COVID-19
អន្តរជាតិ
ប្រមុខ UN ៖​ប្រទេស​១០ ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ដែលមាន​ចំនួន​៧៥​ភាគរយ​ទៅហើយ​
18, Feb 2021 , 10:35 am        
រូបភាព
អគ្គលេខាធិការអង្គការសហប្រជាជាតិ អាន់តូនីញ៉ូ ហ្គូតេរ៉េស ។ រូបថតពីវេបសាយ UN
អគ្គលេខាធិការអង្គការសហប្រជាជាតិ អាន់តូនីញ៉ូ ហ្គូតេរ៉េស ។ រូបថតពីវេបសាយ UN
​ប្រមុខ​អង្គការសហប្រជាជាតិ (UN) អាន់​តូ​នី​ញ៉ូ ហ្គូ​តេ​រ៉េ​ស នៅ​ថ្ងៃទី​១៧ ខែកុម្ភៈ បាន​បញ្ចេញ​ការខកចិត្ត​ពី​វិសមភាព​ក្នុង​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ លើ​ពិភពលោក​។ បើតាម​លោក ហ្គូ​តេ​រ៉េ​ស ការចាក់​វ៉ាក់សាំង មិនត្រូវ​បានធ្វើ​ឡើង​ដោយ​ស្មើភាព និង​យុត្តិធម៌​ឡើយ ព្រោះ​ប្រទេស​អ្នកមាន​ភាគច្រើន​ប្រើប្រាស់​វ៉ាក់សាំង​បី​ភាគ​ទៅហើយ​ក្នុងចំណោម​វ៉ាក់សាំង​ដែលមាន​។ លោក​ក៏​ព្រមាន​ពី​ផលវិបាក​នៃ​ចរន្ត​បែបនេះ​ផងដែរ​។​

 
​ការបែងចែក​វ៉ាក់សាំង​មិន​ស្មើគ្នា​រវាង​អ្នកមាន និង​អ្នកក្រ នៅតែ​បញ្ហា​ដែល​អាច​បង្ក​ការរាំងស្ទះ​ដល់​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ដើម្បី​ឈានទៅ​បញ្ចប់​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ។ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ អាន់​តូ​នី​ញ៉ូ ហ្គូ​តេ​រ៉េ​ស នៅ​ថ្ងៃទី​១៧ ខែកុម្ភៈ ក៏​រំឭក​ជាថ្មី​ពី​ផលវិបាក​ដែល​ពិភពលោក​មិនអាច​ចាក់​វ៉ាក់សាំង​ដោយ​ស្មើភាព​គ្នា​បែបនេះ​។​
 
​នា​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​នៃ​ក្រុមប្រឹក្សាសន្តិសុខ​តាម​ប្រព័ន្ធ​អន​ឡាញ លោក ហ្កូ​តេ​រ៉េ​ស អះអាងថា ប្រទេស​ចំនួន​១០​ប៉ុណ្ណោះ​ប្រើប្រាស់​វ៉ាក់សាំង​ដល់​ទៅ​៧៥​ភាគរយ​ទៅហើយ ឯ​ប្រទេស​១៣០​ទៀត​មិនទាន់មាន​ដំណើរការ​ក​ម្ម​វិធី​វ៉ាក់សាំង​នៅឡើយ​។ ប្រមុខ UN ស្នើ​បង្កើត​កម្មវិធី​វ៉ាក់សាំង​សាកល​មួយ​ដើម្បី​សម្រប​សម្រួលការ​ចែកចាយ និង​អនុវត្ត​ការចាក់​វ៉ាក់សាំង ដោយ​លោក​ចង់ឱ្យ​ក្រុម​ប្រទេស​រីកចម្រើន​ទាំង​២០ ដឹកនាំ​ការងារ​នេះ​។​
 
«​ប្រសិនបើ​វីរុស​ត្រូវបាន​អនុញ្ញាត​ឱ្យ​រាលដាល​នៅ​លោក​ខាងត្បូង វា​នឹង​បំប្លែង​ខ្លួន​ម្ដង​ហើយ​ម្ដងទៀត​។ ទម្រង់​ថ្មី នឹង​កាន់តែ​ឆ្លង​រហ័ស កាន់តែ​គ្រោះថ្នាក់ ហើយ​មាន​សក្ដានុពល​បង្កបញ្ហា​ដល់​វ៉ាក់សាំង​ទៀតផង​។​» នេះ​ជាការ​លើកឡើង​របស់លោក ហ្គូ​តេ​រ៉េ​ស មុន​បន្តថា ការណ៍​នេះ នឹង​នា​ឱ្យ​វិបត្តិ​អូសបន្លាយ ហើយ​រុញឱ្យ​វីរុស​ទៅ​អុកឡុក​លោក​ខាងជើង​ផងដែរ​។​
 
​រដ្ឋមន្ត្រីការបរទេស​ម៉ិ​ក​ស៊ិ​ក Marcelo Ebrard ក្នុង​កិច្ចប្រជុំ​នេះដែរ ក៏បាន​រិះគន់​គម្លាត​កាន់តែ​ធំ​រវាង​ប្រទេស​អ្នកមាន និង​ប្រទេស​អ្នកក្រ​ក្នុង​ការទទួល​វ៉ាក់សាំង ស្រប​ពេលដែល​ប្រទេស​អ្នកមាន​ប្រមូល​វ៉ាក់សាំង​ទុក​តែឯង​នោះ​។ 
 
​យន្តការ COVAX ត្រូវបាន​បង្កើតឡើង​ដើម្បី​ធានា​ការ​ចែកចាយ​វ៉ាក់សាំង​ស្មើភាព ពិសេស​សម្រាប់​ប្រទេស​ក្រីក្រ ដោយ​ធានា​ឱ្យបាន​វ៉ាក់សាំង​២,១​ពាន់​លាន​ដូ​ស​នៅ​ឆ្នាំ​២០២១ ។ តាមរយៈ COVAX វ៉ាក់សាំង​ជំហាន​ដំបូង​ប្រមាណ​៣០០​លាន​ដូ​ស នឹង​ដឹក​ទៅដល់​ប្រទេស​គោលដៅ​នៅ​ចុងខែ​កុម្ភៈ ឬ​ដើមខែ​មីនា​នេះ​។ វ៉ាក់សាំង​របស់​ក្រុមហ៊ុន AstraZeneca ជា​ចំណែក​ធំ​នៃ​វ៉ាក់សាំង​នេះ​៕

Tag:
 UN
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com