អន្តរជាតិ
ថៃ​គ្រោង​បើក​ព្រំដែន​ទទួល​អ្នកដំណើរ​ដែល​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩​រួច និង​ត្រៀម​ទទួល​ទេសចរ​ត្រីមាស​ទី​៣
26, Feb 2021 , 8:29 am        
រូបភាព
​​អាជ្ញាធរ​ថៃ​បានរៀបចំ​គម្រោង​បន្ធូរបន្ថយ​ការ​រឹតបន្តឹង​សម្រាប់​អ្នកធ្វើដំណើរ​ដែល​ទទួល​បាន​ការចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩​រួច​នៅពេល​ឆាប់ៗ​។ រដ្ឋ​អាស៊ីអាគ្នេយ៍​នេះ​ក៏​សំឡេង​រក​វិធី​ស្តារ​វិស័យ​ទេសចរណ៍​ឱ្យមាន​សកម្ម​ភាពល្អ​ឡើងវិញ បន្ទាប់ពី​បិទ​អស់​រយៈពេល​ជា​យូរ​ដែរ​។


​រដ្ឋាភិបាល​ថៃ​កំពុង​រៀបការ​បន្ធូរបន្ថយ​វិធាន​រឹតបន្តឹង​ការពារ​មេរោគ​កូ​វីដ​-១៩ ដោយ​ត្រៀម​ឲ្យ ភ្ញៀវទេសចរ​ដែល​ត្រូវ​បានទទួល​វ៉ាក់សាំង​ការពារ​ជំងឺ​នេះ​រួច អាច​ទទួលបាន​ការធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​ខ្លី ឬក៏​លើកលែង​ការធ្វើ​ច​ត្តា​ឡី​ស័ក​តែម្តង​។ នេះ​បើតាម​ប្រធាន​អាជ្ញាធរ​ទេសចរណ៍​ថៃ (TAT) លោក Yuthasak Supasorn​។​
 
«​យើង​ត្រូវតែ​ចាត់វិធានការ​ឱ្យបាន​ឆាប់រហ័ស​ព្រោះ​យើង​ចង់​ចាប់ផ្តើម​ស្វាគមន៍​ភ្ញៀវទេសចរ​នៅ​ត្រីមាស​ទី​បី​»​។ លោក Yuthasak Supasorn បាន​បន្ថែម​ដូចនេះ​។ ស្របគ្នា​នេះដែរ អាជ្ញាធរ​ទេសចរណ៍​ថៃ​ក៏បាន​គ្រោង​ឱ្យ​ចាប់ផ្តើម​បើក​លក់​កញ្ចប់​សេវាកម្ម​ទេសចរណ៍​ឡើងវិញ​បន្ទាប់ពី​ខែមេសា​នេះដែរ​។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។​
 
​ដោយឡែក រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ Phiphat Ratchakitprakarn បាន​ប្រាប់​ទូរទស្សន៍​ជាតិ​ថៃ​ថា ថៃ​រំពឹងថា​នឹង​ទទួល​ភ្ញៀវទេសចរ​ប្រមាណ ៥​លាន​នាក់ ហើយ​សម្រាប់​ឆ្នាំក្រោយ​ចំនួន​អ្នកទេសចរ​នេះ​អាច​នឹង​កើន​ដល់ ១៥​លាន​នាក់ បន្ទាប់ពី​វ៉ាក់សាំង​ត្រូវបាន​ចាក់​រួចរាល់​សម្រាប់​មនុ​ស្សភាគ​ច្រើន​។​
 
​ស្របពេល​នោះដែរ ក្រសួងទេសចរណ៍​ក៏បាន​ស្នើសុំ​វ៉ាក់សាំង​កូ​វីដ​-១៩ ចំនួន ១០ ម៉ឺន​ដូ​ស សំរាប់​បុគ្គលិក​ក្នុង​វិស័យ​ទេសចរណ៍​នៅ​ខេត្ត​ដែល​ពេញនិយម​សម្រាប់​ទេសចរ​បរទេស​ដូចជា ឆុន​បូរី​, ក្រា​ប៊ី​, ផាង​ង៉ា​, ឈៀង​ម៉ៃ និង​ភូ​កេ​ត​។ 
 
​កាលពី​ឆ្នាំ ២០១៩ ប្រទេស​ថៃ​ទទួលបាន​ភ្ញៀវទេសចរ​បរទេស​ប្រមាណ ៤០ លាន​នាក់ ដែល​បាន​ចំណាយ​ថវិកា​ចំនួន ១,៩១ លាន​លាន​បាត ស្មើនឹង ៦៣,៦០ ពាន់​លាន​ដុល្លារ​អាមេរិក​។ 
​ដោយ​ប្រៀបធៀប​ទៅនឹង​ពេលដែល​ថៃ​បានកំណត់ ការ​រឹតបន្តឹង​លើ​ការធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ និង​ភ្ញៀវទេសចរ​នា​ឆ្នាំ​២០២០ គេ​ឃើញ​មាន​ចំនួន​ភ្ញៀវ​ត្រឹមតែ ៦,៧ លាន​នាក់ និង​ទទួលបាន​ចំណូល ៣៣២ ពាន់​លាន​បាត​ប៉ុណ្ណោះ​។​
 
​គួរ​បញ្ជាក់ថា ថៃ​បានទទួល​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ចំនួន ២០​ម៉ឺន​ដូ​ស ជា​លើកដំបូង​ពី​ក្រុមហ៊ុន Sinovac របស់​ចិន​នៅ​ថ្ងៃទី​២៤ ខែកុម្ភៈ ហើយនឹង​អាច​បន្ត​ទទួលបាន ៨០​ម៉ឺន​ដូ​ស នៅ​ខែមីនា និង បន្ទាប់មក​១​លាន​ដូ​ស ទៀត នៅ​ខែមេសា​៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com