អន្តរជាតិ
លោក វ៉ាង យី៖ ចិន និងអាមេរិកត្រូវធ្វើការជាមួយគ្នាដើម្បីជួសជុលទំនាក់ទំនងដែលបែកបាក់
22, Feb 2021 , 12:59 pm        
រូបភាព
រដ្ឋមន្ត្រីការបរទេសចិន វ៉ាង យី ក្នុងកិច្ចសម្ភាសមួយ។ រូបថត Xinhua
រដ្ឋមន្ត្រីការបរទេសចិន វ៉ាង យី ក្នុងកិច្ចសម្ភាសមួយ។ រូបថត Xinhua
ដោយ:
ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី ស្នើឱ្យរដ្ឋបាលអាមេរិករបស់លោកប្រធានាធិបតី ចូ បៃឌិន ធ្វើការជាមួយប៉េកាំងក្នុងការបើកឡើងវិញនូវការសន្ទនាដើម្បីស្រោចស្រង់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។ លោក វ៉ាង លើកឡើងថា ទំនាក់ទំនងទ្វេភាគីរងផលប៉ះពាល់ខ្លាំងក្រោមអាណត្តិ៤ឆ្នាំ របស់អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ។

 
ជាថ្មីម្ដងទៀត ចិន បន្តប្រាប់ឱ្យអាមេរិកចាប់ផ្ដើមកិច្ចសន្ទនាទ្វេភាគីឡើងវិញ ដើម្បីជួសជុលទំនាក់ទំនងដែលបែកបាក់បួនឆ្នាំមកនេះ។ ប្រមុខការបរទេសចិន វ៉ាង យី និយាយនៅថ្ងៃទី២១ ខែកុម្ភៈ ថាសកម្មភាពរបស់អតីតរដ្ឋបាលលោក ដូណាល់ ត្រាំ ដែលបានគាបសង្កត់ និងរារាំងចិនលើឆាកអន្តរជាតិ បានបង្កើតផលប៉ះពាល់មួយដែលមិនអាចប៉ាន់ស្មានបាន។ 
 
ក្នុងន័យនេះ លោក វ៉ាង ក៏ទាមទារឱ្យអាមេរិកលុបចោលពន្ធលើទំនិញរបស់ចិន ក៏ដូចជាបញ្ឈប់ការគាបសង្កត់លើវិស័យបច្ចេកវិទ្យារបស់ចិនផងដែរ។ ថ្លែងទៅកាន់វេទិកាមួយនៅទីក្រុងប៉េកាំង លោក វ៉ាង ក៏និយាយដល់បញ្ហាផ្ទៃក្នុងរបស់ចិន  ដោយលោកទទូចឱ្យអាមេរិកគោរពប្រយោជន៍ស្នូលរបស់ចិន ឈប់ជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុង និងឈប់ពាក់ព័ន្ធជាមួយកោះតៃវ៉ាន់ដែលព្យាយាមផ្តាច់ខ្លួនពីចិននិងប្រកាសឯករាជ្យ។
 
«ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ អាមេរិកផ្តាច់ទំនាក់ទំនងទ្វេភាគីគ្រប់កម្រិតជាមួយចិន»។ នេះជាសុន្ទរកថារបស់លោក វ៉ាង មុនអះអាងថា ចិនត្រៀមខ្លួនរួចជាស្រេចក្នុងការប្រាស្រ័យទាក់ទងជាមួយអាមេរិក និងព្យាយាមដោះស្រាយបញ្ហាទាំងឡាយ។ 
 
សូមបញ្ជាក់ថា ប្រធានាធិបតិចិន ស៊ី ជិនភីង និងលោក បៃឌិន បានជួបជជែកគ្នាតាមរយៈទូរសព្ទនៅថ្ងៃទី១១ ខែកុម្ភៈ ដោយភាគីទាំងពីរសុទ្ធតែបង្ហាញក្ដីបារម្ភទៅវិញទៅមក។ ចំពោះការសន្ទនានេះ លោក វ៉ាង ចាត់ទុកជាជំហានវិជ្ជមានមួយ។
 
ការលើកឡើងរបស់លោកវ៉ាង នៅថ្ងៃទី២២ ខែកុម្ភៈ ធ្វើឡើងក្នុងបិរបទមួយដែលទំនាក់ទំនងអាមេរិក និងចិនដុនដាបខ្លាំងមិនធ្លាប់មាន។ វ៉ាស៊ីនតោន និងប៉េកាំងប៉ះទង្គិចគ្នាលើបញ្ហាជាច្រើនដូចជាពាណិជ្ជកម្ម ការចោទប្រកាន់រឿងរំលោភសិទ្ធិជនជាតិភាគតិចវីហ្គ័រនៅតំបន់ស៊ីនជាំង បញ្ហាហុងកុង និងជម្លោះគ្រប់គ្រងសមុទ្រចិនភាគខាងត្បូង។
 
កន្លងទៅ រដ្ឋបាលលោកបៃឌិន បានបង្ហើបថា នឹងបន្តដាក់សម្ពាធលើចិន ក៏ដូចជាសសើរគោលនយោបាយរបស់លោក ត្រាំ ទៅលើចិនផងដែរ។ ជាក់ស្តែង លោកបៃឌិនបានបង្ហាញក្តីបារម្ភចំពោះការធ្វើពាណិជ្ជកម្មបែបគំរាម និងមិនស្មើភាពរបស់ចិន។ ហេតុនេះហើយដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោកស្រីJanet Yellen បញ្ជាក់ពីការអនុវត្តគោលនយោបាយពាណិជ្ជកម្មដាក់ពន្ធលើទំនិញចិន ដែលដាក់ចេញដោយអតីតប្រធានាធិបតី ដូណាល់ ត្រាំ មួយរយៈទៀតសិន។
 
នៅថ្ងៃជាមួយគ្នានេះដែរ លោក Cui Tiankai ឯកអគ្គរដ្ឋទូតចិនប្រចាំអាមេរិក និយាយថា ប្រទេសទាំងពីរចាំបាច់ត្រូវកំណត់ឱ្យបានច្បាស់ពីដែនកំណត់នៃគោលនយោបាយការបរទេសរៀងៗខ្លួន និងយល់ពីគោលបំណងយុទ្ធសាស្ត្ររបស់គ្នាទៅវិញទៅមក។ អ្នកការទូតចិននិយាយ បញ្ហាតៃវ៉ាន់ ស៊ីជាំង និងទីបេសុទ្ធសឹងតែជាបន្ទាត់ក្រហមសម្រាប់ចិន ដែលអាមេរិកមិនត្រូវឆ្លងកាត់ជាដាច់ខាត៕
 

Tag:
 ចិន
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com