កីឡាអន្តរជាតិ
អន្តរជាតិ
Son ថា ខ្លួន​រីករាយ​ដែល​ចាប់​ដៃគូ​លេង​ជាមួយ Bale
19, Feb 2021 , 9:59 pm        
រូបភាព
​ដោយ​៖​ជា យូ​គៀង 
 
Son Heung-min កីឡាករ​ខ្សែប្រយុទ្ធ​ឆ្នើម​ក្លិប​មាន់​ខ្នាយ​មាស Tottenham Hotspur បាន​សរសើរ​សមាជិក​រួម​ក្លិប Gareth Bale ដែល​លេង​ស៊ីចង្វាក់​គ្នា​យ៉ាង​ល្អ​នា​ជំនួប​ទល់នឹង​ក្លិប Wolfsberger AC ដែល Spurs យកឈ្នះ​ដោយ​លទ្ធផល ៤-១ ។ Son អះអាងថា ខ្លួន​រីករាយ​ដែល​លេង​ជាមួយ​កីឡាករ​ខ្ចី​ជើង​មកពី Real Madrid រូបនេះ​។

 
​នា​ការប្រកួត​ទៀបភ្លឺ​ថ្ងៃទី​១៩ ខែកុម្ភៈ​ក្នុង​ក្របខណ្ឌ Europa League  កីឡាករ​សញ្ជាតិ​វែ​លស៍ Bale បាន​បង្ក​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ដោយ​ការបង្ហាញ​ទម្រង់​លេង​បាន​យ៉ាង​ល្អ​។ ដោយរូបគេ​ អាច​រកបាន​១​គ្រាប់ និង​បញ្ជូន​បាល់​ឱ្យ Son Heung-min ស៊ុត​បាន​មួយ​គ្រាប់​ដែរ​។ 
 
​ក្រោយ​ចប់​ការប្រកួត Son បាន​និយាយ​ពី Bale ថា រូបគេ​មាន​ទំនាក់ទំនង​ល្អ​ហើយ​ជិតស្និទ្ធ​ជាមួយ​សមាជិក​រួម​ក្លិប ហើយ​ពិត​ជាមាន​អារម្មណ៍​សប្បាយចិត្ត​ពេល​ឃើញ Bale ចូល​លេង​ពេញ និង​អាច​រកបាន​គ្រាប់​បាល់​ផង ព្រមទាំង​បាន​បញ្ជូន​បាល់​មួយ​គ្រាប់​ផង​។ Son និយាយ​ច្បាស់​ថា ពិតជា​ចូលចិត្ត​លេង​ជាមួយ Bale ណាស់​។ 
 
«​ពួកយើង​បាន​ព្យាយាម​រក​គ្រាប់​បាល់​តាម​ដែល​យើង​អាចធ្វើ​ទៅបាន​ដោយ​ទំនុកចិត្ត​បំផុត​។ ជាក់ស្តែង​យើង​ធ្វើ​មិន​បានល្អ​ក្នុង​រយៈ​ប៉ុន្មាន​ប្រកួត​ចុងក្រោយ​នេះ ហើយ​ជ័យជម្នះ​នេះ នឹងធ្វើ​ឱ្យ​យើង​បង្កើន​ទំនុកចិត្ត​របស់​ក្រុម​យើង​មកវិញ​។​» កីឡាករ​ជម្រើសជាតិ​កូរ៉េខាងត្បូង​វ័យ​២៨​ឆ្នាំ​ប្រាប់​វេ​ប​សាយ Goal បែបនេះ​។​
 
​ដោយសារ​ខ្សែប្រយុទ្ធ Harry Kane បន្ត​ជួប​បញ្ហា​របួស ព្រម​គ្នា​នឹង​ការកើនឡើង​ទម្រង់​លេង​បែបនេះ Bale ទំនងជា​អាច​រក​កៅអី​១១​នាក់​បន្តទៀត​ក្នុង​ក្រុម​របស់លោក Jose Mourinho ។ បច្ចុប្បន្ន Spurs ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៩ មាន​៣៦​ពិន្ទុ​ពី​ការប្រកួត​២៣​លើក​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com