ជាតិ
សង្គមជាតិ
NGO ស្នើ​ឲ្យ​រដ្ឋាភិបាល​លុបមាត្រា​ខ្លះ នៃ​អនុក្រឹត្យ​ច្រកទ្វារ​អុីនធឺណិត​ជាតិ ដោយសារ​រឹតត្បិត​សិទ្ធិសេរីភាព​
19, Feb 2021 , 8:59 am        
រូបភាព
​ភ្នំពេញ​៖ សង្គម​ស៊ីវិល​ព្រួយបារម្ភ​ពី​ការ​រឹតត្បិត​សិទ្ធិសេរីភាព​លើ​ពលរដ្ឋ​ដែល​ប្រើប្រាស់​អ៊ីនធឺណិត ខណៈ​រដ្ឋាភិបាល​ចេញ​អនុក្រឹត្យ​ច្រកទ្វារ​អ៊ីនធឺណិត​ជាតិ ។ ប៉ុន្តែ​រដ្ឋាភិបាល​អះអាង​ថា អនុក្រឹត្យ​នេះ រៀបចំឡើង​ដើម្បី​ឲ្យ​ប្រព័ន្ធ​អ៊ីនធឺណិត​ដើរ​លឿន​ជាង​មុន និង​រក្សា​សណ្ដាប់ធ្នាប់ សន្តិសុខ​ជាតិ ដោយ​គ្មាន​ការ​ជៀត​ចូល​សិទ្ធិ​បុគ្គល ដែល​ប្រើប្រាស់​អ៊ីនធឺណិត​ឡើយ​។



​លោក អំ សំអាត នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ ពិនិត្យឃើញថា អនុក្រឹត្យ​ស្ដីពី​ការបង្កើត​ច្រកទ្វា​អ៊ីនធឺណិត​ជាតិ មាន​ចំណុច​អវិជ្ជមាន ច្រើនជាង​វិជ្ជមាន ។ លោក​សង្កត់ធ្ងន់ថា ការដាក់កំហិត​ឲ្យ​ប្រតិបត្តិ​ករ​នៃ​ក្រុមហ៊ុន​អ៊ី​ន​ធឺណិ​ត ធ្វើ​របាយការណ៍​ទៅ​ក្រសួង​ជា​រៀងរាល់ខែ គឺជា​ការគ្រប់គ្រង ​និង​ឃ្លាំមើល​ដោយផ្ទាល់ ដែល​នាំ​ឲ្យ​ប៉ះពាល់​សិទ្ធិ​ឯកជន​របស់​បុគ្គល​ប្រើប្រាស់​អ៊ីនធឺណិត ។ បើតាម​លោក សំអាត ការដាក់កំហិត​បែបនេះ ក៏​អាច​នាំ​ឲ្យ​បាត់បង់​ការវិនិយោគ​ពី​បណ្ដា​ក្រុមហ៊ុន​ដែលមាន​បំណង​បោះទុន​លើ​វិស័យ​នេះដែរ​។ 


 
​ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ​នៅ​ថ្ងៃទី​១៨​កុម្ភៈ​នេះ លោក អំ សំអាត ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖ «​អនុក្រឹត្យ​នេះ មាន​លក្ខណៈ​រឹតបន្តឹង​សេរីភាព ​ក្នុងការ​​ប្រើប្រាស​ប្រព័ន្ធ​អ៊ីនធឺណិត ពិសេស​សេរីភាព​នៃ​ការបញ្ចេញមតិ ​នៅតាម​ប្រព័ន្ធ​អន​ឡាញ​។ អនុក្រឹត្យ​បាន​ដាក់កំហិត​ទៅ​ដល់​ក្រុមហ៊ុន​ចែកចាយ​ប្រព័ន្ធ​អ៊ីនធឺណិត ហើយ​មានការ​ដាក់ពិន័យ​ថែមទៀត​...​។​ ជា​សំណូមពរ​ ចង់​ឲ្យ​មានការ​និរាករណ៍ ព្រោះ​មាត្រា​ខ្លះ​(​មាត្រា​ទាំង​៤​ខាងលើ​) មាន​ភាពមិន​ច្បា​ស់លាស់ ​និង​រឹតត្បិត​សេរីភាព​មតិ ទទួល​ព័ត៌មាន និង​សិទ្ធិ​ប្រកួតប្រជែង​របស់​ក្រុមហ៊ុន​អ៊ីនធឺណិត​»​។ 
 
​លោក អំ សំអាត ស្នើ​ឲ្យ​រដ្ឋាភិបាល​និ​រា​កណ៍​មាត្រា​៦, មាត្រា​១២ មាត្រា​១៣ និង​មាត្រា​១៤ ដែលជា​ចំណុច​ដាក់​កំហិត ​និង​រឹតត្បិត​សេរីភាព​ខ្លាំង​។ អ្នកធ្វើការ​ខាង​ផ្នែក​សិទ្ធិមនុស្ស​រូបនេះ លើកឡើងថា ប្រសិន​ចង់​ឲ្យ​អនុក្រឹត្យ​នេះ ប្រសើរ​ឡើងវិញ ត្រូវតែមាន​ការចូលរួម​ពិភាក្ សា​ពី​ក្រុម​អ្នកប្រើប្រាស់​អ៊ីនធឺណិត ក្រៅពី​ក្រុមហ៊ុន​ ឬ​ស្ថាន​ប័ន​ដែល​ចែកចាយ​អ៊ីនធឺណិត​។​
 
​អនុក្រឹត្យ ស្ដីពី​ការបង្កើត​ច្រកទ្វារ​អ៊ីនធឺណិត​ជាតិ ដែល​បាន​ដាក់ចេញ​កាលពី​ថ្ងៃទី​១៦ កុម្ភៈ ឆ្នាំ​២០២១ មាន​១១​ជំពូក ក្នុងនោះ​មាន​២០​មាត្រា​។ ក្នុង​មាត្រា​១ បញ្ជាក់ថា គោលបំណង​នៃ​ការបង្កើត​ច្រកទ្វារ​អ៊ីនធឺណិត​ជាតិ គឺ​ដើម្បី​សម្រួល​ និង​គ្រប់គ្រង​ការតភ្ជាប់​បណ្ដាញ​អ៊ីនធឺណិត សម្រាប់​ពង្រឹង​ប្រសិទ្ធភាព​ និង​កៀរគរ​ចំណូល​ជាតិ​។ លើសពីនេះ គឺ​ដើម្បី​ការពារ​សន្តិសុខ​ជាតិ សណ្ដាប់ធ្នាប់​សង្គម វប្បធម៌ និង​ប្រពៃណីជាតិ​។ 
 
​ឆ្លើយតប​នឹង ការព្រួយបារម្ភ​របស់​សង្គម​ស៊ីវិល​ លើ​ការ​រឹតត្បិត​សិទ្ធិសេរីភាព លោក មាស ប៉ូ អ្នកនាំពាក្យ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ អះអាងថា មុននឹង​ចេញ​អនុក្រឹត្យ​នេះ ក្រុមការងារ​ជំនាញ ​បាន​ប្រជុំ​ពិគ្រោះ​យោបល់​ច្រើនដង ជាមួយ​ក្រុម​ប្រតិបត្តិ​ករ​អ៊ីនធឺណិត ដោយ​ប្រើពេល​ជិត​១​ឆ្នាំ​។ លោក មាស ប៉ូ អះអាងថា តាមរយៈ​កិច្ចប្រជុំ​កន្លងមក ប្រតិបត្តិ​ករ​អ៊ីនធឺណិត​ គ្មាន​ការ​ជំ​ទា​ល់ពី​គោលការណ៍​គ្រប់គ្រង​របស់​រដ្ឋាភិបាល ​និង​ក្រសួង​នោះទេ តែ​ផ្ទុយទៅវិញ​ប្រតិបត្តិ​ករ​ទាំងនោះ តែងតែ​ផ្ដល់យោបល់ ​ឲ្យ​ដំណើរការ​ដើរទៅ​មុខកា​ន់​តែ​ល្អប្រសើរ​ថែមទៀត​។ 


 
​លោក មាស ប៉ូ អះអាងថា ការរៀបចំ​គ្រប់គ្រង​ទ្វារ​អ៊ីនធឺណិត​ជាតិ​នេះ ជា​កាតព្វកិច្ច​របស់រ​ដ្ឋា​ភិ​បាល ​ដែល​មិនអាច​ខ្វះ​បាន ​និង​ធ្វេសប្រហែស​ឡើយ ។ លោក ប៉ូ ព្យាយាម​ពន្យល់ថា ការគ្រប់គ្រង​ច្រកទ្វារ​អ៊ីនធឺណិត គឺជា​ការគ្រប់គ្រង​ប្រតិបត្តិ​ករ ​នៃ​បណ្ដា​ក្រុមហ៊ុន​អ៊ីនធឺណិត មិនមែន​អ្នកប្រើប្រាស់​ឡើយ​។ 
 
«​ការគ្រប់គ្រង​ទ្វារ​អ៊ីនធឺណិត​នេះ មិនមែន​គ្រប់គ្រង​អ្នកប្រើប្រាស់ ​(​អ៊ីនធឺណិត​) លក្ខណៈ​ឯកជន​ទេ​។ ការគ្រប់គ្រង​នេះ ជាការ​គ្រប់គ្រង​ប្រតិបត្តិ​ករ​នៃ​ក្រុមហ៊ុន​អ៊ីនធឺណិត​...​។ អ្នកប្រើប្រាស់​ជា​អតិថិជន មិនមែន​ប្រតិបត្តិ​ករ​ទេ អ៊ីចឹង​ក្នុង​អនុក្រឹត្យ​មាន​ពាក្យ​គ្រប់គ្រង​អ្នកប្រើប្រាស់​អ៊ីនធឺណិត ​ឬ​អតិថិជន​ទេ គឺ​គ្មានទេ​! អ៊ីចឹង​ការព្រួយបារម្ភ​របស់​ពួកគេ ​(​សង្គម​ស៊ីវិល​) គឺ​ខុស​ស្រលះ​»​។ នេះ​បើតាម​អ្នកនាំពាក្យ​ក្រសួង​ប្រៃសណីយ៍ ដែល​អះអាងថា ការគ្រប់គ្រង ​ឬ​រាយការណ៍​ទៅ​ក្រសួង ជា​ទិន្នន័យ​ត្រាហ្វ៊ិ​ក ​(​ទំហំ​អ៊ីនធឺណិត​) ​ប្រើប្រាស់​រួម​របស់​ក្រុមហ៊ុន មិនមែន​ព័ត៌មាន​ ពី​អតិថិជន​ដែល​ប្រើប្រាស់​នោះទេ​។ 
 
​បើតាម​លោក មាស ប៉ូ ប្រតិបត្តិ​ករ​នៃ​ក្រុមហ៊ុន​អ៊ីនធឺណិត ត្រូវ​រៀបចំ​បណ្ដាញ​ថ្មីៗ ឱ្យ​ស្របតាម​លក្ខខណ្ឌ​អនុក្រឹត្យ​គ្រប់គ្រង​អ៊ីនធឺណិត​ជាតិ​នេះ ដោយ​ត្រូវ​ចំណាយ​សម្ភារ​ និង​ថវិកា​មួយចំនួន ដើម្បី​ទទួលបាន​ទិន្នន័យ​កាន់​ងាយស្រួល​ប្រើ​និង​ធំ​ជាង​មុន​។ លោក មាស ប៉ូ ក៏​បង្ហាញ​ពី​ក្ដីបារម្ភ​តិចតួច ​ជុំវិញ​ការចំណាយ​នេះដែរ ប៉ុន្តែ​លោក​ជឿថា ក្រុមហ៊ុន​ភាគច្រើន​អាច​ដោះស្រាយបាន​។ លើសពីនេះ ​ក្រសួង​គ្រោង​រៀបចំ​សេចក្ដីប្រកាស ​ស្ដីពី​លក្ខណៈ​នៃ​ការដាក់​ពាក្យស្នើសុំ​អាជ្ញារ​ប័ណ្ណ​ប្រតិបត្តិ​ករ​អ៊ីនធឺណិត​។ 
 
​មាត្រា​៦ នៃ​អនុក្រឹត្យ​គ្រប់គ្រង​ច្រកទ្វារ​អ៊ីនធឺណិត​ជាតិ ចែងថា ប្រតិបត្តិ​ករ​នៃ​ច្រកទ្វារ​អ៊ីនធឺណិត​ជាតិ ​មាន​តួនាទី​ផ្ដល់​របាយការណ៍​អំពី​ស្ថានភាព គុណភាព និង​ត្រា​ហ្វ៊ិ​កនៃ​ការតភ្ជាប់​បណ្ដាញ​ទៅ​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍ និង​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា​។ លើសពីនេះ ត្រូវ​សហការ​ជាមួយ និង​ស្ថាប័ន​ពាក់ព័ន្ធ ក្នុងការ​ចាត់វិធានកា​រ​ទប់ស្កាត់ ​និង​កាត់ផ្ដាច់​ចោល​រាល់​ការតភ្ជាប់​បណ្ដាញ​ទាំងឡាយ​ ដែល​ប៉ះពាល់​ដល់​ចំណូល​ជាតិ សុវត្ថិភាព សណ្ដាប់ធ្នាប់ សីលធម៌ វប្បធម៌ ប្រពៃណី និង​ទំនៀមទម្លាប់​។ ទន្ទឹមនឹងនេះ គឺ​ត្រូវ​អនុ​វត​ភារកិច្ច​ផ្សេងទៀត ​តាម​ការណែនាំ​របស់​រដ្ឋ​ម​ន្រី្ត​ក្រសួង​ប្រៃសណីយ៍ ​និង​ទូរគមនាគមន៍​។ 
 
​បើតាម​លោក មាស ប៉ូ នៅ​កម្ពុ​ជា មាន​ប្រតិបត្តិ​ករ​នៃ​ក្រុមហ៊ុន​អ៊ីនធឺណិត​ចំនួន​៣៧ ប៉ុន្តែ​ក៏មាន​ក្រុមហ៊ុន​ខ្លះ ត្រូវបាន​ដកហូត​អាជ្ញាប័ណ្ណ​វិញ​ដែរ​។ ប៉ុន្តែ​លោក​មិនទាន់មាន​តួលេខ​ច្បាស់​នៅឡើយ​ទេ​៕ 
 

Tag:
 អ៊ីនធឺណិត
© រក្សាសិទ្ធិដោយ thmeythmey.com