អន្តរជាតិ
លោក ត្រាំ ស្នើលោក គីម ឱ្យជិះ Air Force One ទៅកូរ៉េខាងជើងវិញក្រោយជំនួបឆ្នាំ២០១៩
× អតីតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ធ្លាប់បានស្នើជូនមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ទៅកូរ៉េខាងជើងវិញតាមយន្តហោះប្រធានាធិបតី Air Force One ក្រោយបញ្ចប់ជំនួបស្តីពីបញ្ហានុយក្លេអ៊ែរនៅទីក្រុងហាណូយ ក្នុងឆ្នាំ២០១៩។ គ្រានោះ លោក ត្រាំ ធ្វើដំណើរតាមយន្តហោះ ចំណែកលោកគីមធ្វើដំណើរតាមរថភ្លើងជាច្រើនថ្ងៃពីកូរ៉េខាងជើងកាតចិនទៅទីក្រុងហាណូយសម្រាប់ជំនួបលើកទីពីរ។
យោងតាមឯកសារដែលមានចំណងជើង «Trump Takes on the World» របស់សារព័ត៌មានអង់គ្លេស BBC ការស្នើជូនលោកគីម ជុងអ៊ុន ទៅកូរ៉េខាងជើងវិញពីសំណាក់មេដឹកនាំអាមេរិក ដូណាល់ ទ្រាំ ធ្វើឱ្យអ្នកការទូតអាជីពគ្រប់រូបភ្ញាក់ផ្អើលក្រៃលែង។ ប៉ុន្តែលោក គីម បានបដិសេធសំណើលោក ត្រាំ ភ្លាមៗផងដែរ។ លោក ត្រាំ និងលោក គីម បានជួបគ្នាជាលើកទីពីរ នៅទីក្រុងហាណូយក្នុងឆ្នាំ២០១៩ ដើម្បីជជែកពីការរំសាយអាវុធនុយក្លេអ៊ែរ និងការលើកលែងទណ្ឌកម្មសេដ្ឋកិច្ច។
បើកាលនោះ លោក គីម ព្រមតាមការអញ្ជើញរបស់លោកត្រាំមែន នោះថ្នាក់ដឹកនាំកូរ៉េខាងជើង និងគណៈប្រតិភូប្រទេសនេះ នឹងត្រូវធ្វើដំណើរក្នុងយន្តហោះផ្លូវការរបស់ប្រធានាធិបតីអាមេរិកមិនខាន។ យន្តហោះ Air Force One នឹងត្រូវហោះចូលដែនអាកាសកូរ៉េខាងជើងទៀតផង ដែលនឹងបង្កើតជាបញ្ហាប្រឈមផ្នែកសន្តិសុខជាច្រើន។
លោក Matthew Pottinger អ្នកជំនាញសន្តិសុខតំបន់អាស៊ី នៃក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិកក្រោមការដឹកនាំរបស់លោក ត្រាំ ជាអ្នកប្រាប់ពីហេតុការណ៍នេះទៅសារព័ត៌មាន BBC ។ បើរាមលោក Pottinger លោក ត្រាំ និយាយថា លោកអាចជូនលោក គីម ទៅកូរ៉េខាងជើងវិញត្រឹមតែរយៈពេល២ម៉ោងប៉ុណ្ណោះ ដោយសារលោកដឹងថា លោក គីម បានចំណាយពេលធ្វើដំណើរជាច្រើនថ្ងៃពីចិន មកវៀតណាមដើម្បីជួបប្រជុំជាមួយលោក។
ក្នុងជំនួបលើកទីមួយ នៅសិង្ហបុរី នាឆ្នាំ២០១៨ លោក គីម ធ្វើដំណើរតាមរយៈយន្តហោះរបស់ចិន។ អំឡុងជំនួបនោះ លោក ត្រាំ ក៏បានបង្ហាញមេដឹកនាំកូរ៉េខាងជើងពីរថយន្តប្រធានាធិបតី The Beast ដែលមានតម្លៃ១,៥លានដុល្លារផងដែរ។
យ៉ាងណាក្តី ភាពផ្អែមល្ហែមរវាងលោក គីម និងលោក ត្រាំ ត្រូវបានបញ្ចប់នៅឆ្នាំ២០១៩ ក្រោយជំនួបបរាជ័យ។ ភាគីទាំងពីរប្តេជ្ញាធ្វើការរួមគ្នាក្នុងការរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ។ យ៉ាងណាក្តី ការប្តេជ្ញានេះពុំបានលទ្ធផលអ្វី ព្រោះជំនួបជាបន្តបន្ទាប់នៃក្រុមការងារប្រទេសទាំងក៏បរាជ័យផងដែរ ដោយអាមេរិកច្រានចោលការទាមទាររបស់កូរ៉េខាងជើងក្នុងការដកទណ្ឌកម្មសេដ្ឋកិច្ចជាមុន ជាថ្នូរទៅនឹងការរំសាយនុយក្លេអ៊ែរ។
នៅក្នុងសុន្ទរកថាសមាជបក្សពលករលើកទី៨ កាលពីខែមករា ឆ្នាំ២០២១ លោក គីម នៅតែចាត់ទុកអាមេរិកជាសត្រូវដ៏ធំបំផុតរបស់កូរ៉េខាងជើង។ លោកអះអាងថា អ្នកណាកាន់តំណែងជាប្រធានាធិបតីអាមេរិក មិនសំខាន់ឡើយ ដោយសារតែគោលនយោបាយចម្បងរបស់ប្រទេសនេះ នឹងមិនផ្លាស់ប្តូរឡើយ។ មេដឹកនាំកូរ៉េខាងជើងសន្យាថា នឹងពង្រីកទំនាក់ទំនងជាមួយប្រទេសដែលមានជំហរឯករាជ្យ និងប្រឆាំងលទ្ធិចក្រពត្តិនិយម ក៏ដូចជាបង្កើនសមត្ថភាព និងចំនួនអាវុធនុយក្លេអែរផងដែរ៕
Tag:
ដូណាល់ ត្រាំ
គីម ជុងអ៊ុន
© រក្សាសិទ្ធិដោយ thmeythmey.com