COVID-19
ជាតិ
សុខភាព
រកឃើញ​កូ​វីដ​-១៩ មួយ​ករណី​ទៀត ខណៈ​ពលរដ្ឋ​ខ្មែរ​ជិត​៤​ពាន់​នាក់​ហើយ បាន​ចាក់​វ៉ាក់សាំង​
19, Feb 2021 , 9:30 am        
រូបភាព
​ភ្នំពេញ​៖ កម្ពុជា​បន្ត​រកឃើញ​កូ​វីដ​-១៩ មួយ​ករណី​លើ​ស្ត្រីជន​ជាតិចិន វ័យ​២៥​ឆ្នាំ ខណៈ​មាន​ពលរដ្ឋ​ខ្មែរ ចំនួន​៣,៨០៣​នាក់​ហើយ បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​នេះ​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​១៩ កុម្ភៈ ។​

 
​ក្រសួងសុខាភិបាល បាន​បញ្ជាក់ថា  នារី​ជនជាតិ​ចិន​ដែល​បាន​ឆ្លង​កូ​វីដ​-១៩​នោះ គឺ​បានធ្វើ​ដំណើរ​មកពី​ប្រទេស​អារ៉ាប់ ដោយ​បន្ត​ជើងហោះហើរ​នៅ​ប្រទេស​សិង្ហ​បុរី ហើយ​មកដល់​កម្ពុជា នា​ថ្ងៃទី​១៧​កុម្ភៈ​។ បច្ចុប្បន្ន ស្ត្រី​រូបនេះ​កំពុង​សម្រាក​ព្យាបាល​នៅ​មជ្ឈមណ្ឌល​ជាតិ​កំចាត់​រោគរបេង និង​ហង់​សិន រាជធានី​ភ្នំពេញ​។ 
 
​រីឯ មនុស្ស​៧៣​នាក់​ទៀត ដែល​បានធ្វើ​ដំណើរ​ជាមួយ​ស្ត្រីជន​ជាតិចិន​ខាងលើ​បាន​ឆ្លង​កូ​វីដ​-១៩ គឺ​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​សណ្ឋាគារ និង​មណ្ឌល​ច​ត្តា​ឡី​ស័ក​នានា នៅ​រាជធានី​ភ្នំពេញ ក្រោយ​លទ្ធផល​ធ្វើតេស្ត​កូ​វីដ​-១៩ បង្ហាញ​អវិជ្ជមាន​។ 
 
​គិត​ត្រឹម​ថ្ងៃទី​១៩​កុម្ភៈ កម្ពុជា​រកឃើញ អ្នក​ឆ្លង​កូ​វីដ​-១៩ ចំនួន​៤៨៤​នាក់​។ ក្នុងនោះ មាន​៤៧០​នាក់ បានជា​សះស្បើយ និង​១៤​នាក់​ទៀត កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​នានា​។ ដោយឡែក ចំពោះ​ពលរដ្ឋ​ខ្មែរ​ជិត​៤​ពាន់​នាក់ ដែល​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​នេះ គិត​ចាប់ពី​ថ្ងៃទី​១០ កុម្ភៈ នៃ​ការបើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩​មក​។ 
 
​សូមជម្រាបថា តួលេខ​ពលរដ្ឋ​ខ្មែរ ដែល​បាន​ចាក់​វ៉ា​ក់កូ​វីដ​-១៩ ខាងលើនេះ គឺ​មិនបាន​រាប់បញ្ចូល​នូវ​ចំនួន​កងកម្លាំង​ទ័ព​នានា ដែល​បាន​ចាក់​វ៉ាក់សាំង​នេះឡើយ​។  វ៉ាក់សាំង​កូ​វីដ​-១៩​ប្រភេទ​ស៊ី​ណូ​ហ្វា​ម ចំនួន​៦០​ម៉ឺន​ដូ​ស​របស់​ចិន បាន​ដឹក​មកដល់​កម្ពុជា​កាលពី​ថ្ងៃទី​៧​កុម្ភៈ ឆ្នាំ​២០២១ ដោយមាន​៣០​ម៉ឺន​ដូ​ស ប្រគល់ឱ្យ​ក្រសួងសុខាភិបាល និង​៣០​ម៉ឺន​ដូ​ស​ទៀត ប្រគល់ឱ្យ​ក្រសួងការពារជាតិ​៕ 
 
 

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com