COVID-19
ជាតិ
សម្តេច ហ៊ុន សែន មិន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ធ្វើដំណើរ​ទៅ​ថៃ វៀតណាម ឡាវ ឡើយ​ក្នុង​បរិបទ​កូ​វីដ​-១៩
20, Feb 2021 , 10:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ សម្ដេច ហ៊ុន សែន ក្នុង​ពិធី​ថ្លែងការណ៍​ពិសេស​ទាក់ទង​នឹង ព្រឹត្តិការណ៍​២០​កុម្ភៈ បាន​បញ្ជា​មិនឱ្យ ប្រជាពលរដ្ឋ​ខ្មែរ ធ្វើដំណើរ​ពី​កម្ពុជា ទៅកាន់ ប្រទេស​ថៃ វៀតណាម ឡាវ ទោះបីជា​ការធ្វើដំណើរ​នោះ​ស្របច្បាប់​ក្ដី​។ កងកម្លាំង​នៅតាម​ព្រំដែន ទាំងអស់​ត្រូវ បិទ​ច្រកចេញ មិនត្រូវ​អនុញ្ញាត​ឱ្យមាន​ការឆ្លង​ដែន​ពី​កម្ពុជា​ទៅ​ប្រទេស​ទាំងបី​នេះ​ទេ​។

 
​ថ្លែង​ចេញពី​គេហដ្ឋាន​នៅ​ទីក្រុង​តាខ្មៅ ខេត្តកណ្តាល នា​ព្រឹក​ថ្ងៃទី​២០​ខែកុម្ភៈ សម្តេច​ហ៊ុន សែន  បាន​បញ្ជា​ឱ្យ បិទ​ការ​ឆ្លងដែន​ពី​កម្ពុជា ទៅ​ប្រទេស ថៃ ឡាវ និង​វៀតណាម ប៉ុន្តែ​ករណី​មាន​ប្រជាពលរដ្ឋ​ខ្មែរ ឆ្លងដែន​ពី​ប្រទេស​ទាំង​៣ នេះ​មក​កម្ពុជា គឺ​អនុញ្ញាត​ឱ្យចូល​ក្នុងប្រទេស ប៉ុន្តែ​ត្រូវ​ឆ្លងកាត់​ការធ្វើ​ច​ត្តា​ឡី​ស័ក​។ 


 ច្រកអន្តរជាតិខ្មែរថៃ នៅប៉ោយប៉ែត។ រូបថត AFP

​សម្ដេច នាយករដ្ឋមន្ត្រី បាន​សង្កត់ធ្ងន់​យ៉ាង​ដូច្នេះ​ថា​៖ « ឥឡូវ​ហាម​អត់ឱ្យ​ចូលទៅក្នុង​ប្រទេស​ថៃ​ទេ ខ្ញុំ​បានបញ្ជាក់​ពី​ដើម ស្របច្បាប់​ក៏ដោយ មិន​ស្របច្បាប់​ក៏ដោយ គឺ​អត់​ឱ្យទៅ​ទេ ព្រោះ​ខាង​ថៃ​គេ​កំពុងតែ​គ្រប់គ្រង នៅតាម​ព្រំដែន​កុំឱ្យ​មាន​អ្នក​ចូលក្នុង​ប្រទេស​ថៃ​។ ឯ​ចំពោះ​អ្នក​ត្រឡប់មកវិញ យើង​មិន​ទទួល​ពលរដ្ឋ​យើង​មិនបាន ព្រោះ​ពលរដ្ឋ​យើង​ធ្វើដំណើរ​ត្រឡប់​មកវិញហើយ យើង​ត្រូវតែ​ទទួល តែ​យើង​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក ប៉ុន្តែ​អ្នក​ដែល​ចង់​ឆ្លងដែន​ពី​កម្ពុជា ទៅ​ថៃ​,  ពី​កម្ពុជា​ទៅ វៀតណាម​, ពី កម្ពុជា ទៅ​ឡាវ យើង​មិន​អនុញ្ញាត​ឱ្យទៅ​ទេ​។ អ៊ីចឹង​កងកម្លាំង ការពារ​ព្រំដែន​ទាំងអស់​ត្រូវ បិទ​អត់​មាន​ឱ្យចេញ​ទេ​»​។ 
 
​សូម​ជម្រាប​ផងដែរ​ថា នៅថ្ងៃនេះ ក្រសួងសុខាភិបាល​បានប្រកាស​ពី​ករណី​ថ្មី​ចំនួន​៣២​ករណី ដោយ​ភាគច្រើន​ជាប់​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​២០​កុម្ភៈ ដែលនាំឱ្យ​ករណី​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ក្នុងប្រទេស​កម្ពុជា កើន​ដល់ ៥១៦​នាក់ និង​មាន​អ្នកជា​សះស្បើយ​ចំនួន ៤៧០​នាក់​៕ 
 

Tag:
 ThmeyThmey
© រក្សាសិទ្ធិដោយ thmeythmey.com