COVID-19
ជាតិ
COVID-19៖ ៣២​ករណី​ចុងក្រោយ មាន​ចិន​២៩​នាក់ ខ្មែរ​១​នាក់ វៀតណាម​១​នាក់ និង​ស៊ី​លី​១​នាក់​
20, Feb 2021 , 4:34 pm        
រូបភាព
ទីតាំងស្ពានកោះពេជ្រត្រូវបានបិទចរាចរណ៍ ក្រោយអាជ្ញាធរសុខាភិបាល​រកឃើញអ្នកកើតកូវីដ១៩ ចំនួន៣២ករណី។ រូបថត AFP
ទីតាំងស្ពានកោះពេជ្រត្រូវបានបិទចរាចរណ៍ ក្រោយអាជ្ញាធរសុខាភិបាល​រកឃើញអ្នកកើតកូវីដ១៩ ចំនួន៣២ករណី។ រូបថត AFP
ដោយ: រួបរួម
​ក្រសួងសុខាភិបាល​នា​រសៀល​ថ្ងៃ​សៅរ៍ បានចេញ​របាយការណ៍​ពី​ករណី​វិជ្ជមាន​កូ​វីដ​-១៩ ចំនួន​៣២​ករណី​បន្ថែមទៀត ដែល​ធ្វើ​ឲ្យ​ចំនួន​សរុប​នៅ​កម្ពុជា​ឡើងដល់​៥១៦​ករណី​។ តាម​ការពន្យល់​ក្នុង​សេចក្តី​ជូន​ព័ត៌មាន អ្នកជំងឺ​ភាគច្រើន​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​២០​កុម្ភៈ ប៉ុន្តែ​មិនមែន​ទាំងអស់​នោះឡើយ​។​

 
​ក្នុងចំណោម​ករណី​ទាំង​៣២ មាន​ស្ត្រី​ខ្មែរ​អាយុ​២៤​ឆ្នាំ​ម្នាក់ អាសយដ្ឋាន​នៅ​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ ដែល​ធ្វើដំណើរ​មកពី​ម៉ាឡេស៊ី បន្ត​ជើងហោះហើរ​នៅ​សិង្ហ​បុរី និង​មកដល់​កម្ពុជា​នៅ​ថ្ងៃទី​១៨ ខែកុម្ភៈ​។ គាត់​មាន​តេស្ត​វិជ្ជមាន​កូ​វីដ​-១៩ រីឯ​អ្នកដំណើរ​៧៧​នាក់​ទៀត​បន្តធ្វើ​ច​ត្តា​ឡី​ស័ក​។​
 
​ស្ត្រីជន​ជន​ចិន​អាយុ​២២​ឆ្នាំ អាសយដ្ឋាន​នៅ​បឹងកក់​២ ខណ្ឌទួលគោក មកដល់​កម្ពុជា​នៅ​ថ្ងៃទី​៦ ខែកុម្ភៈ ដោយ​តេស្ត​លើក​ទី​២​ឃើញ​វិជ្ជមាន រីឯ​ស្ត្រីជន​ជាតិចិន​អាយុ​៣០​ឆ្នាំ អាសយដ្ឋាន​នៅ​ខណ្ឌចម្ការមន ធ្វើដំណើរ​ពី​អារ៉ាប់​ប៊ី​សា​អូឌីត បន្ត​ជើងហោះហើរ​នៅ​កូរ៉េខាងត្បូង ហើយ​មកដល់​កម្ពុជា​នៅ​ថ្ងៃទី​៧ ខែកុម្ភៈ ដោយ​វត្ថុ​សំណាក​លើក​ទី​៣ មាន​វិជ្ជមាន​កូ​វីដ​-១៩​។ អ្នក​ដែល​រួម​ដំណើរ​ជាមួយ​ពួកគាត់​បន្តធ្វើ​ច​ត្តា​ឡី​ស័ក​។​
 
​រីឯ​ករណី​ស្ត្រី​ជនជាតិ​អាយុ​២៧​ឆ្នាំ អាសយដ្ឋាន​នៅ​សណ្ឋាគារ​មួយ​ក្នុង​រាជធានី​ភ្នំពេញ ជា​ករណី​ដែល​វែក​រកឃើញ​ការឆ្លង​សហគមន៍​ដែល​សម្តេច ហ៊ុន សែន ប្រសិទ្ធ​នាម​ថា «​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​»​។ ស្ត្រី​រូបនេះ មានបំណង​ធ្វើដំណើរ​ទៅ​ចិន​វិញ ហើយ​បាន​ទៅសុំ​វិញ្ញាបនបត្រ​បញ្ជាក់​សុខភាព​កាលពី​ថ្ងៃទី​១៨ ខែកុម្ភៈ​។ វត្ថុ​សំណាក​បង្ហាញថា គាត់​វិជ្ជមាន​កូ​វីដ​-១៩​។​
 
​ក្រោយ​ករណីនេះ ក្រុមការងារ​ឆ្លើយតប​បន្ទាន់​របស់​ក្រសួងសុខាភិបាល បាន​ស្រាវជ្រាវ​រក​អ្នក​ប៉ះពាល់​ជាមួយ​ស្ត្រី​ខាងលើ ហើយ​រកឃើញ​អ្នកជំងឺ​២៤​នាក់​បន្ថែម ដែល​មួយចំនួន​ជា​អ្នកធ្វើការ​នៅ​ក្លិប​កម្សាន្ត​មួយកន្លែង​ក្នុង​រាជធានី​ភ្នំពេញ​។ បើតាម​ការបញ្ជាក់​យ៉ាងច្បាស់​ពី​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្លិប​នោះ មាន​ឈ្មោះថា ក្លិប N8 ក្បែរ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​។​
 
​អ្នកជំងឺ​ទាំង​២៤​នាក់​នោះ មាន​ចិន​ចំនួន​២៣​នាក់ ដោយ​ភាគច្រើន​ជា​បុរស និង​ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់​។ អ្នក​ទាំងនោះ នៅ​រប៉ាត់រប៉ាយ មិន​នៅ​ជុំគ្នា​នោះឡើយ​។ បើតាម​ក្រសួងសុខាភិបាល ក្រុមការងារ​កំពុងតែ​សម្រួល​ប្រមូលយក​អ្នកជំងឺ​ទាំងនោះ​ទៅ​ដាក់​នៅ​មន្ទីរពេទ្យ​ដែល​ក្រសួង​គ្រោងទុក​។​
 
​តាម​របាយការណ៍ ជនជាតិ​ចិន​៣​នាក់​ទៀត (​ស្រី​២​នាក់​) ក៏បាន​តេស្ត​វិជ្ជមាន​ផងដែរ បន្ទាប់ពី​ពួកគាត់​បាន​ទៅសុំ​វិញ្ញាបនបត្រ​បញ្ជាក់​សុខភាព​កាលពី​ថ្ងៃទី​១៩ ខែកុម្ភៈ ក្នុង​គោលបំណង​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ចិន​វិញ​។ 
 
​ដូចគ្នា​ផង​ដែរ ស្ត្រី​ជនជាតិ​ស៊ី​លី វ័យ​៣០​ឆ្នាំ​ម្នាក់ មាន​គោលបំណង​ធ្វើដំណើរ​ទៅ​ប្រទេស​ឡាវ​។ គាត់​បាន​សុំ​វិញ្ញាបនបត្រ​បញ្ជាក់​សុខភាព​កាលពី​ថ្ងៃទី​១៩ ខែកុម្ភៈ ដូចគ្នា ហើយ​ក៏បាន​តេស្ត​ឃើញ​វិជ្ជមាន​កូ​វីដ​-១៩​។​
 
​មកដល់ពេលនេះ ក្រសួងសុខាភិបាល មិនបាន​បញ្ជាក់​ច្បាស់​នោះឡើយ​ទាក់ទង​នឹង​ចំនួន​ករណី​ដែល​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​២០​កុម្ភៈ ប៉ុន្តែ​អ្នកស្រី ឱ វណ្ណឌី​ន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ យ៉ាងខ្លី​ថា ក្រសួង​កំពុង​រៀបចំ​ព័ត៌មាន​លម្អិត​។​
 
​គិត​ត្រឹម​របាយការណ៍​នៅ​ថ្ងៃ​សៅរ៍​នេះ អ្នក​ឆ្លង​កូ​វីដ​-១៩​នៅ​កម្ពុជា​ឡើងដល់​៥១៦​នាក់ ក្នុងនោះ ៤៧០​នាក់​បានជា​សះស្បើយ រីឯ​៤៦​នាក់​ទៀត​បន្ត​សម្រាក​ព្យាបាល​។ ពលករ​មកពី​ថៃ​នៅសល់តែ​២​នាក់​ទៀត​ប៉ុណ្ណោះ​ក្នុងចំណោម​៨៩​ករណី​។ រីឯ​អ្នកជំងឺ​ដែល​តេស្ត​ឃើញ​នៅ​ភ្នំពេញ ត្រូវបាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មជ្ឈមណ្ឌល​ជាតិ​កំចាត់​រោគរបេង និង​ហង់​សិន មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត និង​មណ្ឌល​សុខភាព​ចាក់អង្រែ​៕ 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com