ចិន វ៉ា​អាមេរិក​ក្លាយជា​ដៃគូ​ពាណិជ្ជកម្ម​ធំជាងគេ​បង្អស់​របស់​អឺរ៉ុប​ឆ្នាំ​២០២០
អន្តរជាតិ
ចិន វ៉ា​អាមេរិក​ក្លាយជា​ដៃគូ​ពាណិជ្ជកម្ម​ធំជាងគេ​បង្អស់​របស់​អឺរ៉ុប​ឆ្នាំ​២០២០
16, Feb 2021 , 10:29 pm        
រូបភាព
ចិន នៅ​ឆ្នាំ​២០២០ បាន​វ៉ា​អាមេរិក​ក្លាយជា​ដៃគូ​ពាណិជ្ជកម្ម​ធំជាងគេ​បង្អស់​របស់​សហភាព​អឺរ៉ុប​។ នេះ​បើតាម​ទិន្នន័យ​របស់​ទីភ្នាក់ងា​ស្ថិតិ​សហភាព​អឹ​រ៉ុ​ប នៅ​ថ្ងៃទី​១៥ ខែកុម្ភៈ​។  ចក្រភព​អង់គ្លេស​ដែល​ទើប​លែងលះ​សហភាព​អឺរ៉ុប​ថ្មីៗ ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​លំដាប់​ទី ៣ សម្រាប់​ប្លុក​តំបន់​ដ៏​ធំ​មួយ​នេះ បន្ទាប់ពី​ចិន និង​អាមេរិក​។​

 
​ទោះ​ជួប​បញ្ហា​ច្រើន​ដោយសារ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ចិន និង​សហភាព​អឺរ៉ុប​នៅតែមាន​កំណើន​ដដែល​។ ការរកស៊ី​ទ្វេភាគី​ជាមួយ​ចិន​បាន​ជួយ​ជំរុញ​ការលក់ទំនិញ​អឺរ៉ុប​យ៉ាងខ្លាំង ជាពិសេស​ក្នុង​វិស័យ​រថយន្ត និង​ទំនិញ​ប្រណីត ខណៈដែល​ការនាំចេញ​របស់​ចិន​ទៅកាន់​អឺរ៉ុប ក៏​កាក់កប​ដែរ ពិសេស​ការនាំចេញ​ផលិត​វេជ្ជសាស្ត្រ និង​គ្រឿង​អេ​ឡិច​ត្រូ​និ​ច ដែល​រដ្ឋ​អឺរ៉ុប​ត្រូវការ​ខ្លាំង​។​
 
​បើតាម​តួលេខ​របស់​ទីភ្នាក់ងារ​ស្ថិតិ​សហភាព​អឹ​រ៉ុ​ប (Eurostat) ទំហំ​ពាណិជ្ជកម្ម​របស់​សហភាព​អឺរ៉ុប​ជាមួយ​ចិន​បាន​កើនឡើង​ដល់​៥៨៦​ពាន់​លាន​អឺរ៉ូ (​ស្មើនឹង​៧១១​ពាន់​លាន​ដុល្លារ​អាមេរិក​) ក្នុង​ឆ្នាំ ២០២០ បើ​ប្រៀបធៀប​ទៅនឹង​សម្រាប់​សហរដ្ឋអាមេរិក​មាន​៥៥៥​ពាន់​លាន​អឺរ៉ូ (​ស្មើនឹង​៦៧៣​ពាន់​លាន​ដុល្លារ​អាមេរិក​) ប៉ុណ្ណោះ​។ 
 
​ការនាំចេញ​របស់​សហ​ភាព​អឺរ៉ុប​កើនឡើង​២,២​ភាគរយ ស្មើ​នឺង ២០២,៥​ពាន់​លាន​អឺរ៉ូ ខណៈពេលដែល​ការនាំ​ចូល​ពី​ចិន បាន​កើនឡើង​៥,៦​ភាគរយ​ស្មើនឹង ៣៨៣,៥​ពាន់​លាន​អឺរ៉ូ​។ ក្នុង​ឆ្នាំ​២០២០​ដូចគ្នា ការនាំចេញ​របស់​សហ​ភាព​អឺរ៉ុប​ទៅ​អាមេរិក​ធ្លាក់ចុះ​១៣,២​ភាគរយ ខណៈ​ការ​នាំចូល​ធ្លាក់ចុះ​៨,២ ភាគរយ​។ 
 
​ជាមួយ​ចក្រភព​អង់គ្លេស ការផ្ដោះប្ដូរ​ពាណិជ្ជកម្ម​របស់​សហភាព​អឺរ៉ុប ក៏​ធ្លាក់ចុះ​ដែរ ដោយ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​តាម​ពីក្រោយ​ចិន និង​អាមេរិក​។ ឆ្នាំ​២០២០ ជា​ឆ្នាំ​អន្តរកាល​នៃ​ការ​លែងលះ​រវាង​ភាគី​ទាំងពីរ​។ ការនាំចេញ​របស់​អឺរ៉ុប​ទៅ​ចក្រភព​អង់គ្លេស​បាន​ធ្លាក់ចុះ​១៣,២ ភាគរយ​ខណៈ​ការនាំ​ចូល​វិញ​បាន​ធ្លាក់ចុះ ១៣,៩ ភាគរយ​៕ 
 

Tag:
 ​អាមេរិក​
  ចិន​
  អឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com