COVID-19
កីឡាជាតិ
ជាតិ
ក្រុមកីឡាជម្រើសជាតិស្ថិតក្នុងចំណោមក្រុមអាទិភាពដែលត្រូវចាក់វ៉ាក់សាំងកូវីដ-១៩
18, Feb 2021 , 2:26 pm        
រូបភាព
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC, CAMSOC នាពេលចាក់វ៉ាក់សាំងកន្លងមក
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC, CAMSOC នាពេលចាក់វ៉ាក់សាំងកន្លងមក
ដោយ: រួបរួម
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានយល់ព្រមចំពោះសំណើរសុំចាក់វ៉ាក់សាំងការពារកូវីដ-១៩ សម្រាប់កីឡាករ-កីឡាការិនីជម្រើសជាតិ គ្រូបង្វឹក និងមន្ត្រីកីឡាជាង១០០០នាក់។ នេះបើតាមការអះអាងរបស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC)។



«យើងបានគោលការណ៍សម្រេចហើយ ដោយពេលនេះ ក្រុមគ្រូពេទ្យរបស់ក្រសួងការពារជាតិ ក្រោមការដឹកនាំរបស់សម្តេច ទៀ បាញ់ នឹងរៀបចំផែនការចាក់ជូន។ ចំនួនដែលត្រូវចាក់ក្នុងមួយថ្ងៃ ក៏ដូចជាទីតាំងចាក់ យើងរង់ចាំការផ្តល់ដំណឹងពីក្រសួងការពារជាតិ»។ លោក វ៉ាត់ ចំរើន បានថ្លែងយ៉ាងដូច្នេះប្រាប់សារព័ត៌មានថ្មីៗ។

អគ្គលេខាធិការ NOCC ក៏ដូចជា CAMSOC បានបញ្ជាក់ថា ការចាក់នៅតែឈរលើគោលការណ៍ស្ម័គ្រចិត្តរបស់អត្តពលិក និងមន្ត្រីកីឡាដែលពាក់ព័ន្ធ ដោយមិនមានការបង្ខិតបង្ខំនោះឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ លោក វ៉ាត់ ចំរើន បង្ហាញនូវក្តីកង្វល់ថា កីឡាករដែលមិនបានចាក់វ៉ាក់សាំង អាចមានបញ្ហាប្រឈមពេលចេញទៅប្រកួត ឬហ្វឹកហាត់នៅក្រៅប្រទេសនាពាក់កណ្តាល ឬចុងឆ្នាំ២០២១នេះ។

លោកបានពន្យល់ថា៖ «យើងខ្លាចប្រទេសទាំងអស់ដាក់លក្ខខណ្ឌតម្រូវឲ្យអត្តពលិក ឬប្រតិភូកីឡាត្រូវមានការបញ្ជាក់ ឬសៀវភៅបញ្ជាក់ពីការចាក់វ៉ាក់សាំងកូវីដ-១៩។ ជាទូទៅកីឡាករទាំងអស់សុទ្ធតែមានសុខភាពល្អ ប្រហែលជាមិនមានអ្នកដែលត្រូវហាមឃាត់មិនឲ្យចាក់នោះឡើយ»។

បើតាមលោក វ៉ាត់ ចំរើន កីឡាករទាំងអស់គួរតែទទួលបានវ៉ាក់សាំងកូវីដ-១៩ ពីព្រោះការចេញដំណើរទៅហ្វឹកហាត់ និងការប្រកួតកាន់តែកៀកដោយខែកក្កដា ត្រូវប្រកួតកីឡាអូឡាំពិក និងខែវិច្ឆិកាត្រូវប្រកួតស៊ីហ្គេមនៅវៀតណាម។

«យើងផ្តល់វ៉ាក់សាំងឲ្យពួកគាត់រួចរាល់សិនដើម្បីឲ្យពួកគាត់មានជំនឿជាក់លើខ្លួនឯង ដោយគិតតែលើការហ្វឹកហាត់ត្រៀមប្រកួត»។ នេះជាការលើកឡើងរបស់លោក វ៉ាត់ ចំរើន៕



© រក្សាសិទ្ធិដោយ thmeythmey.com