អន្តរជាតិ
រុស្ស៊ី រិះគន់​តុលាការ​សិទ្ធិមនុស្ស​អឺរ៉ុប​ដែល​កាត់ក្តី​ឱ្យ​ដោះលែង​លោក Navalny
18, Feb 2021 , 11:51 am        
រូបភាព
ដោយ:
​រដ្ឋមន្ត្រី​យុត្តិធម៌​រុស្ស៊ី រិះគន់ និង​បដិសេធ​សេចក្តីសម្រេច​របស់​តុលាការ​សិទ្ធិមនុស្ស​អឺរ៉ុប (ECHR) ដែល​កាត់ក្តី​ឱ្យ​រុស្ស៊ី​ដោះលែង​អ្នកនយោបាយ​ប្រឆាំង​លោក Alexei Navalny​។ រដ្ឋមន្ត្រី​យុត្តិធម៌​រុស្ស៊ី លើកឡើងថា តុលាការ​អឺរ៉ុប​មួយ​នេះ​លូកដៃ​ចូលក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​។ អ្នកនយោបាយ​ប្រឆាំង​រដ្ឋាភិបាល​រុស្សី ត្រូវបាន​តុលាការ​មូ​ស្គូ​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​៣​ឆ្នាំកន្លះ​ពី​ការបំពាន​លក្ខខណ្ឌ​នៅក្រៅ​ឃុំ​។​

 
​តុលាការ​សិទ្ធិមនុស្ស​អឺរ៉ុប​(ECHR) ដែលមាន​មូលដ្ឋាន​នៅ​បារាំង បានចេញ​សេចក្តីសម្រេច​នៅ​ថ្ងៃទី​១៦ ខែកុម្ភៈ ដោយ​តម្រូវឱ្យ​រដ្ឋាភិបាល​រុស្ស៊ី ដោះលែង​លោក Navalny ជាបន្ទាន់​។ តុលាការ​សិទ្ធិមនុស្ស​អឺរ៉ុប​សម្អាងថា លោក Navalny ដែលជា​ដើមបណ្ដឹង​អាចមាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ក្នុងពេល​ឃុំខ្លួន​។ 
 
​រុស្ស៊ី ជា​សមាជិក​មួយ​នៃ​តុលាការ​សិទ្ធិមនុស្ស​អឺរ៉ុប ដោយបាន​ផ្តល់​សច្ចាប័ន​លើ​អនុសញ្ញា​សិទ្ធិមនុស្ស​អឺរ៉ុប​។ លោក Navalny ប្តឹងទៅ ECHR ដោយ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​រុស្ស៊ី​ដោះលែង​រូបលោក ក្រោយ​ត្រូវបាន​ចាប់ខ្លួន​នៅ​ថ្ងៃទី​២០ ខែមករា ដោយ​អះអាង​ពី​គ្រោះថ្នាក់​ដល់​ជីវិត​បើសិនជា​បន្ត​ជាប់ឃុំ​ឃាំង​។ ក្នុង​សេចក្តីសម្រេច តុលាការ​បានលើកឡើង​ថា រដ្ឋាភិបាល​រុស្ស៊ី​ពុំមាន​លទ្ធភាព​ក្នុងការ​ផ្តល់​ការការពារ​គ្រប់គ្រាន់​ដល់​សុខភាព និង​ជីវិត​លោក​Navalny ឡើយ​។ 
 
​ក្រោយ​សេចក្តីសម្រេច​របស់​តុលាការ​ត្រូវបាន​ប្រកាស​ជា​សាធារណៈ លោក Konstantin Chuychenko រដ្ឋមន្ត្រី​យុត្តិធម៌​រុស្ស៊ី​រិះគន់​សេចក្តីសម្រេច​នេះ​ថា មិន​សម​ហេតុផល និង​មិន​ស្របច្បាប់ ហើយ​គ្មាន​ហេតុផល​ផ្លូវច្បាប់​ណាមួយ​ក្នុង​ការដោះលែង​លោក Navalny ឡើយ​។ លោក​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Interfax ថា សេចក្តីសម្រេច​របស់​តុលាការ ជាការ​ជ្រៀតជ្រែក​យ៉ាងធ្ងន់ធ្ងរ​ក្នុង​ប្រព័ន្ធយុត្តិធម៌​រុស្ស៊ី​។​
 
​ប៉ុន្តែ​ជា​សមាជិក​ក្រុមប្រឹក្សា​អឺរ៉ុប រុស្ស៊ី​មាន​កាតព្វកិច្ច​ក្នុងការ​អនុវត្ត​សេចក្តីសម្រេច​របស់​តុលាការ​យុត្តិធម៌​អឺរ៉ុប​។ ប៉ុន្តែ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​រុស្ស៊ី​ឆ្នាំមុន អនុញ្ញាតឱ្យ​រដ្ឋាភិបាល​មិនចាំបាច់​អនុវត្ត​កាតព្វកិច្ច​នៃ​ស្ថាប័ន​អន្តរជាតិ បើ​កាតព្វកិច្ច​នោះ​រំលោភច្បាប់​រុស្ស៊ី​។​
 
​លោក Olga Mikhailova មេធាវី​អ្នកនយោបាយ​ប្រឆាំង ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ថា រុស្ស៊ី​គ្មាន​ជម្រើស​អ្វី​ក្រៅតែពី​អនុវត្ត​សេចក្តីសម្រេច​របស់​តុលាការ​ឡើយ ព្រោះ​អនុសញ្ញា​សិទ្ធិមនុស្ស​អឺរ៉ុប​ក៏​ជា​ផ្នែក​មួយ​នៃ​ច្បាប់​រុស្ស៊ី​។ ដូចគ្នានេះដែរ​លោក Leonid Volkov មនុស្ស​ជំនិត​លោក Navalny និយាយថា​សេចក្តីសម្រេច​នេះ​ចង​ជា​កាតព្វកិច្ច​ដល់​រុស្ស៊ី​ដែលជា​សមាជិក​ក្រុមប្រឹក្សា​អឺរ៉ុប​។ លោក​អះអាងថា​ការមិន​អនុវត្ត​សេចក្តីសម្រេច និង​នាំឱ្យ​ប្រទេស​ផ្សេង​បណ្តេញ​រុស្ស៊ី​ចេញពី​ស្ថាប័ន​នេះ​៕
 
 
 

Tag:
 ​រុស្ស៊ី​
  Alexei Navalny
© រក្សាសិទ្ធិដោយ thmeythmey.com