COVID-19
អន្តរជាតិ
អ្នក​ឆ្លង​កូ​វីដ​-១៩ ឡើងដល់​ជាង​១១០​លាន​នាក់ ក្នុងនោះ​ស្លាប់​ជិត​២,៤៣​លាន​
17, Feb 2021 , 9:22 am        
រូបភាព
​តួលេខ​អ្នក​ឆ្លង​កូ​វីដ​-១៩ ទូទាំង​ពិភពលោក ឡើងដល់​ជាង​១១០​លាន​នាក់​ហើយ ដោយ​គិត​ត្រឹម​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២១ នេះ ដែល​ក្នុងនោះ អ្នកស្លាប់​មាន​ជិត​២,៤៣​លាន​នាក់ និង​សះស្បើយ​ជាង​៨៤,៨៣​លាន​នាក់​។ ២១​ប្រទេស មាន​ករណី​ឆ្លង​លើសពី​១​លាន ដែល​ក្នុងនោះ​សហរដ្ឋអាមេរិក មាន​ទាំង​ករណី​ឆ្លង និង​អ្នកស្លាប់​ច្រើនជាងគេ​បំផុត​។​

 
​អ្នក​ឆ្លង​កូ​វីដ​-១៩ នៅ​សហរដ្ឋអាមេរិក មាន​ជាង​២៨,៣៨​លាន​នាក់ ដែល​តាម​ពីក្រោយ​ដោយ​ឥណ្ឌា ជាង​១០,៩៣​លាន​នាក់ ប្រេ​ស៊ី​ល ជាង​៩,៩២​លាន​នាក់ រុស្ស៊ី ជាង​៤,០៩​លាន​នាក់ ចក្រភព​អង់គ្លេស ជាង​៤,០៥​លាន​នាក់ បារាំង  ជាង​៣,៤៨​លាន​នាក់ និង​អេ​ស្ប៉ា​ញ ជាង​៣,០៩​លាន​នាក់​។​
 
​ប្រទេស​ដែលមាន​ករណី​ឆ្លង​លើសពី​លាន រួមមាន អ៊ីតាលី តួ​ក​គី អាល្លឺម៉ង់ កូ​ឡុំ​ប៊ី និង​អា​ហ្ស​ង់​ទីន​។ ម៉ិ​ក​ស៊ិ​កមាន​ជិត​២​លាន​ករណី ខណៈ ប៉ូឡូញ អ៊ីរ៉ង់ អាហ្វ្រិក​ខាងត្បូង អ៊ុយ​ក្រែ​ន ប៉េ​រូ ឥណ្ឌូណេស៊ី ឆេ​ក និង​ហូ​ឡង់ សុទ្ធតែ​ឈានដល់​ជាង​១​លាន​ករណី​រៀងៗ​ខ្លួន​។​
 
​កាណាដា​ស្ថិតក្នុង​ខ្ទង់​ជាង​៨០​ម៉ឺន​ករណី ព័រ​ទុយ​ហ្គា​ល់ ស៊ី​លី រូ​ម៉ា​នី បែលហ្ស៊ិក និង​អ៊ីស្រាអែល មាន​ជាង​៧០​ម៉ឺន​ករណី​ដូចគ្នា​។ បណ្តា​ប្រទេស​ផ្សេងទៀត​ដែលមាន​ករណី​ឆ្លង​លើស​កន្លះ​លាន​រួមមាន អ៊ីរ៉ាក់ ស៊ុយអែត ប៉ា​គី​ស្ថាន ហ្វីលីពីន ស្វី​ស និង​បង់​ក្លា​ដែ​ស​។​
 
​ក្នុងចំណោម​អ្នកស្លាប់​ជិត​២,៤៣​លាន​នាក់ សហរដ្ឋអាមេរិក មាន​ជិត​៥០​ម៉ឺន​នាក់ ប្រេ​ស៊ី​ល​ជាង​២៤​ម៉ឺន ម៉ិ​ក​ស៊ិ​កជាង​១៧​ម៉ឺន ឥណ្ឌា​ជាង​១៥,៥​ម៉ឺន ចក្រភព​អង់គ្លេស​ជាង​១១​ម៉ឺន អ៊ីតាលី​ជាង​៩​ម៉ឺន បារាំង និង​រុស្ស៊ី​ជាង​៨​ម៉ឺន អាល្លឺម៉ង់ និង​អេ​ស្ប៉ា​ញ​ជាង​៦​ម៉ឺន​នាក់​៕

© រក្សាសិទ្ធិដោយ thmeythmey.com