សៀវភៅសត្វស្លាបនៃកោះសាមសិបបោះពុម្ពដោយអង្គការNTFP-EP Cambodia ក្នុងអំឡុងខែមករា ឆ្នាំ២០២១ ដោយមានការគាំទ្រដោយអង្គការWWF, USAID, និងSam Veasna Conservation Tours ។ នៅក្នុងសៀវភៅដែលបានបង្ហាញនូវវត្តមានសត្វស្លាបរហូតដល់១៧០ប្រភេទនេះ កំពុងរស់នៅតំបន់អេកូទេសចរណ៍កោះសាមសិបនោះ មាន សត្វតុកកាគូ, សត្វត្រចៀកកាំកន្ទុយខ្សែ, សត្វចឡស្លាបក្រោមត្នោតខ្ចី, សត្វចឡស្លាបក្រោមត្នោតចាស់, រំពេទន្លេ, ទទ្រីតទន្លេ, ត្រដក់តូច, ប៉ោលតោកអំបុក, ក្រសារធ្នង់, ក្រសា, ឪឡពូប, កេងកងតូច, ងាវកក, កដបទ្រងស, សត្វក្រសេះដំរី, ត្រសេះបៃតងក្បាលខ្មៅ, សត្វចេកទុំកញ្ចឹងកខ្មៅ, ចាចសួគ៌ាខៀវ, ចាបដូនតាខ្នងត្នោត, ទទ្រីតទន្លេ, សត្វខ្ទប់ដីមេគង្គលើជាដើម....។
បើតាមលោក ណុប វណ្ណារិទ្ធ អ្នកសម្របសម្រួលប្រចាំតំបន់NTFP-EP Cambodia សៀវភៅសត្វស្លាបនៃកោះសាមសិបនេះ បោះពុម្ពឡើង ដើម្បីបង្ហាញវត្តមានសត្វស្លាបនានា និងសត្វស្លាបជិតផុតពូជនៅលើពិភពលោក ដូចជា សត្វត្រយងចង្កំកស និងសត្វចាបព្រៃវែង ដែលកំពុងរស់នៅក្នុងតំបន់អេកូទេសចរណ៍មួយនេះ។
សៀវភៅសត្វស្លាបនៃកោះសាមសិប នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការអប់រំផ្សព្វផ្សាយ ពិសេសដល់យុវជន និងសិស្សានុសិស្ស រស់នៅក្នុងសហគមន៍អេកូទេសចរណ៍ ហើយក៏ក្លាយជាសៀវភៅមគ្គុទេស៍មួយដ៏ល្អសម្រាប់សហគមន៍ក្នុងការបង្ហាញវត្តមានសត្វស្លាបទៅតាមប្រភេទនីមួយៗ ដល់ភ្ញៀវទេសចរ ដែលទៅទស្សនាតំបន់អេកូទេសចរណ៍ ដែលពោរពេញទៅដោយជីវៈចម្រុះមួយនេះ។
លោក ណុប វណ្ណារិទ្ធ បន្ថែមថា ការចងក្រងនិងបោះពុម្ពសៀវភៅនេះ ក៏ជាការបើកផ្លូវឱ្យអ្នកដែលមានបំណងចង់សិក្សាអំពីវត្តមានប្រភេទសត្វស្លាបផ្សេងៗទៀត ដែលមិនបានកត់ត្រា នៅក្នុងបញ្ជីឈ្មោះសត្វស្លាបនេះ ផងដែរ៕