ជាតិ
«បន្ទាយជ័យ៨០២» លើកកម្ពស់សិល្បៈបាញ់ធ្នូបុរាណនៅលើទឹកដីអង្គរ បើកទីតាំងបាញ់ធ្នូ ដើម្បីលើកស្ទួយវប្បធម៌ជាតិ
27, Feb 2021 , 9:59 am        
រូបភាព
ទីតាំងបាញ់ធ្នូ «បន្ទាយជ័យ៨០២» ជារមណីយដ្ឋានមានទម្រង់ជាបន្ទាយទ័ពបុរាណ ស្ថិតក្នុងភូមិស្ទឹង ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ លោក សា ឌីណា ស្ថាបនិកបន្ទាយជ័យ៨០២ បានប្រាប់សារព័ត៌មាន Thmeythmey25 ថា លោកបង្កើតទីតាំងបែបបុរាណនេះឡើង ក្នុងបំណងលើកស្ទួយវប្បធម៌ សម្បត្តិបេតិកភណ្ឌជាតិ តាមរយៈសិល្បៈបាញ់ធ្នូបុរាណខ្មែរលើទឹកដីអង្គរ។



«បន្ទាយជ័យ៨០២» ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៩ ពោលគឺដំណើរការបានជាង២ឆ្នាំហើយ គិតមកដល់បច្ចុប្បន្ន។ លោក សា ឌីណា ស្ថាបនិក «បន្ទាយជ័យ៨០២»  ពន្យល់ប្រាប់សារព័ត៌មាន Thmeythmey25 ថាមូលហេតុដែលលោក បង្កើត«បន្ទាយជ័យ៨០២» ព្រោះចង់លើកស្ទួយវប្បធម៌ សម្បត្តិបេតិកភណ្ឌជាតិ តាមរយៈធ្នូបុរាណខ្មែរ។ ស្ថាបនិកវ័យ៣៥ឆ្នាំរូបនេះ ក៏ចង់ជំរុញទេសចរណ៍តាមតំបន់ប្រវត្តិសាស្រ្ត បង្កើនចំណូលដល់ពលរដ្ឋក្នុងតំបន់ លើកកម្ពស់ផលិតក្នុងស្រុក ពិសេសជំរុញកីឡាបាញ់ធ្នូលើវិស័យបុរាណតែម្ដង។ មិនតែប៉ុណ្ណោះ លោក សា ឌីណា ក៏មានមហិច្ឆតាចងក្រងឯកសារ លើការអភិរក្ស ថែរក្សាកេរដំណែលជាតិផងដែរ។ 
 
 ជុំវិញការដាក់ឈ្មោះទីតាំងបាញ់ធ្នូដ៏មានប្រជាប្រិយភាពនេះវិញ ត្រូវបានស្ថាបនិករូបនេះ ពន្យល់ថា គឺធ្វើឡើងស្របទៅនឹងទីតាំងភូមិសាស្រ្ត ដែលជាអតីតរាជធានី ក្នុងសតវត្សរ៍ទី៩ ឈ្មោះថា ហរិហរល័យ នៃតំបន់រលួស ស្ថិតនៅប៉ែកខាងកើតបារាយណ៍ ឥន្រ្ទតាដាក។ ចំណែកឯ ពាក្យថា«ជ័យ៨០២» គឺដើម្បីរំឭកដល់គុណបំណាច់ របស់ព្រះបាទជ័យវរ្ម័នទី២ ដែលទ្រង់ប្រារព្ធលទ្ធិទេវរាជ លើភ្នំគូលែន ហើយប្រកាសឯករាជ្យនៅឆ្នាំ៨០២។ 


 
លោក សា ឌីណា រៀបរាប់ដូច្នេះ៖ «បន្ទាយជ័យ៨០២ ជារមណីយដ្ឋាន ដែលមានទម្រង់ជាបន្ទាយទ័ពបុរាណ។ ក្នុងបន្ទាយជ័យ៨០២ មានក្លឹបកីឡាបាញ់ធ្នូភូមិន្ទកម្ពុជា មានអាហារដ្ឋាន មានផ្ទះស្នាក់ និងទីតាំងសម្រាប់បោះតង់។ លើសពីនេះ បន្ទាយជ័យ៨០២ ក៏ផលិតធ្នូ រួមទាំងផ្គត់ផ្គង់សម្ភារធ្នូផងដែរ»។
 
ក្រៅពីស្ថាបនិកកន្លែងបាញ់ធ្នូ «បន្ទាយជ័យ៨០២» លោក ឌីណា ក៏ជាស្ថាបនិកក្រុមរៀបចំដំណើរកម្សាន្តក្នុងស្រុក Cambodia Amazing Trip Planner ដែរ។  តាមរយៈការបង្កើតកញ្ចប់ដំណើរកម្សាន្ត និងអភិរក្សតំបន់ប្រវត្តិសាស្ត្រ ស្ថាបនិកវ័យ៣៥ឆ្នាំរូបនេះ ក៏បានរួមចំណែកជំរុញការប្រើប្រាស់សេវាកម្មទេសចរណ៍ ដូចជាម្ហូបអាហារតាមតំបន់នានា បង្កើនការងារសហគមន៍ ក្នុងវិស័យទេសចរណ៍ឲ្យកាន់តែមានភាពរីកចម្រើន។ 
 
នៅឆ្នាំ២០១៩ លោក សា ឌីណា បានទទួលប័ណ្ណសរសើរពីក្រសួងបរិស្ថាន ជាប្រតិបត្តិករគំរូ ក្នុងវិស័យទេសចរណ៍ ដែលផ្ដោតទៅលើអេកូទេសចរណ៍ ដើម្បីចូលរួមលើកស្ទួយជីវភាព និងការអភិវឌ្ឍន៍ដោយចីរភាពនៃសហគមន៍ទេសចរណ៍កម្ពុជា។ 
 



«បន្ទាយជ័យ៨០២» ផ្ដល់សេវាកម្សាន្តដល់អតិថិជនយ៉ាងច្រើនដូចជា ការបាញ់ធ្នូ (ធ្នូសម័យ និងធ្នូបុរាណ) និងសម្ភារបាញ់ធ្នូជាច្រើនប្រភេទ, ម្ហូបអាហារបែបប្រពៃណី, កន្លែងបោះតង់ និងផ្ទះស្នាក់ជាដើម។ សម្រាប់លោកអ្នកដែលចាប់អារម្មណ៍ ទៅកម្សាន្តរមណីយដ្ឋាន«បន្ទាយជ័យ៨០២» អាចទំនាក់ទំនងតាមទូរសព្ទលេខ ០១២ ៩៥៥ ៦៤៤ និង ០៩៨ ៩៥៥ ៦៤៤៕




















 

Tag:
 បន្ទាយជ័យ៨០២
 បាញ់ធ្នូ
 សា ឌីណា
© រក្សាសិទ្ធិដោយ thmeythmey.com