងការ​ប្រមូល​ចំណូល​ពន្ធ ឲ្យ​ស្របតាម​ផែនការ​កំណត់​នោះ អគ្គនាយកដ្ឋាន​ពន្ធដា​រ នឹង​បន្ត​ពង្រឹង​នូវ​វិធានការ​នយោបាយ និង​រដ្ឋបាល​សារពើពន្ធ  ដោយ​អនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព នូវ​ការចុះបញ្ជី​អាជីវកម្ម​តាម​ប្រព័ន្ធ​ព័ត៌មាន​បច្ចេកវិទ្យា​។ ជាពិសេស​ជំរុញ​ការអនុវត្ត​លើ​ការដាក់​លិខិត​ប្រកាស​ពន្ធ តាម​ប្រព័ន្ធ​អន​ឡាញ​(E-Filling) និង​លិខិត​ប្រកាស​ពន្ធ​លើ​ប្រាក់ចំណូល​។ 
 
​អគ្គនាយកដ្ឋាន​ពន្ធដា​រ នឹង​បន្ត​លើកកម្ពស់​វប្បធម៌​បង់ពន្ធ ដោយ​ពង្រឹង​ការផ្សព្វផ្សាយ និង​ការអនុវត្ត រួមទាំង​ពង្រឹង​ការប្រមូល​ពន្ធ​បំណុល និង​វិធានការ​តឹងរឹង​ក្នុងការ​ទារបំណុល​ពន្ធ​។ ជាពិសេស​បំណុល​ពន្ធ​ធំៗ ដែលមាន​សក្កា​នុព​ល ដោយបាន​កំណត់​ជា​បំណុល​អាទិភាព  នៅក្នុង​វិស័យ​ដែល​មិន​រង​ប៉ះពាល់​ដោយសារ​កូ​វីដ​-១៩ រួមទាំង​សកម្មភាព​ផ្សេងៗ ដើម្បី​ធានា​នូវ​ការប្រមូល​ពន្ធ​ឱ្យមាន​ប្រសិទ្ធភាព និង​តម្លាភាព​។​
 
​ឆ្នាំ​២០២០ អគ្គនាយកដ្ឋាន​ពន្ធដា​រ ប្រមូលប្រាក់​ពន្ធ​ពី​វិស័យ​នានា បាន​ជិត​៣​ពាន់​លាន​ដុល្លារ កើនឡើង ៣,៧៣​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ ២០១៩៕ 
 
 

Tag:
 ពន្ធដារ​
© រក្សាសិទ្ធិដោយ thmeythmey.com