COVID-19
ជាតិ
ករណីវិជ្ជមានកូវីដ-១៩ ចំនួន​៤ករណីទៀតនៅកម្ពុជា ដែលសុទ្ធតែជនបរទេស
18, Feb 2021 , 7:15 am        
រូបភាព
ដោយ: ថ្មីៗ
ជនជាតិឥណ្ឌូណេស៊ី២នាក់ ចិន១នាក់ និងស្វីស១នាក់ ជាករណីវិជ្ជមានកូវីដ-១៩ ថ្មីនៅកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន​របស់ក្រសួងសុខាភិបាល ដែលធ្វើឲ្យចំនួនសរុប៤៨៣នាក់ ក្នុងនោះអ្នកជាសះស្បើយមាន៤៧០នាក់ដដែល។



បុរសឥណ្ឌូណេស៊ី អាយុ​១៨​ឆ្នាំ និង​ស្ត្រីឥណ្ឌូណេស៊ីអាយុ១៨ឆ្នាំដូចគ្នា បាន​ធ្វើដំណើរពីប្រទេសខ្លួន ឆ្លងកាត់សិង្ហបុរី ហើយមកដល់កម្ពុជានៅថ្ងៃទី១៦ ខែកុម្ភៈ។ បច្ចុប្បន្ន​ អ្នកជំងឺទាំង២ត្រូវបាន​ដាក់ឲ្យសម្រាកព្យាបាលនៅមជ្ឈមណ្ឌល​កំចាត់ជំងឺរបេង និងហង់សិន រីឯអ្នកដំណើរ​១២៦នាក់ទៀត បន្តធ្វើចត្តាឡីស័ក។

ស្រ្តីជនជាតិចិនអាយុ៣១ឆ្នាំ បានធ្វើដំណើរមកពីប្រទេសខ្លួន បន្តជើងតាមកូរ៉េខាងត្បូង ហើយមកដល់កម្ពុជានៅថ្ងៃទី​៧ ខែកុម្ភៈ។ លទ្ធផល​វិជ្ជមាន បង្ហាញក្រោយតេស្តវត្ថុសំណាកលើកទី២។ បច្ចុប្បន្នគាត់សម្រាកព្យាបាលនៅមជ្ឈមណ្ឌលកំចាត់ជំងឺរបេង និងហង់សិន។

រីឯបុរសស្វីសអាយុ៦២ឆ្នាំ បានមកពីប្រទេសខ្លួន បន្តជើងហោះហើរនៅសិង្ហបុរី និងមកដល់កម្ពុជាកាលពីថ្ងៃទី៤ ខែកុម្ភៈ។ វត្ថុសំណាកលើកទី២ បង្ហាញថាគាត់វិជ្ជមានកូវីដ-១៩ ដោយ​ ពេលនេះ គាត់សម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។

បច្ចុប្បន្ន ករណីឆ្លងកូវីដ-១៩ នៅកម្ពុជា ឡើងដល់​៤៨៣នាក់ ក្នុងនោះ​៤៧០នាក់ បានជាសះស្បើយ។ អ្នក​ជំងឺ១៣នាក់បន្តសម្រាកព្យាបាល ដោយ៧នាក់នៅមជ្ឈមណ្ឌលកំចាត់ជំងឺរបេង និងហង់សិន ៣នាក់នៅពេទ្យមិត្តភាពខ្មែរសូវៀត ២នាក់នៅពេទ្យបង្អែកខេត្តប៉ៃលិន និង​១នាក់នៅមណ្ឌលសុខភាពចាក់អង្រែ៕

© រក្សាសិទ្ធិដោយ thmeythmey.com