អន្តរជាតិ
លោក បៃឌិន ថា អាមេរិកគ្មានមិត្តជិតស្និទ្ធឯណាជាងកាណាដាឡើយ ប្រធានាធិបតីអាមេរិក ចូ បៃឌិន នាជំនួបអនឡាញជាមួយនាយករដ្ឋមន្ត្រីកាណាដា ចាស្ទីន ទ្រូដូ ។ រូបថត AFP
× ប្រធានាធិបតីអាមេរិក ចូ បៃឌិន នៅថ្ងៃទី២៣ ខែកុម្ភៈ ប្រកាសចាត់ទុកកាណាដាជាមិត្តជិតស្និទ្ធរបស់អាមេរិក។ លោក បៃឌិន ប្រកាសបែបនេះក្នុងកិច្ចប្រជុំទ្វេភាគីលើកទីមួយជាមួយនាយករដ្ឋមន្ត្រីកាណាដា ចាស្ទីន ទ្រូដូ នៅថ្ងៃទី២៣ ខែកុម្ភៈ។ ចំណែកនាយករដ្ឋមន្ត្រីកាណាដានិយាយថា មិត្តភាពរវាងអាមេរិក និងកាណាដា ជាមិត្តភាពពិសេស។
កិច្ចប្រជុំលើកទីមួយរវាងប្រមុខរដ្ឋាភិបាលអាមេរិក និងកាណាដា ធ្វើឡើងនៅថ្ងៃទី២៣ ខែកុម្ភៈ ដោយផ្តោតទៅលើការពង្រឹងទំនាក់ទំនង និងការធ្វើការរួមគ្នាដើម្បីខ្ទប់ឥទ្ធិពលរបស់ចិន ក៏ដូចជាការដោះស្រាយបម្រែបម្រួលអាកាសធាតុ។
ក្រោយពិភាក្សាគ្នាអស់រយៈពេលជាង២ម៉ោង ថ្នាក់ដឹកនាំប្រទេសទាំងពីរបង្ហាញផែនទីចង្អុលផ្លូវស្តីពីភាពជាដៃគូអាមេរិក-កាណាដា ដែលបង្ហាញយ៉ាងលម្អិតពីផែនការធ្វើការរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បម្រែបម្រួលអាកាសធាតុ ពង្រឹងការការពារជាតិនិងសម្ពន្ធភាព និងសម្រេចឱ្យបានគោលដៅអព្យាក្រឹត្យកាបូននៅឆ្នាំ២០៥០។ អាមេរិក និងកាណាដា ក៏បង្ហាញពីបំណងក្នុងការពង្រឹងឡើងវិញសាមគ្គីភាពរវាងប្រទេសនៅតំបន់អាមេរិកខាងជើងផងដែរ។
»អាមេរិកគ្មានមិត្តជិតស្និទ្ធឯណាជាងកាណាដាឡើយ»។ នេះជាការថ្លែងរបស់លោក បៃឌិន នាជំនួបតាមអនឡាញ។ នាយករដ្ឋមន្ត្រីកាណាដា ជាមេដឹកនាំប្រទេសទីមួយដែលលោក បៃឌិន ជួបពិភាក្សា។ លោក ទ្រូដូ ក៏ជាមេដឹកនាំបរទេសទីមួយដែលលោក បៃឌិន ជួបជជែកទូរសព្ទនៅពេលឈ្នះឆ្នោតជាប្រធានាធិបតីដែរ។
អំឡុងកិច្ចប្រជុំ នាយករដ្ឋមន្ត្រីកាណាដានិយាយថា ភាពជាអ្នកដឹកនាំរបស់អាមេរិកបានបាត់បង់ពីឆាកអន្តរជាតិក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។ លោក ទ្រូដូ ក៏បានអរគុណអាមេរិកចំពោះការគាំទ្រឱ្យដោះលែងបុរសកាណាដាពីរនាក់ដែលត្រូវចិនចាប់ខ្លួននៅឆ្នាំ២០១៨ មានលោក Michael Spavor និង Michael Kovrig ។ កាណាដា ចាត់ទុកការចាប់ខ្លួននេះជាការទូតចំណាប់ខ្មាំង។ ចំពោះរឿងនេះលោកបៃឌិនសង្កត់ធ្ងន់ថា មនុស្សពុំមែនជាវត្ថុត្រូវដោះដូរឡើយ។
យោងតាមសេចក្តីថ្លែងការណ៍របស់សេតវិមានក្រោយកិច្ចប្រជុំ អាមេរិក កាណាដា រួមទាំងម៉ិកស៊ិកផង នឹងបើកកិច្ចប្រជុំកំពូលអាមេរិកខាងជើង ដើម្បីពង្រឹងសាមគ្គីភាព ក៏ដូចជាការបន្តឈានទៅមុខចក្ខុវិស័យរួមស្តីពីវិបុលភាព ភាពចម្រុះ សមធម៌ និងយុត្តិធម៌ដល់ពលរដ្ឋគ្រប់រូប។
ជាទូទៅកិច្ចប្រជុំទ្វេភាគីរវាងអាមេរិក និងប្រទេសផ្សេងទៀតគឺជាការបង្ហាញពីគោលនយោបាយការទូតរបស់អាមេរិក និងប្រទេសទាំងនោះ ហើយក៏ជាឱកាសដែលប្រទេសទីបីឃ្លាំមើលយ៉ាងដិតដល់ផងដែរ ថាប្រទេសនោះបានអ្វីពីអាមេរិកវិញ។ ជាក់ស្តែង កាណាដាចង់ឱ្យអាមេរិកលើកលែងករណីមួយចំនួនទាក់ទងនឹងការទិញទំនិញ តាមរយៈការបើកឱ្យទំនិញកាណាដាអាចលក់នៅអាមេរិកច្រើនជាងមុន។ លោក បៃឌិន ពុំទាន់បានលុបចោលគោលនយោបាយពាណិជ្ជកម្មរបស់អាមេរិកនេះ ទៅលើកាណាដាឡើយ។ បន្ថែមពីនេះ កាណាដាក៏រំពឹងទទួលបានវ៉ាក់សាំង Pfizer/BioNTech ដែលផលិតនៅអាមេរិក ដែរ ខណៈវ៉ាក់សាំងដែលកាណាដាប្រើប្រាស់សព្វថ្ងៃផលិត និងនាំចូលពីអឺរ៉ុប៕
© រក្សាសិទ្ធិដោយ thmeythmey.com