COVID-19
អន្តរជាតិ
អង់គ្លេស ជំរុញ​ឱ្យ​ព​ន្លឿ​ន​ការអភិវឌ្ឍ​វ៉ាក់សាំង​ក្នុងពេល​១០០​ថ្ងៃ
19, Feb 2021 , 8:29 pm        
រូបភាព
ដោយ:
អង់គ្លេស​ដែលជា​ប្រធាន​ឆ្លាស់​វេន​ប្រទេស​ជឿនលឿន​ទាំង​៧ (G7) នឹងដាក់​គោលដៅ​ព​ន្លឿ​ន​ការអភិវឌ្ឍ​វ៉ាក់សាំង​ប្រឆាំងនឹង​ជំងឺឆ្លង​នាពេល​អនាគត​ក្នុង​រយៈពេល​ត្រឹមតែ​១០០​ថ្ងៃ​។ ការ​ព​ន្លឿ​ន​សមត្ថភាព​អភិវឌ្ឍ​វ៉ាក់សាំង​នេះ នឹង​ក្លាយជា​ការឆ្លើយតប​ដ៏​មាន​ប្រសិទ្ធភាព​មួយ​ទៅនឹង​ការផ្ទុះ​ជំងឺឆ្លង​ណាមួយ ខណៈ​ការអភិវឌ្ឍ​វ៉ាក់សាំង​នៅពេល​បច្ចុប្បន្ន ត្រូវ​ចំណាយពេលច្រើន​។ 

 
​កិច្ចប្រជុំ​ក្រុម​មេដឹកនាំ​ប្រទេស G7 នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​១៩ ខែកុម្ភៈ ហើយ​លោក បូរី​ស ច​ន​សុន នាយករដ្ឋមន្ត្រី​អង់គ្លេស ដែលជា​ប្រធាន​ឆ្លាស់​វេន ចង់ឱ្យ​ប្រទេស​ជា​សមាជិក​ប្រើប្រាស់​ការជួបជុំ​នេះ​ដើម្បី​ស្វែងរក​វិធីសាស្ត្រ​ទប់ទល់​ទៅនឹង​ជំងឺឆ្លង​នាពេល​អនាគត រួមមាន​ការបង្កើត​សន្ធិសញ្ញា​អន្តរជាតិ​ស្តីពី​ជំងឺឆ្លង​សាកល​។ 
 
«​ដោយ​ប្រមូល​នូវ​ភាពវាងវៃ យើង​អាច​ធានា​ពី​ការទទួលបាន​វ៉ាក់សាំង និង​ឧ​បរ​ណ៍​ធ្វើតេស្ត​នាពេល​អនាគត និង​ត្រៀម​ជាស្រេច​សម្រាប់​ការព្យាបាល​ជំងឺ ខណៈពេលដែល​យើង​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ និង​កសាង​អ្វីៗ​ឱ្យ​ប្រសើរ​ឡើងវិញ​»​។ នេះ​ជាការ​លើកឡើង​របស់លោក ច​ន​សុន ក្នុង​សេចក្តីថ្លែងការណ៍​នៅ​ថ្ងៃទី​១៩ ខែកុម្ភៈ ចេញផ្សាយ​មុន​កិច្ចប្រជុំ G៧ ។​
 
​លោក ច​ន​សុន ក៏​លើកឡើង​ដែរ​ពី​វ៉ាក់សាំង AstraZeneca/Oxford ដែល​ចំណាយ​ត្រឹមតែ​៣១៤​ថ្ងៃ​ប៉ុណ្ណោះ​ក្នុងការ​លេច​ជា​រូបរាង រាប់​ចាប់តាំងពី​មេរោគ​ត្រូវបាន​រកឃើញ​នៅ​ចិន​នា​ចុងខែ​ធ្នូ ឆ្នាំ​២០១៩ ។ ទោះ​ចាត់ទុក​ការបង្កើត​វ៉ាក់សាំង​ជា​សមិទ្ធផល​ដ៏​ធំធេង លោក ច​ន​សុន ចង់ឱ្យ​វ៉ាក់សាំង​នៅ​ថ្ងៃ​ខាងមុខ អាច​ត្រូវ​អភិវឌ្ឍ​បានត្រឹមតែ​រយៈពេល​១០០​ថ្ងៃ​ប៉ុណ្ណោះ​។ 
 
​កិច្ចប្រជុំ​G7 លើក​នេះ ក៏​ជា​ជំនួប​ពហុភាគី​ដំបូងបង្អស់​របស់លោក​ប្រធានាធិបតី ចូ បៃ​ឌិន ផងដែរ​។ ក្នុងការ​ឧបត្ថម្ភ​ដល់​យន្តការ​វ៉ាក់សាំង COVAX អាមេរិក​នឹង​បញ្ចេញ​ទឹកប្រាក់​ចំនួន​២​ពាន់​ជាបន្ទាន់ និង​បន្ថែម​២​ពាន់​លាន​ដុល្លារ​ទៀត​ក្នុង​រយៈពេល​២​ឆ្នាំ​ដើម្បី​ជួយ​ផ្នែក​វ៉ាក់សាំង​។ នេះ​យោងតាម​ការ​បង្ហើប​រប​ស់​មន្ត្រី​សេត​វិមាន​អាមេរិក នៅ​ថ្ងៃទី​១៨ ខែកុម្ភៈ​។ ទឹកប្រាក់​សម្រាប់​ផ្តល់ឱ្យ COVAX ក៏ត្រូវ​បានអនុម័ត​ដោយ​សភា​អាមេរិក​រួចហើយ​ដែរ​។​
 
​មន្ត្រី​សេត​វិមាន ក៏​បញ្ជាក់​ផងដែរ​ថា ការផ្តល់ប្រាក់​ដល់​យន្ត​ការ COVAX ពុំ​ប៉ះពាល់​ដល់​ផែនការ​ផ្តល់​វ៉ាក់សាំង​ដល់​ពលរដ្ឋ​អាមេរិក​ឡើយ​។ អាមេរិក​មាន​ផែនការ​ផ្តល់​វ៉ាក់សាំង​ដល់​ប្រជាជន​ខ្លួន​ទាំងអស់​ត្រឹម​ខែកក្កដា​។ លើសពីនេះ អាមេរិក ក៏​នឹង​ផ្តល់​វ៉ាក់សាំង​ដែល​លើស​ទៅ​ប្រទេស​ផ្សេង​ដែរ នៅពេល​ជឿជាក់ថា ខ្លួន​មានការ​ផ្គត់ផ្គង់​វ៉ាក់សាំង​គ្រប់គ្រាន់​។​
 
​ក្នុង​សេចក្ដីថ្លែងការណ៍​ខាងលើ នាយករដ្ឋមន្ត្រី​អង់គ្លេស ក៏​សន្យា​នឹង​ចែកចាយ​វ៉ាក់សាំង​របស់​អង់គ្លេស​មួយ​ភាគ​ធំ​នាពេល​អនាគត ទៅ​យន្តការ​វ​COVAX​វ​។ អង់គ្លេស​ប្រទេស​ដែលមាន​ប្រជាជន​ត្រឹមតែ​៦៧​លាន​នាក់ បាន​ចុះ​កិច្ចព្រមព្រៀង​ទិញ​វ៉ាក់សាំង​ដល់​ទៅ​៤០០​លាន​ដូ​ស​ឯណោះ​។​
 
​យន្តការ COVAX មានបំណង​ចែកចាយ​វ៉ាក់សាំង​ឱ្យបាន​២​ពាន់​លាន​ដូ​ស​នៅ​ចុងឆ្នាំ​២០២១ ពោលគឺ​ចែកចាយ​វ៉ាក់សាំង​ឱ្យបាន​២០​ភាគរយ​នៃ​ចំនួន​ប្រជាជន​ដែល​ងាយ​រងគ្រោះ​នៅ​ប្រទេស​កំពុង​អភិវឌ្ឍ និង​អភិវឌ្ឍ​តិចតួច​។ យន្តការ​នេះ​ប្រឈម​នឹង​បរាជ័យ ដោយសារតែ​គ្មាន​ទឹកប្រាក់​គ្រប់គ្រាន់​៕ 
 
 

Tag:
 អាមេរិក​
  អង់គ្លេស​
  កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com